ចិន​នឹង​លក់​នាវា​ចម្បាំង​ទៅ​ឲ្យ​ម៉ាឡេស៊ី

នាវា​ចម្បាំង​ម៉ាឡេស៊ី​ល្បាត​នៅ​លើ​ផ្ទៃ​ទឹក​នៅ​ក្បែរ​កោះ Langkawi កាលពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥។

កិច្ចព្រមព្រៀង​របស់​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ការ​ទិញ​កង​នាវា​ចម្បាំង​ផលិត​ក្នុង​ប្រទេស​ចិន​ និង​ការ​បង្កើន​ការ​យាមល្បាត​ប្រឆាំង​នឹង​ការ​ជ្រៀត​ចូល​ដោយ​ចិន​បាន​គូស​បញ្ជាក់​ភាព​សាំញ៉ាំ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ និង​ជា​សញ្ញា​បង្ហាញ​កំណើន​កង្វល់​អំពី​ការ​ការពារ​ជាតិ។

ពួក​មន្ត្រី​នៃ​ប្រទេស​នេះ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​ឆ្នេរ​សមុទ្រ​លាតសន្ធឹង​ពី​សមុទ្រ Sulu ទៅ​ខាង​លិច​ទៅ​ដល់​មហា​សមុទ្រ​ឥណ្ឌា​ បាន​និយាយ​កាល​ពី​ខែ​វិច្ឆិកា​ថា​ ពួកគេ​នឹង​ទិញ​នាវា​ចម្បាំង​ធុន Littoral ផលិត​ក្នុង​ប្រទេស​ចិន​ចំនួន​បួន​គ្រឿង។

ពួក​អ្នកវិភាគ​និយាយ​ថា​ នាវា​ទាំង​នេះ​នឹង​ជំនួស​នាវា​៥០គ្រឿង​នៃ​កង​នាវី​នៃ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ការពារ​ដែន​ទឹក​ពី​ការ​គំរាម​កំហែង​មួយ​ចំនួន។ នៅ​ក្នុង​បណ្តា​ការ​គំរាមកំហែង​ទាំង​នេះ​មាន​ការ​គំរាមកំហែង​មក​ពី​ប្រទេស​ចិន​ដែល​បាន​ប្រកួត​ប្រជែង​ជាមួយ​ម៉ាឡេស៊ី​ក្នុង​ការ​ទាមទារ​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។​

លោក Ibrahim Suffian ប្រធាន​កម្មវិធី​នៃ​ក្រុម​ស្ទង់មតិ​នៅ​មជ្ឈមណ្ឌល​ Merdeka មាន​មូលដ្ឋាន​ក្នុង​ក្រុង​គូឡាឡាំពួ​បាន​និយាយ​ថា «លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​អំពី​កិច្ចព្រមព្រៀង​ជាមួយប្រទេស​ចិន​កាលពី​ឆ្នាំ​ទៅ​មិញ​ដើម្បី​ទិញ​នាវា​បែប Littoral បួន​គ្រឿង។ កាលពី​អតីតកាល​កង​យោធពល​នៃ​ប្រទេស​ម៉ាឡេស៊ី​តែងតែ​ទិញ​សព្វាវុធ​ពី​ពួក​បស្ចឹម​ប្រទេស​ដូចជា​ស.រ.អា ប្រទេស​អង់គ្លេស ​ឬ​ប្រទេស​បារាំង​ជាដើម ដូច្នេះ​ការ​ទិញ​នាវា​ទាំងនេះ​ពី​ប្រទេស​ចិន​កំណត់​ការ​ចាកចេញ​ពី​ការ​ធ្លាប់​ធ្វើ​ពី​ពេល​មុនៗ»៕