ការ​បាត់​យន្តហោះ​ម៉ាឡេស៊ី​នាំ​ឱ្យ​មាន​កង្វល់​ពី​សន្តិសុខ​អាកាសយានដ្ឋាន

ប៉ូលិស​ម៉ាលេស៊ី​ពិនិត្យ​​ឯកសារអត្តសញ្ញាណ​អ្នក​ដំណើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ Kuala Lumpur International Airport កាល​ពី​ថ្ងៃ​ទី​៩​ខែ​មីនា​ឆ្នាំ​២០១៤។

ព័ត៌មាន​តែ​បន្តិចបន្តួចដែល​បាន​លេច​ចេញ​ពី​ការបាត់​យន្តហោះ​នៃ​ក្រុម​ហ៊ុន​អាកាសចរណ៍​ Malaysian Airlines ​ជើង​ហោះ ​MH370 ​បាន​ធ្វើឱ្យមាន​ការ​តប់​
ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​ទ្បើងៗ​ដល់​ក្រុម​គ្រួសារ​ដែល​អស់​សង្ឃឹមនិង​អាជ្ញាធរ​ដែល​
នៅ​តែ​ស្វែង​រក​យន្តហោះ​នេះ។​

នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃច័ន្ទ ​លោក ហ៊ីស្សាមមូឌីន​ ប៊ិន ទុន​ហ៊ូសេន (Hishammuddin Bin Tun Hussein) ​រដ្ឋមន្ត្រី​ក្រសួងដឹក​ជញ្ជូន បានសុំ​ដល់​ពលរដ្ឋឱ្យ​ទប់ចិត្ត​កុំ​និយាយ​ដដែលៗ​អំពី​ពាក្យ​ចចាមអារាម​ រហូត​ដល់ពេល​ណា​អាជ្ញាធរ​អាច​ពិនិត្យ​ផ្ទៀង​ផ្ទាត់​អំពី​អ្វីដែល​បាន​កើត​មាន​ទ្បើង។​

«ខ្ញុំ​ចង់​អង្វករ​ ធ្វើ​ការ​អង្វករ​មួយ ​ជា​ពិសេស​ដល់​បណ្តាញ​ផ្សាយ​ព័ត៌មាន​និង​សាធារណជន សូម​កុំ​ឱ្យ​ផ្សព្វផ្សាយ​ដំណឹង​មិន​បាន​ផ្ទៀងផ្ទាត់​ឬ​ដំណឹង​មិន​ពិត​ដោយ​សា​តែ​មាន​ហេតុផល​ពីរ។​ហេតុផល​ទី​មួយ​ គឺ​វា​មាន​ផលប៉ះពាល់​លើ​ការ​ស្វែង​រក​និង​ការ​ជួយសង្គ្រោះ​របស់​យើង​ពីព្រោះ​ដំណឹង​មិន​បាន​ត្រូវ​ផ្ទៀង​ផ្ទាត់​ឬ​ដំណឹង​មិន​ពិតធ្វើឱ្យ​យើង​មិន​មូល​ស្មារតី​លើ​កិច្ចការ​របស់​យើង។​ ហើយ​ហេតុផល​ទី​ពីរ​ គឺ​ជា​ការ​មិន​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​ដែល​នៅ​មាន​សេចក្តី​សង្ឃឹម»។

នៅ​ពេល​ដែល​កិច្ចខិត​ខំប្រឹង​ប្រែងស្វែង​រក​កំពុង​បង្កើន​ខ្លាំង​ជាង​មុន​ អាជ្ញាធរ​នៅ​តែ​បន្តស៊ើបអង្កេត​អំពី​អត្តសញ្ញាណ​នៃអ្នកដំណើរ​ពីរ​នាក់​ដែល​បាន​ជិះ​ក្នុង​យន្តហោះ​នោះ​ដោយ​ប្រើ​លិខិត​ឆ្លងដែន​ដែល​បានត្រូវ​លួច។​ ពួកមន្ត្រីម៉ាឡេស៊ី​ ក៏​បាន​និយាយ​ដែរ​ថា​មាន​មនុស្ស​៥នាក់​ទៀត​បាន​ចុះ​ឈ្មោះ​ជិះ​យន្តហោះ​ក៏​ប៉ុន្តែ​មិន​បាន​ទ្បើង​ជិះ​យន្តហោះ​នេះ​ទេ។​

អាជ្ញាធរ​បាន​និយាយ​ថា​វាលីស​សម្លៀក​បំពាក់​និង​វត្ថុ​ប្រើប្រាស់​របស់​អ្នក​ដំណើរ​ទាំង​នេះ​បាន​ត្រូវ​យកចេញ​ពី​យន្តហោះ​នេះ​មុន​ពេល​វា​ហោះ​ទ្បើង។

ពួក​អ្នកដំណើរ​ដែល​នាំ​ឱ្យ​មាន​ការ​សង្ស័យ​ទាំង​នេះ​បាន​នាំ​ឱ្យមាន​ការ​និយាយ​ស្មានៗ​អំពី​បញ្ហា​ត្រូវ​ពង្រឹង​សន្តិសុខ​ខ្លាំង​ជាង​មុន​សម្រាប់​ឧស្សាហកម្ម​ធ្វើ​ដំណើរ​តាម​អាកាស​ក្នុង​តំបន់​នោះ។​

លោក​ រ៉ូហាន់ ហ្គោណារតនា (Rohan Gunaratna) ជា​អ្នកជំនាញ​ម្នាក់​ខាង​ភេរវកម្ម​មានមូលដ្ឋាន​នៅ​ក្នុង​ប្រទេសសិង្ហបូរី។​ លោក​និយាយ​ថា​នៅ​ពេល​នេះ​វា​ជាការ​ឆាប់ពេក​ក្នុង​ការនិយាយ​អំពី​អ្វី​ដែល​បាន​បណ្តាល​ឱ្យ​យន្តហោះ​នោះ​ធ្លាក់​ ការ​ពិត​ជាក់ស្ដែង​អំពី​មាន​អ្នកដំណើរ​ទ្បើង​ជិះ​យន្តហោះ​នោះ​ដោយ​ប្រើ​លិខិត​ឆ្លងដែន​ដែលបាន​ត្រូវ​លួច​ជា​ការ​ធ្វេស​ប្រហែស​មួយ​ខាង​សន្តិសុខ។​

នៅ​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​កាល​ពី​ឆ្នាំ​២០០១​ក្នុង​ស.រ.អ. ​ប៉ូលិស​ Interpol
បាន​បង្កើត​មូលដ្ឋាន​ទិន្នន័យ​មួយ​ដើម្បី​ប្រាប់​រដ្ឋាភិបាល​នៅ​ទូទាំង​ពិភពលោក​នៅ​ពេល​មាន​លិខិត​ឆ្លងដែន​បាន​បាត់​ឬ​បាន​ត្រូវ​លួច។​ លោក Gunaratna និយាយ​ថា​មូលដ្ឋានទិន្នន័យ​នេះ​ជា​គ្រឿង​ឧបករណ៍​មួយ​មាន​សារៈសំខាន់​សម្រាប់​ឱ្យ​រដ្ឋាភិបាល​នានា​ប្រើប្រាស់។

«ប្រសិន​បើ​រដ្ឋាភិបាល​នានា​មិនប្រើប្រាស់​មូលដ្ឋាន​ទិន្នន័យ​នេះ​ទេ​ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​ទាំង​នេះ​មិន​បញ្ចូល​ទិន្នន័យ​ក្នុង​មូលដ្ឋាន​នេះ​ទេ ​ការណ៍​នេះ​មាន​ន័យ​ថា​ពួក​គេ​មិន​បាន​បំពេញ​សេវាកម្ម​ល្អ​បំផុត​សម្រាប់​សុវត្ថិភាព​និង​សន្តិសុខ​នៃ​ក្រុម​អ្នកដំណើរ​តាម​អាកាស​ទេ»។

ប៉ូលិស​ Interpol​ បាន​បញ្ជាក់​ហើយ​ថា​លិខិត​ឆ្លងដែន​ពីរ​ក្នុង​បណ្តា​លិខិត​ឆ្លងដែន​ដែល​បាន​ត្រូវ​ប្រើប្រាស់​ បានត្រូវ​លួច​ហើយ​និយាយ​ថា​ខ្លួន​កំពុង​ពិនិត្យ​មើល​អំពី​លិខិត​ឆ្លងដែន​ឯទៀតៗ​ដែល​នាំ​ឱ្យ​មាន​ការសង្ស័យ​ដែលបាន​ត្រូវ​ប្រើប្រាស់​នៅ​លើ​យន្តហោះ​នោះ។​

ការ​គំរាម​កំហែង​ភេរវកម្ម​ក្នុង​ទ្វីប​អាស៊ី​បាន​ត្រូវ​ចាត់ទុក​ថា​មាន​កម្រិត​ទាប​បើ​ប្រៀបធៀប​ជាមួយ​ការ​គំរាមកំហែង​ភេរវកម្មក្នុង​ទ្វីប​អឺរ៉ុប​និង​ស.រ.អ.។ ក៏ប៉ុន្តែលោក Gunaratna ​និយាយ​ថា​ការ​បាត់​យ​ន្តហោះ​នោះ​ដែល​បានធ្វើដំណើរ​ពី​ប្រទេស​ម៉ាឡេស៊ី​ទៅ​កាន់​ប្រទេស​ចិន​អាចធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ដល់​គោលជំហរ​ខាង​សន្តិសុខ​របស់ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​តំបន់។​

«ខ្ញុំ​មាន​ជំនឿ​ថា​ការ​ធ្លាក់​យន្តហោះ​នេះ​គួរ​តែ​ជា​កត្តា​ដាក់បន្ថែម​មួយ​ គួរ​តែ​ជា​ការ​ដាស់តឿន​មួយ​ដល់​រដ្ឋាភិបាល​ឯទៀតៗ​ឱ្យ​គិតគូរ​ឱ្យ​បាន​ម៉ត់ចត់​អំពី​ឧប្បត្តិហេតុ​
បែបនេះ»។

គេ​ដឹង​មិន​ច្បាស់លាស់​ទេ​អំពី​អ្វី​ដែល​ជា​ការ​ធ្វេសប្រហែស​បាន​កើត​មាន​ទ្បើង​នាំ​ឱ្យ​មាន​ពួក​អ្នកដំណើរ​ទ្បើង​ជិះ​យន្តហោះ​នោះ​ដោយ​ប្រើប្រាស់​លិខិត​ឆ្លងដែន​
ដែល​បាន​ត្រូវ​រាយការណ៍​ថា​បាន​ត្រូវ​លួច។

នៅ​ពេល​ដែល​មនុស្ស​ខ្លះ​បាន​និយាយ​ស្មានៗ​យ៉ាង​ឆាប់រហ័ស​ថា​ការ​លួច​លិខិត​ឆ្លងដែន​អាច​ប​ញ្ជាក់​ថា​ភេរវកម្ម​ប្រហែល​មាន​ទាក់ទិន​នឹង​ការ​បាត់យន្តហោះ​នេះ​ក៏​ដោយ​ ក៏​មាន​មនុស្ស​ឯទៀត​បានកត់សម្គាល់​ថា​វា​ទំនង​ខ្លាំង​ណាស់​ថា​អ្នក​ដំណើរ​ដែល​ប្រើ​លិខិត​ឆ្លង​ដែន​ត្រូវលួ​ច​ទាំង​នេះ​ជាជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ឬ​ជា​ពួកបុគ្គល​មាន​ទាក់ទិន​នឹង​សកម្មភាព​ឧក្រិដ្ឋ ​ហើយ​ប្រហែល​គ្មានការ​ទាក់ទិន​អ្វី​ជាមួយ​ការ​បាត់​យន្តហោះ​នេះ​ទេ។

ប្រែសម្រួល​ដោយ​ ឈឹម​ សុមេធ