​កម្មវិធី​ឧបត្ថម្ភ​អាហារ​តាម​សាលានៅ​ប្រទេស​ម៉ាឡាវី​កំពុង​ត្រូវ​បាន​គំរាម​កំហែងដោយវិបត្តិ​អាហារ​

រូប​ឯកសារ ៖ សត្វ​ពពែ​នៅ​ដើរ​តែល​តោល​ ក្រោយ​ម្ចាស់​វា​ស្វែង​រក​ទី​សុវត្ថិភាព​ខ្លួន​ឯង​ នៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ម៉ាឡាវី។

ប្រទេស​ម៉ាឡាវី​(Malawi)​កំពុង​ប្រឈម​មុខ​នឹង​កង្វះ​អាហារ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​គ្រោះ​ទឹក​ជំនន់​ និង​គ្រោះរាំងស្ងួត​ដែល​បាន​កើត​ឡើង​នៅ​រដូវ​ដាំដុះ​កន្លង​ទៅ​នេះ។​ អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​(World Food Program)​ របស់​អង្គការ​សហប្រជាជាតិ​កំពុង​រៀបចំ​គម្រោងការ​ជំនួយ​ស្បៀងអាហារ​ជា​បន្ទាន់​ ប៉ុន្តែ​វិបត្តិ​ដែល​កំពុង​វាយ​ប្រហារ​ស្ទើ​តែ​ទូទាំង​ប្រទេស​ម៉ាឡាវី​មួយ​នេះ​ កំពុង​តែ​ធ្វើ​ឲ្យ​ធនធាន​ខ្សត់ខ្សោយ​ខ្លាំង​ជាង​មុន​ ហើយ​អាច​គំរាម​ដល់​កម្មវិធី​ឧបត្ថម្ភ​អាហារ​តាម​សាលា។

Tisungane Lawrence ​ទៅ​សាលា​ដោយ​ក្រពះ​ទទេរ។ គ្រួសារ​របស់​គេ​ ប្រមូល​ផល​ពោត​មិន​សូវ​ល្អ​ទេ​ក្នុង​ឆ្នាំ​នេះ។​

លោក​យាយ​ Alina Paulo ជាជីដូន​របស់​គេ​ ស្វែង​រក​កសិផល​ដែល​អាច​ប្រមូល​ពី​ដី​ចំការ​របស់​គាត់​បាន។

លោក​យាយ​និយាយ​ថា ៖ «នៅទី​នេះ​ យើង​គ្មាន​អាហារ​គ្រប់​គ្រាន់​ ហើយ​ក្មេងៗ​ទៅ​សាលា​ដោយ​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក។​ គ្រោះ​ទឹក​ជំនន់​កើត​ឡើង​ក្រោយ​ពេល​មាន​គ្រោះ​រាំង​ស្ងួត​ ហើយ​វា​បាន​ប៉ះពាល់​ដល់​កសិផល»។

អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ (World Food Program) ​របស់​អង្គការ​សហប្រជាជាតិ​បាន​ណែនាំ​គម្រោង​កម្មវិធី​ឧបត្ថម្ភ​អាហារ​តាម​សាលា​តាំង​ពី​១៥​ឆ្នាំ​មុន។ សិស្សានុសិស្ស​សាលា​បឋម​សិក្សា​ជាង​មួយ​លាន​នាក់​បាន​ទទួល​ផល​ប្រយោជន៍​ពី​កម្មវិធី​នេះ។​

នៅ​សាលា​របស់​ Tisungane ​ ​ស្ត្រី​មួយ​ក្រុម​កំពុងរៀបចំ​អាហារ​សម្រាប់​សិស្ស​ ដោយ​រាប់​បញ្ចូល​ទាំង​បបរ​ពេល​ព្រឹក​។ ដោយញ៉ាំ​អាហារ​ជាមួយ​មិត្តភក្តិ​របស់គេ​ Tisungane ​និយាយ​ថា​ «ឲ្យ​តែ​ខ្ញុំ​ញ៉ាំ​បបរ​នៅទីនេះ​ ខ្ញុំ​មាន​កម្លាំង​ឡើងវិញ​ ហើយ​ខ្ញុំ​អាច​ប្រមូល​អារម្មណ៍​ស្តាប់​ការបង្រៀន​របស់​លោកគ្រូ​នៅ​ក្នុង​ថ្នាក់​»។

ទោះ​បី​ជា​ក្នុង​ឆ្នាំ​ដែល​មាន​ស្ថានភាព​ល្អ​ អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ​(WFP) ​និយាយ​ថា​ កម្មវិធី​ឧបត្ថម្ភ​អាហារ​តាម​សាលា​គឺ​ជាកញ្ចប់ជំនួយ​ទ្រទ្រង់​សម្រាប់​គ្រួសារ​នៅ​រដូវ​ដែល​ត្រូវ​ការ​ជំនួយ​អាហារ។​

យោង​តាម​លោក​ស្រី Coco Ushiyama អ្នក​តំណាង​នៃ​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ប្រចាំ​ប្រទេស​ម៉ាឡាវី​បាន​និយាយថា​ ជាមួយ​នឹង​វិបត្តិ​ដែល​កំពុង​កើត​មាន​ឡើង​ កម្មវិធី​នេះជា​ការសំខាន់​ណាស់​។

លោក​ស្រី​ Coco Ushiyama​ និយាយ​ថា​ ៖ «យើង​គួរ​តែ​ពង្រីក​ទ្រង់ទ្រាយ​កម្មវិធី​ឧបត្ថម្ភអាហារ​តាម​សាលា​លើក​នេះ។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ ចំនួន​ថវិកា​ឧបត្ថម្ភ ​គឺ​ជា​ឧបសគ្គ​ដ៏​ធំ​មួយ។ ដូចនេះ​ ពួក​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក»។

លោក​ស្រី​ Ushiyama ​និយាយ​ថា​ កម្មវិធី​ឧបត្ថម្ភ​អាហារ​តាម​សាលា​បាន​ជួយ​ឃាត់​មាតាបិតា​សិស្ស​ពី​ការ​បញ្ឈប់​កូន​ឲ្យ​ទៅ​រៀន នៅ​ពេល​ដែល​អាហារ​ និង​ថវិកា​មិនគ្រប់គ្រាន់។

«ពួកគេ​មិន​ត្រឹម​តែ​សិក្សា​ទេ។ ពួកគេ​ទទួល​បាន​អាហារ​មាន​ជីវជាតិ​ ហើយ​ពួកគេ​អាច​ជៀស​ចេញ​ពី​មធ្យោបាយ​ដោះស្រាយ​ដោយ​អវិជ្ជមាន​ ដែល​យើង​បាន​ដឹង​ថា​ កើត​ឡើង​តាម​រយៈ​ការ​រៀបអាពាហ៍​ពិពាហ៍​នៅ​វ័យ​ក្មេង​ និង​ការ​មាន​គភ៌»។

ចាប់​ពី​ពេល​នេះ​ត​ទៅ​ Tisungane ​និង​បង​ប្អូន​ជីដូន​មួយ​ចំនួន​៧នាក់​របស់​គេ​នឹង​ស្នាក់​នៅ​សាលា​ ស្រប​ពេល​ដែល​ជីដូន​របស់​គេ​តស៊ូ​ទ្រទ្រង់​ជីវភាព​នៅ​ផ្ទះ៕

ប្រែសម្រួលដោយ វិញ សុជាតា