ប្រទេសម៉ាឡេស៊ីប្រហែលជាបង្កើតច្បាប់ពន្ធដារថ្មី និងលក់អចលនទ្រព្យនានាដូចជាដីធ្លីជាដើម ដើម្បីសងបំណុលជាតិ។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad នៅថ្ងៃអង្គារនេះ ស្របពេលដែលរដ្ឋបាលរបស់លោកប្រឹងប្រែងដើម្បីដោះស្រាយបំណុលជាតិប្រហែល ២៤០ ពាន់ ៦៧០ លានដុល្លារអាមេរិក។
លោក Mahathir ដែលបានឈ្នះការបោះឆ្នោតដោយមិនរំពឹងទុកកាលពីខែឧសភាកន្លងទៅនេះ បានរិះគន់លើរដ្ឋបាលអាណត្តិមុនរបស់លោកអតីតនាយករដ្ឋមន្ត្រី Najib Razak ថាបានធ្វើឲ្យប្រទេសម៉ាឡេស៊ីធ្លាក់ទៅក្នុងវិបត្តិបំណុលដ៏ធ្ងន់ធ្ងរដូចនេះ ដែលក្នុងនោះមានទាំងបំណុលនៃថវិកាជាតិរបស់ក្រុមហ៊ុនរដ្ឋ 1MDB ផងដែរ។ ករណីថវិកាក្រុមហ៊ុន 1MDB នេះគឺជាប្រធានបទនៃការស៊ើបអង្កេតអំពើពុករលួយ និងការលាងលុយកខ្វក់នៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងទៀត។
រដ្ឋាភិបាលរបស់លោក Mahathir ក៏កំពុងស្វះស្វែងរកប្រភពចំណូលថ្មីសម្រាប់ជាតិផងដែរ ដើម្បីទប់ទល់នឹងកង្វះថវិកាដែលម៉ាឡេស៊ីអាចនឹងប្រឈមនៅពេលខាងមុខ បន្ទាប់ពីបានលុបចោលនូវពន្ធលើទំនិញ និងសេវាមិនពេញនិយមមួយចំនួននៅក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីសម្ព័ន្ធគណបក្សនយោបាយ Alliance of Hope ដែលដឹកនាំដោយលោក Mahathir បានឈ្នះការបោះឆ្នោតគ្រប់គ្រងរដ្ឋាភិបាល។
លោក Mahathir បានបញ្ជាក់នៅក្នុងសន្និសីទមួយស្ដីពីអ្នកវិនិយោគនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនៅថ្ងៃអង្គារនេះថា៖ «យើងប្រហែលជាត្រូវបង្កើតច្បាប់ពន្ធដារថ្មី ដើម្បីមានលុយសងបំណុលជាតិរបស់យើង។ ចំណុចមួយទៀតដែលយើងអាចធ្វើបានគឺលក់អចលនទ្រព្យរបស់យើង។ ដីធ្លីគឺជាអចលនទ្រព្យមួយក្នុងចំណោមនោះ... ក្រៅពីនោះ យើប្រហែលជាត្រូវលក់អចលនទ្រព្យមានតម្លៃរបស់យើងមួយចំនួនដើម្បីបានលុយសងបំណុល»។ លោក Mahathir មិនបានបញ្ជាក់ឲ្យបានលម្អិតអំពីថាតើអចលនទ្រព្យមានតម្លៃទាំងនោះជាអ្វីនោះទេ៕