ក្រុមអាជ្ញាធរម៉ាឡេស៊ី បានចាប់ខ្លួនមនុស្ស១៧នាក់ រួមមានមនុស្ស២នាក់ដែលកាលពីពេលថ្មីៗនេះទើបត្រឡប់មកពីប្រទេសស៊ីរីលើបទចោទប្រកាន់ពីការរៀបចំវាយប្រហារភេរវកម្មនៅក្នុងរដ្ឋធានី Kuala Lumpur។
លោក Khalid Abu Bakar ប្រធានប៉ូលិស បាននិយាយនៅក្នុងសារតាម Twitterនៅថ្ងៃច័ន្ទនេះថា មនុស្ស១៧នាក់ បានត្រូវចាប់ខ្លួនកាលពីថ្ងៃអាទិត្យ។ លោកមិនបានផ្តល់ព័ត៌មានលម្អិត ដោយនិយាយថា សេចក្តីថ្លែងការណ៍នេះ នឹងត្រូវបានចេញផ្សាយក្រោយមក។
ការចាប់ខ្លួន កើតមានឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ បានស្នើច្បាប់ថ្មីប្រឆាំងភេរវកម្មចំនួនពីរកាលពីសប្តាហ៍មុន ដែលនឹងធ្វើការឃុំឃាំងជារៀងរហូតដោយគ្មានការកាត់ទោស ហើយអនុញ្ញាតឲ្យរឹបអូសយកលិខិតឆ្លងដែនដល់ជនណាដែលសង្ស័យថា គាំទ្រសកម្មភាពភេរវកម្ម។
ក្រុមអ្នករិៈគន់និយាយថា ចំណាត់ការនេះជាការធ្វើឲ្យមានឡើងវិញនូវច្បាប់សន្តិសុខដ៏ចម្រូងចម្រាស់ដែលត្រូវបានលុបចោលនៅឆ្នាំ២០១២ ហើយបានព្រមានថា ច្បាប់ថ្មីអាចត្រូវប្រើប្រាស់ដើម្បីដាក់កំហិតលើសេរីភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
ក្រុមអាជ្ញាធរម៉ាឡេស៊ី បានចាប់ខ្លួនមនុស្សមួយចំនួនចាប់តាំងពីការចាប់ផ្តើមកាលពីឆ្នាំទៅដោយចោទប្រកាន់ថា ជាក្រុមអ្នកគាំទ្រក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៕