មន្ត្រីការទូតម៉ាឡេស៊ីមួយរូបថ្លែងថា លោកមានសុទិដ្ឋិនិយមថា សមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ២០១៥នឹងធ្វើឡើងដោយជោគជ័យ ហើយបដិសេធចំពោះការបារម្ភនានាដែលថាអាស៊ានមិនទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីបង្កើតជាសហគមន៍រួមនោះទេ។
លោកបណ្ឌិត Awang Adek Hussein ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅសហរដ្ឋអាមេរិកបានថ្លែងប្រាប់វីអូអក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអង្គារសប្តាហ៍មុនថា សមាហរណកម្មអាស៊ានមានលក្ខណៈយឺតៗនិងមិនមានលក្ខណៈស៊ីជម្រៅដូចសមាហរណកម្មនៅសហគមន៍អ៊ឺរ៉ុបឬសហរដ្ឋអាមេរិកនោះទេ ដែលការបញ្ជូលទីផ្សារតាមល្បឿនអាស៊ីអាគ្នេយ៍នេះនឹងមិននាំឲ្យមានផលប៉ះពាល់អវិជ្ជមានភ្លាមៗដូចការបារម្ភខ្លះនោះទេ។
«ជាការណ៍ពិត នៅប្រទេសខ្លះនិងតំបន់ខ្លះ ពលរដ្ឋមានការបារម្ភថា ពួកគេមិនទាន់មានលក្ខណៈត្រៀមខ្លួនគ្រប់គ្រាន់ ប៉ុន្តែនេះមិនជាបញ្ហាទេ។ ពួកគេអាចចូលរួមក្នុងសមាហរណកម្មតាមល្បឿនដែលពួកគេអាចធ្វើបាន មិនមានការបង្ខំឲ្យត្រូវធ្វើនេះឬធ្វើនោះទេ។ ប៉ុន្តែត្រង់ថាប្រទេសសមាជិកអាស៊ានទាំងអស់សម្រេចបង្កើតទីផ្សាររួម AEC នៅចុងឆ្នាំ២០១៥នេះជាលទ្ធផលដ៏ធំមួយរួចទៅហើយ។»
ប្រទេសម៉ាឡេស៊ីនឹងក្លាយជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០១៥ខាងមុខ ដែលជាឆ្នាំសំខាន់ ព្រោះបណ្តាប្រទេសទាំង១០របស់អាស៊ានមានគម្រោងឈានដល់ការបង្កើតទីផ្សារសេដ្ឋកិច្ចរួមមួយនៅចុងឆ្នាំ។ ពលរដ្ឋនៅប្រទេសអាស៊ានដែលក្រីក្រដូចកម្ពុជា ក៏ដូចជាអ្នកវិភាគមួយចំនួនមានការបារម្ភថា សមាហរណកម្មសេដ្ឋកិច្ចនៅពេលប្រទេសខ្លះមិនទាន់មានលក្ខណៈប្រកួតប្រជែងគ្រប់គ្រាន់នឹងនាំឲ្យមានផលវិបាកដល់ពួកគេ។
លោកឯកអគ្គរាជទូតម៉ាឡេស៊ីថ្លែងថា គេគួរមើលឃើញទីផ្សាររួមអាស៊ាននេះថាជាឱកាសទៅវិញដោយលើកឡើងថា ពាណិជ្ជកម្មមានការកើនឡើងរវាងបណ្តាប្រទេសអាស៊ាន ដែលរួមគ្នាមានប្រជាជនប្រមាណជាង៦៥០លាននាក់ និងទំហំទីផ្សារ GDP សរុបជាង ២.៣០០លានដុល្លារអាមេរិក៕