នាយករដ្ឋមន្រី្ត​ម៉ាឡេស៊ី​ទទួល​បាន​ការ​គាំទ្រ​​ពី​អតីត​គណបក្ស​កាន់​អំណាច

នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី​លោក​​​ Muhyiddin Yassin បាន​ទទួល​ការ​គាំទ្រ​ដ៏​សំខាន់​មួយ​ពី​គណបក្ស​​​ដៃគូ​ក្នុង​សម្ព័ន្ធភាព​រដ្ឋាភិបាល​ចម្រុះ​របស់​លោក​។

នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី​លោក​ Muhyiddin Yassin ដែល​កំពុង​មាន​បញ្ហាផ្នែក​នយោបាយនោះ​ បាន​ទទួល​ការ​គាំទ្រ​ដ៏​សំខាន់​មួយ​ពី​គណបក្ស​ដៃគូ​ក្នុង​សម្ព័ន្ធភាព​រដ្ឋាភិបាល​ចម្រុះ​របស់​លោក​ ដើម្បីបន្ត​ដំណើរ​សម្ព័ន្ធភាព​នៃ​រដ្ឋាភិបាល​នេះ​ជាមួយ​គ្នា​ទៅ​មុខ​ទៀត។

គណបក្ស​អង្គការឯកភាព​ជាតិ​ម៉ាឡេស៊ី​ (UMNO) បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​ចន្ទ​ ដោយ​ផ្តល់​នូវ​ការ​គាំទ្រ​ដល់​នាយករដ្ឋមន្ត្រីរបស់​ប្រទេស​នេះ​ ខណៈ​ដែល​ប្រទេស​ម៉ាឡេស៊ី​កំពុង​ប្រឈម​នូវការ​ផ្ទុះ​រាតត្បាតឡើង​ជា​ថ្មីនៃ​ជំងឺ​កូវីដ១៩នោះ។​

ការ​គាំទ្រ​ថ្មី​នេះ​កើត​មាន ក្រោយ​ពីពេល​ថ្មីៗ​នេះ​ ព្រះ​មហាក្សត្រ​ម៉ាឡេស៊ីព្រះ​បាទ Al-Sultan Abdullah បាន​បដិសេធ​សំណើ​របស់​នាយករដ្ឋមន្ត្រីលោក Muhyiddin Yassin ដើម្បី​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ ដោយ​សារ​តែ​ជំងឺ​រាតត្បាត​កូវីដ​១៩​នោះ។

ព្រះ​បរមរាជវាំង​ម៉ាឡេស៊ី បាន​ចេញ​ផ្សាយសម្រេចនេះ​ ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​លើក​ឡើង​ថា​ ព្រះ​មហាក្សត្រ​«មាន​ព្រះ​រាជតំរិះ​ថា​ ពុំ​មាន​ការ​ចាំ​បាច់​ណា​មួយក្នុង​ពេល​នេះដែល​ព្រះ​មហាក្សត្រ​ត្រូវ​ប្រកាស​ដាក់​ប្រទេសក្នុង​គា្រ​មាន​អាសន្ន​នោះទេ»។ ​

សេចក្តី​ថ្លែងការណ៍នោះ​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ព្រះ​មហាក្សត្រ​សព្វ​ព្រះរាជហឫទ័យ​ ចំពោះ​ចំណាត់ការរបស់​លោក​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ ​ក្នុង​ការ​ទប់ទល់​នឹង​ជំងឺ​កូវីដ​១៩​នេះ​ ហើយ​ព្រះ​អង្គ​បាន​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ​ទាំង​អស់បញ្ឈប់​នូវ​យុទ្ធនាការ​ផ្សេងៗ​ ដែល​អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ស្ថិរភាព​របស់​រដ្ឋាភិបាល​នោះ។​

លោក Muhyiddin Yassin បានធ្វើ​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​តាំង​ពី​ខែ​កុម្ភៈ​មក នៅ​ពេល​លោក​ត្រូវ​ព្រះមហាក្សត្រ Abdullah ជ្រើសរើស​ឲ្យ​ជំនួស​អតីត​នាយករដ្ឋមន្ត្រី​លោក Mahathir Mohamad ដែល​បាន​លាលែង​ ហើយ​រដ្ឋាភិបាល​លោក​បាន​ដួលរលំ។ រដ្ឋាភិបាល​ចម្រុះ​របស់​លោក Muhyiddin រួម​មាន​គណបក្ស​ UMNO ដែល​ធ្លាប់បាន់​កាន់​អំណាច​អស់​ជាង​៦០​ឆ្នាំតាំង​ពី​ម៉ាឡេស៊ី​ទទួល​បាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​កាល​ពី​ឆ្នាំ​១៩៥៧ មក៕