មេដឹកនាំ​ម៉ាឡេស៊ី​ថ្មី​បង្ហាញ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ដែល​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ

  • Ron Corben

លោក Mahathir Mohamad ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ បន្ទាប់​ពី​ការ​បោះឆ្នោត​សកល​នៅ​ក្នុង​ក្រុង Petaling Jaya ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨។

រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី​មាន​ផែនការ​ត្រួត​ពិនិត្យ​មើល​​​គោល​នយោបាយ​សេដ្ឋកិច្ច​កាល​ពី​អតីតកាល​ធ្វើ​ឡើង​ក្រោម​រដ្ឋបាល​​អតីត​នាយករដ្ឋមន្ត្រី​ Najib Razak ​ដែល​បាន​ចាញ់​ការ​បោះឆ្នោត​នា​ពេល​ថ្មីៗ​នេះ។ ការណ៍​នេះ​ធ្វើ​ឲ្យ​អ្នក​វិភាគ​​ព្រមាន​ថា ​ការ​វិនិយោគ​ និង​កំណើន​សេដ្ឋកិច្ច​អាច​នឹង​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ដ៏​ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ។

ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​របស់​ម៉ាឡេស៊ី​បាន​តែង​តាំង​ក្រុម​ជន​លេច​ធ្លោ​មួយ​ក្រុមដើម្បី​រៀបចំ​របៀប​វារៈ​គោលនយោបាយ​ថ្មី​ក្នុង​រយៈ​ពេល​១០០​ថ្ងៃ។ ក្រុម​នេះ​និង​របៀបវារៈ​គោល​នយោបាយ​ថ្មី​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គម្រោង​វិនិយោគ​ធំៗ​ដែល​ជា​សសរ​ស្តម្ភ​ដ៏​សំខាន់​ក្នុង​កំណើន​សេដ្ឋកិច្ច​ជាតិ​និង​គម្រោង​ផ្សេងៗ​ទៀត។

រដ្ឋាភិបាល​ថ្មី​ក៏​បាន​បង្កើត​ក្រុម​ការងារពិសេស​មួយ​ដើម្បី​ពិនិត្យ​មើល​លើ​ការ​ចោទ​ប្រកាន់​អំពើ​ពុក​រលួយ​ទាក់​ទង​នឹង​ការ​កិប​កេញ​ប្រាក់​មូលនិធិ​នៅ​ក្នុង​មូល​និធិ​វិនិយោគ​របស់​រដ្ឋ ​ដែល​បង្កើត​ឡើង​ដោយ​លោក ​Najib។ រដ្ឋាភិបាល​ថ្មីនេះ​ក៏​បាន​បញ្ជាឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ការតំណាង​នយោបាយ​ទៅ​លើ​ក្រុមហ៊ុន​វិនិយោគ​ធំៗបំផុត​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ីរួម​ទាំង​មូលនិធិ​សោធននិវត្តន៍​និង​មូលនិធិ​វិនិយោគ​របស់​រដ្ឋ​សំខាន់ៗ​ផង​ដែរ។

អ្នក​ដឹកនាំ​ក្រុម​លេច​ធ្លោមួយ​នេះ​គឺ​លោក ​Daim Zainuddin​ អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ។ ក្រុម​នេះ​ក៏​រួម​បញ្ចូល​លោកស្រី ​Zeti Akhtar Aziz ​អតីត​អគ្គទេសាភិបាល​ធនាគារ​កណ្តាល​ អតីត​នាយក​ក្រុមហ៊ុន​ថាមពល​ដ៏​ធំ​មួយ​ឈ្មោះ ​Petronas​ សេដ្ឋវិទូ​ម្នាក់ និង​អ្នក​ជំនួញ​ល្បី​ឈ្មោះ​មួយ​រូប​ផង​ដែរ។

លោក ​Gareth Leather ​សេដ្ឋវិទូ​ជាន់​ខ្ពស់​ម្នាក់​ប្រចាំ​តំបន់​អាស៊ី​របស់ក្រុមហ៊ុន Capital Economics ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​សេដ្ឋកិច្ចនៅ​ក្នុង​ក្រុង​ឡុងដ៍​ បាន​និយាយ​ថា បញ្ហា​ចម្បង​គឺ​ថា​ តើ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ថ្មី​នេះ​នឹង​បន្ត​រួបរួម​គ្នា​ដើម្បី​បុព្វហេតុ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ដែរ​ឬ​យ៉ាង​ណា។

លោក ​Leather ​បាន​ប្រាប់ ​VOA ថា៖ «នៅ​ពេល​សម្ព័ន្ធ​នេះ​ត្រូវ​បាន​បង្កើត​ឡើង គឺ​វា​ត្រូវ​បាន​បង្កើត​ក្នុង​គោល​បំណង​ប្រឆាំង​ជាមួយ​នឹង​លោក Najib ជា​ជាង​ដើម្បី​គាំទ្រ​ការ​ធ្វើ​កំណែ​ទម្រង់។ ដូច្នេះ​ការ​ធ្វើ​តេស្ត​ជាក់​ស្តែង​ដំបូង​ដែល​ពួក​គេ​ត្រូវ​ធ្វើ​នោះ​គឺ​ត្រូវ​មើល​ថា​តើ​មាន​ការ​ស្រុះ​ស្រួល​គ្នា​គ្រប់​គ្រាន់​នៅ​ក្នុង​សម្ព័ន្ធ​ដើម្បី​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​សេដ្ឋកិច្ច​ដែរ​ឬ​យ៉ាង​ណា»។​

ការ​សន្យា​ដ៏​សំខាន់​មួយ​ក្នុង​ពេល​យុទ្ធនាការ​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​ Pakatan Harapan ឬ​ សម្ព័ន្ធ​នៃ​ក្តី​សង្ឃឹម​ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​Mahathir Mohamad​ គឺ​ត្រូវ​លុប​បំបាត់​ពន្ធ​តម្លៃ​បន្ថែម​លើ​ទំនិញ​និង​សេវាកម្ម​នានា។

ខណៈ​ដែល​ពន្ធ​លើ​ទំនិញ​និង​សេវាកម្ម ដែល​គេ​ស្គាល់​ជា​ភាសា​អង់គ្លេស​ថា​ GST មិន​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​បោះឆ្នោត​នោះ​ អ្នក​វិភាគ​បាន​និយាយ​ថា ប្រាក់​ចំណូល​ពី​ពន្ធ​នេះ​ជួយ​ឲ្យ​រដ្ឋាភិបាល​មានមូលដ្ឋាន​ពន្ធ​ចេញ​ពី​ការ​ពឹង​ផ្អែក​ហួស​ហេតុ​លើ​ពន្ធ​លើ​សាជីវកម្ម ​និង​ឧស្សា​ហកម្ម​ប្រេង​កាត។

ភ្លាមៗ​បន្ទាប់​ពី​មាន​ការ​បោះ​ឆ្នោតទីផ្សារ​ហិរញ្ញវត្ថុ​រង​ផល​ប៉ះពាល់​ខ្លាំង​ដោយ​សារ​តែ​ផែនការ​លុប​បំបាត់​ពន្ធ​ហើយ​មានការ​ចោទ​សួរ​ជាច្រើន​ទាក់​ទង​នឹង​ផល​ប៉ះ​ពាល់​នៃ​វិធានការ​នេះ​ទៅ​លើ​ថវិកា​ជាតិ។ ការ​រួម​ចំណែក​របស់​ពន្ធ​លើ​ទំនិញ​និង​សេវាកម្មបាន​កើនដល់​ប្រមាណ​១០ពាន់​លាន​ដុល្លារ។

ក្រុម​មន្ត្រី​នៃ​ក្រសួង​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ថា​ តើ​ពន្ធ​នេះ​នឹង​ត្រូវ​លុប​បំបាត់​ឬ​យ៉ាង​ណា​នោះ​ទេ។ ក្រុម​អ្នក​វិភាគ​បាន​ទស្សន៍​ទាយ​ថា ​នឹង​មាន​ឧបសគ្គ​ជាច្រើន​សម្រាប់​ផែនការ​នេះ។

លោក ​Leather បាន​ថ្លែង​ថា៖ «ការ​បង្កើន​ថវិកា​ឲ្យ​បាន​ច្រើន​ស្មើ​នឹង​ថវិកា​ទទួល​បានពី​ពន្ធ​លើ​ទំនិញ​និង​សេវាកម្ម​នៅ​ខណៈ​ពេល​ដែល​ពន្ធ​នេះ​ត្រូវ​លុប​បំបាត់​ចោល​នោះ គឺ​ជា​រឿង​ពិបាក​មួយ។ ខ្ញុំ​គិត​ថា ពួកគេ​មិន​អាច​បោះ​ជំហាន​ទៅ​មុខ​ហើយ​បង្កើត​គោល​នយោបាយ​ផ្ទុយ​ស្រឡះ​ និង​បន្ត​អនុវត្ត​វា​នោះ​បានទេ។ ដូច្នេះ​ វា​ពិត​ជា​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​គោលនយោបាយ​នេះ​ខ្លាំង​ណាស់»។

អ្នក​វិភាគ​និយាយ​ថា ទីផ្សារ​ហិរញ្ញវត្ថុ​ក៏​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ជំហាន​ថ្មីៗ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​ទៅ​លើ​លោក ​Najib ​ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ផ្ទេរ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ចេញ​ពី​មូលនិធិ ​1MDB។ លោក​បាន​បដិសេធ​យ៉ាង​ដាច់​អហង្កា​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ចោទ​ប្រកាន់​ថា ​ប្រាក់​ចំនួន​៤,៥ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ដក​ចេញ​ដោយ​ខុស​ច្បាប់​ ពី​មូលនិធិ 1MDB ដែល​មូល​និធិ​នេះ​ផ្តើម​បង្កើត​ឡើង​ដោយ​លោក Najib។​

យ៉ាង​ហោច​ណាស់​ប្រទេស​ចំនួន​៦ រួម​មាន​សហរដ្ឋ​អាមេរិក សិង្ហបុរី និង​ស្វ៊ីស​ កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​លើ​បញ្ហា​អំពើ​ពុករលួយ​នេះ។ រដ្ឋាភិបាល​ថ្មី​បាន​សន្យា​ថា ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ថ្មីៗ​ទៀត​ទៅ​លើ​ករណី​នេះ។ កាល​ពីពេល​ថ្មីៗ​នេះ​ អាជ្ញាធរ​អន្តោប្រវេសន៍​ម៉ាឡេស៊ី​បាន​បដិសេធ​មិន​ឲ្យ​លោក​ Najib និង​ក្រុម​គ្រួសារ​របស់​លោក​ ចាក​ចេញ​ពី​ប្រទេស​នោះ​ទេ ដោយសារ​តែ​ការ​ស៊ើប​អង្កេត​កំពុង​តែ​បន្ត​ធ្វើ​ឡើង។​

លោក ​Leather​ បាន​ទស្សន៍ទាយ​ថា ការ​ស៊ើបអង្កេត​លើ​បញ្ហា​អំពើ​ពុករលួយ​នឹង​មាន​ផល​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ច មិន​ដូច​ការ​លុប​បំបាត់​ពន្ធ​នោះ​ទេ។

លោក ​Leather បាន​និយាយ​ថា៖ «សង្ឃឹម​ថា អ្វី​ដែល​រដ្ឋាភិបាល​នឹង​ធ្វើនោះ​នឹង​អាច​ជួយ​ដោះស្រាយ​បញ្ហា​នានា​ ដែល​បាន​បង្អាក់​កំណើន​សេដ្ឋកិច្ច​ម៉ាឡេស៊ី​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ វា​នឹង​ក្លាយ​ជា​រឿង​ដ៏​តក់​ស្លុត​ប្រសិន​បើ​លោក Najib ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​បន្លំ​ការ​បោះ​ឆ្នោត​នោះ»។

ប៉ុន្តែ​ក្រុម​អ្នក​សង្កេត​ការណ៍​បាន​និយាយ​ថា ការ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​គម្រោង​ធំៗ​មាន​ទឹក​ប្រាក់រាប់​ពាន់​លាន​ដុល្លារ ជា​ពិសេស​គម្រោង​ដែល​ធ្វើ​ឡើង​ដោយ​ចិន​នោះ​ អាច​នឹង​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ។ ចិន​បាន​វិនិយោគ​ប្រាក់ជាង​៣,៣៨​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ហើយ​ចិន​ក៏​ជាវិនិយោគិន​បរទេស​ដ៏​ធំ ដោយ​នាំ​មុខ​សហរដ្ឋ​អាមេរិក ជប៉ុន​ និង​សិង្ហបុរី។ ​វិនិយោគ​ទុន​របស់​ចិន​រួម​មាន​វិស័យ​ឧស្សាហកម្ម​វិស័យ​អចលនទ្រព្យ និង​ប័ណ្ណមូលនិធិ​វិនិយោគ​របស់​រដ្ឋ។

ប្រទេស​ចិន​ក៏​បាន​គាំទ្រ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​រថភ្លើង​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដែល​ភ្ជាប់​ទៅ​កាន់​គម្រោង «ផ្លូវ​មួយ ខ្សែ​ក្រវ៉ាត់​មួយ» ដែល​ជា​ការ​ផ្តួចផ្តើម​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ គម្រោង​នេះ​មាន​បំណងបង្កើត​ឲ្យ​មាន​នូវ​បណ្តាញ​មួយ​ដែល​ឆ្លង​កាត់​ទូទាំង​តំបន់​អាស៊ី។

ការ​វិនិយោគ​ទុន​គឺ​ជា​កត្តា​ដ៏​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច។ អ្នក​វិភាគ​និយាយ​ថា មាន​ហានិភ័យ​មួយ​ដែល​ការ​វិនិយោគ​អាច​នឹង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ពេល​ពីរ​ឆ្នាំ​ខាង​មុខ។

កំណើន​សេដ្ឋកិច្ច​ ដែល​តួលេខ​ថ្មី​ប្រចាំ​ត្រីមាស​នឹង​ចេញ​ឆាប់ៗ​នេះ មានកំណើន​ចន្លោះ​ពី​ ៥,៥%ដល់៦%​កាលពី​ឆ្នាំ​មុន ដែល​កំណើន​នេះជំរុញ​បន្ថែម​ដោយការ​នាំចេញ និង​ការ​វិនិយោគ​បរទេស។

ក្នុង​យុទ្ធនាការ​បោះឆ្នោត លោក ​Mahathir​ បាន​ប្រឆាំង​នឹង​ការ​វិនិយោគ​ចិន ហើយ​បាន​សន្យា​ថា​នឹង​ពិនិត្យ​មើល​ឡើង​វិញ​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​គម្រោង​ដែល​មាន​ជាក់​ពាក់ព័ន្ធ​នឹង​បរទេស។

អ្នកស្រី ​Pavida Pananond សាស្ត្រាចារ្យ​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ធម្មសាត (Thammasat)​ ក្នុង​ក្រុង​បាងកក​ក៏​បាន​ទស្សន៍ទាយ​ថា​ ម៉ាឡេស៊ី​ប្រឈម​មុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​ចម្បងៗ​ជា​ពិសេស​បន្ទាប់​ពី​ការ​ដឹកនាំ​ជាង​៦០​ឆ្នាំ​របស់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ក្រុម​ចម្រុះ​អង្គការ​រួប​រួម​ជាតិ​ម៉ាឡេស៊ី​ (United Malay National Organization)។​

នៅ​ក្នុង​អ៊ីម៉ែល​មក​កាន់​ VOA ​អ្នកស្រី ​Pavida ​បាន​និយាយ​ថា៖ «វា​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​ តើ​នយោបាយ​ជះ​ឥទ្ធិពល​ខ្លាំង​កម្រិត​ណា​ដល់​ផ្នែក​សេដ្ឋកិច្ច» បន្ទាប់​ពី​មាន​ការ​ដឹកនាំ​អស់​រយៈ​ពេល​យ៉ាង​យូរ​នេះ។

អ្នក​ស្រី​បាន​បន្ថែម​ថា៖ «ខណៈ​ដែល​ឆន្ទៈ​ក្នុង​ការ​ពិនិត្យ​មើល​គម្រោង​ធំៗ​ និង​ស៊ើប​អង្កេត​លើ​បញ្ហា​អំពើ​ពុយរលួយ​គួរ​តែ​ទទួល​បាន​ការ​ស្វាគមន៍​នោះ​ ការ​ផ្លាស់​ប្តូរ​ចម្បងៗ​នឹង​មិន​អាច​កើត​ឡើង​ដោយ​ស្រួល​នោះ​ទេ ដោយសារ​តែ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​គ្រប​ដណ្តប់​ដោយ​សាជីវកម្ម​ដែល​មាន​ទំនាក់​ទំនង ឬ​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ ជា​យូរ​មក​ហើយ»។

អ្នកស្រី​បាន​បន្ថែម​ទៀត​ថា សម្រាប់​ផល​វិជ្ជមាន​វិញ​«ការ​ទន្ទឹង​រងចាំ​ដោយ​ក្តី​រំភើប​ចំពោះ​ការ​ផ្លាស់​ប្តូរ ​សមភាព​ និង​តម្លាភាព ​គួរ​ត្រូវ​បាន​ស្វាគមន៍ ដោយសារ​តែ​នេះ​ជា​សញ្ញា​ល្អ​សម្រាប់​អ្វី​ដែល​ត្រូវ​ការ​នៅក្នុង​យុគ​សម័យ​ថ្មី​នៃ​សេដ្ឋកិច្ច​ដែលមាន​ប្រសិទ្ធភាព និង​សេដ្ឋកិច្ច​ពោរពេញ​ទៅ​ដោយ​ការ​បង្កើត​ថ្មី​ ដែល​ម៉ាឡេស៊ី​មាន​មហិច្ឆតាចង់​សម្រេច​ឲ្យ​បាន»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ