ពួក​អ្នក​វិភាគ​និយាយ​ថា​ប្រទេស​ម៉ាឡេស៊ី​គ្មាន​សន្ទុះ​ប្រជា​ធិបតេយ្យ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ

រូប​នៅ​លើ​ជញ្ជាំង​នៅ​ទីក្រុង Penang ប្រទេស​ម៉ាឡេស៊ី។

ពួក​អ្នក​វិភាគ​និយាយ​ថា​ ប្រទេស​ម៉ាឡេស៊ី​គ្មាន​សន្ទុះ​ប្រជា​ធិបតេយ្យ​ទេ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ។​ លោក​អតីត​នាយក​រដ្ឋមន្ត្រី​ ម៉ាហាធា មូហាម៉ាត់​ បាន​មាន​ប្រសាសន៍​ថា​ «ប្រជា​ធិបតេយ្យ​ស្លាប់​ហើយ»។

សម្រាប់​ប្រទេស​ម៉ាឡេស៊ី​វា​សឹង​តែ​គ្មាន​អ្វី​បាន​កើត​មាន​ទេ​ក្នុង​ពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ។​ កាល​ពី​ឆ្នាំ​២០១៨​ គណបក្ស​ថ្មី​មួយ​បាន​ឡើង​កាន់​អំណាច​ជា​លើក​ដំបូង​ក្នុង​ពេល​ជាង​កន្លះ​សតវត្សរ៍​ អតីត​នាយក​រដ្ឋមន្ត្រី​ម្នាក់​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​រឿង​អាស្រូវ​ពុក​រលួយ​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក​ហើយ​រដ្ឋ​ប្រទេស​នេះ​បាន​តតាំង​នឹង​ប្រទេស​ចិន​អំពី​ហានិភ័យ​ប្រាក់​បំណុល​នៃ​កម្ម​វិធី​ផ្លូវ​ក្រវ៉ាត់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន។​

នៅ​ពេល​នេះ​ សឹង​តែ​ពីរ​ឆ្នាំ​គត់​ក្រោយ​ការ​បោះឆ្នោត​ជា​ប្រវត្តិ​សាស្ត្រ​ដែល​ គណបក្ស​ចាញ់​ឆ្នោត​ហើយ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​បាន​ទទួល​អំណាច​ជា​ថ្មី​វិញ។​ លោក​ Najib Razak​ អតីត​នាយក​រដ្ឋមន្ត្រី​បាន​ក្លាយ​ទៅ​ជា​សមាជិក​សភា​ ទោះ​ណា​ជា​លោក​រង់​ចាំ​ការ​កាត់ក្តី​អំពី​រឿង​អាស្រូវ​ 1MDB ​ក៏​ដោយ​ ហើយ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រវាង​ប្រទេស​ម៉ាឡេស៊ី​និង​ប្រទេស​ចិន​នៅ​ក្នុង​កម្មវិធី​ផ្លូវ​ក្រវ៉ាត់​សេដ្ឋកិច្ច​ចិន​ក៏​មាន​ដំណើរការ​វិញ​ដែរ។​

នៅ​ពេល​ប្រទេស​ម៉ាឡេស៊ី​ប្រឹង​ប្រែង​ចេញ​ឱ្យ​ផុត​ពី​វិបត្តិ​ជំងឺ​កូវីដ១៩​ ពួក​អ្នក​ធ្វើ​យុទ្ធនាការ​ខាង​សិទ្ធិ​មនុស្ស​និយាយ​ថា​ ​អាជ្ញាធរ​ម៉ាឡេស៊ី​ប្រើ​ប្រាស់​វិបត្តិ​នេះ​ជា​លេស​មួយ​សម្រាប់​ការ​ត្រូតត្រា​ដោយ​រដ្ឋ​តាម​បែប​តឹងរ៉ឹង​ដែល​ជា​និន្នាការ​មាន​នៅ​ទូទាំង​ពិភពលោក​ចាប់​តាំង​ពី​ប្រទេស​ តួកគី រហូត​ដល់​ប្រទេស​ប៉េរូ។​ ពួក​អ្នក​កាសែត​និង​ពលរដ្ឋ​ឯ​ទៀតៗ​បាន​ត្រូវ​ចាប់​ខ្លួនដោយសារ​បាន​រិះគន់​ចំណាត់​ការ​របស់​រដ្ឋ​ដោះស្រាយ​វិបត្តិ​នេះ។​ អាជ្ញាធរ​ម៉ាឡេស៊ី​ក៏​បាន​ចាប់​ខ្លួន​មនុស្ស​រាប់ពាន់​នាក់ដែល​បាន​រំលោភ​លើ​បទ​បញ្ជា​បិទ​ប្រទេស​ដែល​ជា​អត្រា​ចាប់​ខ្លួន​បែប​នេះ​ខ្ពស់​បំផុត​ក្នុង​អាស៊ី​អាគ្នេយ៍​ក្រៅពី​ប្រទេស​ហ្វីលីពីន។

លោក​ Phil Robertson ​ជា​នាយក​រង​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch ​ប្រចាំ​អាស៊ី។​ លោក​បាន​និយាយ​ថា៖​ « វា​ដូច​ជា​ការ​បិទ​ភ្លើង​ដែរ។​ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​វិល​មក​អនុវត្ត​ការ​រំលោភ​សិទ្ធិ​មនុស្ស​វិញ​ដូច​កាល​ពី​អតីត​កាល»។​

«លទ្ធិ​ប្រជា​ធិបតេយ្យ​ស្លាប់​ហើយ»​

ការ​វាយ​តម្លៃ​ដោយ​សោះ​កក្រោះ​នេះ​ផ្ទុយ​ស្រឡះ​ពី​សេចក្តី​សង្ឃឹម​សម្រាប់​ប្រជា​ធិបតេយ្យ​ដែល​បាន​បំផុស​គំនិត​ដោយ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៨​ ដែល​បាន​ធ្វើ​ឱ្យ​ពួក​អ្នក​សង្កេត​ការណ៍​រំភើប​នៅ​ពេល​អតីត​ដែនដី​អាណានិគម​អង់គ្លេស​នេះ​បាន​ធ្វើការ​បោះឆ្នោត​ដែល​មាន​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​ជាលើក​ទី​មួយ។ សេចក្តី​សង្ឃឹម​នេះ​បាន​ត្រូវ​លើក​យក​មក​និយាយ​ច្រើន​ពី​ព្រោះ​នៅ​ពេល​នោះ​ពិភពលោក​ បាន​ប្រឈម​នឹង​អ្វី​ដែល​អង្គការ​ Freedom House​ ហៅ​ថា​«ការ​ថយ​ក្រោយ»​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ដោយ​បាន​និយាយ​យោង​ដល់​ករណី​នានា​ដូចជា​អាជ្ញាធរ​ស.រ.អា.​បាន​បំបែក​ពួក​កុមារ​អន្តោ​ប្រវេសន៍​ពី​ឳពុក​ម្តាយ​ពួក​គេ​និង​រដ្ឋ​អំណាច​ប្រទេស​អារ៉ាប់ប៊ី​សាអូឌីត ​ធ្វើ​ឃាត​លោក​ Jamal Khashogi ​ដែល​ជា​អ្នក​សារ​ព័ត៌មាន។​នៅ​ឆ្នាំ​នោះ​ អង្គការ​ Freedom House ​បាន​សរសើរ​ប្រទេស​ម៉ាឡេស៊ី​ថា ​ជា​ប្រទេស​មាន​ពន្លឺ​ប្រជា​ធិបតេយ្យ​ ដែល​ផ្ទុយ​ស្រឡះ​ពី​ការ​ចុះ​ថម​ថយ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ពិភពលោក។​

លោក ​ម៉ាហាធា​ មូហាម៉ាត់​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ម្តង​ទៀត​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៨​ដែល​ជា​មុខ​នាទី​មួយ​លោក​បាន​បាត់​បង់​ទៀត​នៅ​ក្នុង​ការ​ដណ្តើម​អំណាច​គ្នា​កាល​ពី​ខែ​មីនា។​ចាប់តាំង​ពី​ពេល​នោះ​មក ​លោក​បាន​រិះគន់​រដ្ឋាភិបាល​ថ្មី​នេះ​ដែល​បាន​ដក​លោក​ចេញ​ពី​តំណែង។​

កាលពី​ខែ​មុន​លោក​មហាធា ​បាន​និយាយ​នៅ​ក្នុង​គេហទំព័រ​ផ្ទាល់​ខ្លួន​របស់​លោក​ថា​«លទ្ធិ​ប្រជា​ធិបតេយ្យ​ស្លាប់​ហើយ»។

លោក​បាន​សរសេរ​បន្ថែម​ថា៖​«ពិភពលោក​ទាំង​មូល​សើច​ចំអក​ឱ្យ​ប្រទេស​ម៉ាឡេស៊ី។ ពិភពលោក​ហៅ​ប្រទេស​ម៉ាឡេស៊ី​ថា​ ជា​រដ្ឋាភិបាល​នៃ​ពួក​ចោរ​នៅ​ពេល​លោក​ Najib​ ជា​នាយក​រដ្ឋមន្ត្រី។​ក៏​ប៉ុន្តែ​នៅ​ពេល​នេះ​ ​ពួក​ចោរ​ក្នុង​រដ្ឋាភិបាល​បាន​វិល ​ត្រឡប់​មក​វិញ​ហើយ»។​

ប្រជុំ​សភា​តែ​មួយ​ថ្ងៃ​

លោក​មហាធា​បាន​ត្អូញត្អែរ​ថា​«សភា​បាន​ត្រូវ​ខ្ទប់​មាត់»។​

សភា​ម៉ាឡេស៊ី​បាន​ប្រជុំ​តែ​មួយ​ថ្ងៃ​ទេ​ក្នុង​ឆ្នាំ​២០១៩។​ កាល​ពី​ខែ​ឧសភា​លោក​ Munhyiddin Yassin ​នាយក​រដ្ឋមន្ត្រី​ថ្មី​បាន​កម្ទេច​ការ​ប៉ុនប៉ង​យក​រដ្ឋាភិបាល​ថ្មី​របស់​លោក​ទៅ​ដាក់​ឱ្យ​មាន​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត។​ដោយ​និយាយ​យោង​ដល់​វិបត្តិ​ជំងឺ​កូវីដ១៩លោក​ Munhyiddin Yassin ​បាន​កោះ​ប្រជុំ​សភា​កាលពី​ថ្ងៃ​ទី​១៨​ឧសភា​ដើម្បី​ស្តាប់​ព្រះរាជ​សុន្ទរកថា​របស់​ព្រះរាជាហើយ​បាន​ផ្អាក​ការ​ប្រជុំ​រហូត​ដល់​ខែ​កក្កដា​ដែល​នាំ​ឱ្យ​មាន​សំណួរ​អំពី​ភាព​ត្រឹមត្រូវ​តាម​ច្បាប់​នៃ​រដ្ឋបាល​នេះ។​

ទោះ​ណា​ជា​ការណ៍​ដែល​លោក ​Munhyiddin Yassin ​បាន​ឡើង​មក​កាន់​តំណែង​ខ្ពស់​បំផុត​របស់​ប្រទេស​ជាតិកាលពី​ខែ​មីនា​កំណត់​ការ​វិល​ត្រឡប់​មក​វិញ​នៃ​គណបក្សចាស់​ដែល​បាន​គ្រប់​គ្រង​ប្រទេស​គឺ​គណបក្ស ​United Malays National Organization ​ហៅ​កាត់​ថា​ UMNO ​ក៏​ដោយ ​ ក៏​ពួក​អ្នក​សង្កេត​ការណ៍​នៅ​ពេល​នេះ​មិន​ទាន់​បង្ហាញ​សេចក្តី​សង្ឃឹម​ទេហើយ​បាន​ផ្តល់​ឱ្យ​លោក​នូវ​ការ​ទុក​ទឹក​ចិត្ត​ ដែល​នៅ​មាន​ការ​សង្ស័យ​ខ្លះ។ ​លោក​ Joel Simon ​ជា​នាយក​ប្រតិបត្តិ​នៃ​គណៈ​កម្មាធិការ​ការពារ​ពួក​អ្នក​កាសែត។​ លោក​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​លោក ​ Yassin ​សុំ​កុំ​ឱ្យ​លោក​បង្កើត​ជាថ្មី​នូវ​«ទំនាក់​ទំនង​ប្រទាំង​ប្រទើស​ជាមួយ​នឹង​បណ្តាញ​ផ្សាយ​ព័ត៌មាន»​ដែល​មាន​ច្រើន​ទសវត្សរ៍​មក​ហើយ​នៅ​ពេល​គណបក្ស ​UMNO​ កាន់​អំណាច។

លោក​ Simon ​បាន​សរសេរ​ថា៖​ «បន្ថែម​ពី​លើ​នេះ យើង​សុំ​យ៉ាង​ទទូច​ឱ្យ​រដ្ឋាភិបាល​លោក​អត់ធ្មត់ ​កុំ​ប្រើ​«ច្បាប់​ស្តីពី​ព័ត៌មាន​ក្លែង​ក្លាយ»​ជា​ថ្មី​ទៀត»។​

ច្បាប់​នេះ​មាន​គោល​ដៅ​បន្ថយ​ការ​ផ្តល់​ព័ត៌មាន​មិន​ពិត​ ក៏​ប៉ុន្តែ​វាជា​ហានិភ័យ​ខ្ទប់មាត់​អ្នក​រិះគន់​តាម​កាសែត​និង​បណ្តាញ​ព័ត៌មាន​សង្គម។​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch)​ បាន​និយាយ​ថា​ ​អាជ្ញាធរ​ម៉ាឡេស៊ី​ប្រើ​ច្បាប់​ទាំង​នេះ​ដោយ​រំលោភ​ដើម្បី​ឃុំឃាំង​ឬ​សួរ​ចម្លើយ​ពួក​អ្នក​រិះគន់​តាម​បណ្តាញ​ព័ត៌មាន​សង្គម​ ពួក​អ្នក​នយោបាយ​ប្រឆាំង​និង​ពួក​សមាជិក​នៃ​សង្គម​ស៊ីវិល»៕

ប្រែសម្រួល​ដោយ​លោក​ឈឹម សុមេធ