ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ធ្វើ​ឲ្យ​ហ្វីលីពីន​ខឹង​ដោយសារ​គម្រោង​សាងសង់​របស់​ខ្លួន​នៅ​ក្នុង​សមុទ្រ​ដែល​មាន​ជម្លោះ


លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte (រូប​ឆ្វេង) ចាប់​ដៃ​លោក​ប្រធានាធិបតី​ចិន Xi Jinping បន្ទាប់​ពី​ពិធី​ចុះ​ហត្ថលេខា​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte (រូប​ឆ្វេង) ចាប់​ដៃ​លោក​ប្រធានាធិបតី​ចិន Xi Jinping បន្ទាប់​ពី​ពិធី​ចុះ​ហត្ថលេខា​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២០ ខែតុលា​ ឆ្នាំ២០១៦។

គម្រោង​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ការ​សាងសង់​ស្ថានីយ​ត្រួតពិនិត្យ​មួយ​នៅ​លើ​ថ្ម​ប៉ប្រះ​ទឹក​ដ៏​តូច​មួយ​ផ្ទាំង​ដែល​តវ៉ា​ដោយ​រដ្ឋាភិបាល​ហ្វីលីពីន នឹង​បំផ្លាញ​ទំនុកចិត្ត​ដែល​ប្រេះស្រាំ​រួច​ទៅ​ហើយ​រវាង​ប្រទេស​ទាំង​ពីរ និង​ធ្វើ​ឲ្យ​ប្រធានាធិបតី​ហ្វីលីពីន ដែល​មាន​បំណង​ស្វែងរក​ជំនួយ​សេដ្ឋកិច្ច​របស់​ចិន មាន​អារម្មណ៍​វិលវល់។

ការ​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​ដកស្រង់​សម្ដី​របស់​អភិបាល​ក្រុង Sansha ខេត្ត Hainan របស់​ចិន ដែល​បាន​និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ចាប់ផ្ដើម​រៀបចំ​កិច្ចការ​សាងសង់​ស្ថានីយ​ត្រួតពិនិត្យ​បរិស្ថាន​នៅ​លើ​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoalដែល​ស្ថិត​នៅ​ចម្ងាយ ២៣០ គីឡូម៉ែត្រ​ពី​កោះ Luzon ប្រទេស​ហ្វីលីពីន នៅ​ក្នុង​ឆ្នាំ​នេះ។

ប្រសិនបើ​ចិន​អនុវត្ត​គម្រោង​នេះ​មែន ចិន​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត ដែល​ខ្លួន​បាន​បង្កើត​ឡើង​ជាមួយ​នឹង​ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte បន្ទាប់​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ប្រេះឆា​ចាប់​ពី​ឆ្នាំ ២០១២ ដល់​ពាក់​កណ្ដាល​ឆ្នាំ ២០១៦។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

លោក Duterte បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង​កាល​ពី​ខែ​តុលា ឆ្នាំ​មុន និង​បាន​សន្យា​ថា នឹង​ទុក​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​នេះ​មួយ​ឡែក។ នៅ​ពេល​នោះ ចិន​ក៏​បាន​ប្ដេជ្ញា​ថា​នឹង​ផ្ដល់​ថវិកា​ចំនួន ២៤ ពាន់​លាន​ដុល្លារ​អាមេរិក ទាំង​ផ្នែក​ជំនួយ និង​ទាំង​ផ្នែក​វិនិយោគ។

លោក Jay Batongbacal ប្រធាន​វិទ្យាស្ថាន​សិក្សា​កិច្ចការ​សមុទ្រ និង​ច្បាប់​សមុទ្រ នៃ​សាកល​វិទ្យាល័យ Philippines បាន​និយាយ​ថា លោក​ប្រធានាធិបតី​ហ្វីលីពីន​កំពុង​តែ​ច្របូក​ច្របល់​នា​ពេល​ឥឡូវ​នេះ ដោយសារតែ​លោក​បាន​ស្វាគមន៍​ជំនួយ​របស់​ចិន​នៅ​ក្នុង​ការ​កសាង​ផ្លូវ​រថភ្លើង​មួយ​ខ្សែ ដែល​មាន​ប្រវែង ៨៣០ គីឡូម៉ែត្រ នៅ​លើ​កោះ Mindanao៕

XS
SM
MD
LG