ការសិក្សាថ្មីបានបង្ហាញថា ប្រជាជនដែលរស់នៅក្បែរទំនប់អគ្គិសនីធំៗក្នុងតំបន់ក្រោមវាលខ្សាច់សាហារ៉ា (Sahara) ទ្វីបអាហ្វ្រិក ប្រឈមមុខនឹងជំងឺគ្រុនចាញ់ខ្ពស់ជាងគេបួនដង។ របាយការណ៍ដដែលបានព្រមានថា ការឆ្លងជំងឺគ្រុនចាញ់នឹងកើនឡើងដល់រាប់ម៉ឺនករណីរៀងរាល់ឆ្នាំ ខណៈគេរំពឹងថាទំនប់អគ្គិសនីថ្មីៗជាច្រើននឹងត្រូវសាងសង់ឡើងនាពេលខាងមុខក្នុងតំបន់។
ការសិក្សាពីជំងឺគ្រុនចាញ់នៅក្នុងទស្សនាវដ្តី Malaria Journal បានបង្ហាញរូបភាពទីតាំងទំនប់អគ្គីសនី ប្រហែល១២៧០កន្លែង និងប្រៀបធៀបទីតាំងទាំងនោះជាមួយនឹងករណីនៃការកើតមានជំងឺគ្រុនចាញ់។ របាយការណ៍សិក្សានេះសន្និដ្ឋានថា ប្រជាជនច្រើនជាងមួយលាននាក់ក្នុងតំបន់ក្រោមវាលខ្សាច់សាហារ៉ានឹងឆ្លងជំងឺគ្រុនចាញ់ក្នុងឆ្នាំនេះ ដោយសារតែពួកគេរស់នៅក្បែរទំនប់អគ្គិសនី។
លោក Matthew McCartney អ្នកស្រាវជ្រាវនៃវិទ្យាស្ថានគ្រប់គ្រងទំនប់អគ្គីសនីអន្តរជាតិ គឺជាសហអ្នកនិពន្ធនៃរបាយការណ៍ខាងលើ។
លោក Mattew McCartney បានលើកឡើងថា៖ «ដូច្នេះយើងរកឃើញថា ទំនប់អគ្គិសនីទាំងនោះពិតជាមានផលប៉ះពាល់ពាក់ព័ន្ធនឹងជំងឺគ្រុនចាញ់ ព្រោះថាទីតាំងទាំងនោះផ្តល់កន្លែងសម្រាប់សត្វមូសធម្មតា និងមូសដែកគោលបង្កាត់ពូជ។ ហើយប្រភេទមូសទាំងនេះហើយជាភ្នាក់ងារនាំ និងចម្លងជំងឺគ្រុនចាញ់ទៅក្នុងខ្លួនមនុស្ស។ មាត់អាងស្តុកទឹកបានផ្តល់ទីតាំងសម្រាប់មូសបង្កកំណើត ដូច្នេះវានឹងបង្កើនចំនួនមូសជុំវិញអាងស្តុកទឹកជាច្រើន»។
ទំនប់អគ្គិសនីធ្វើឲ្យទឹកហូរយឺត ឬមិនហូរសោះ ហើយក៏ដូចជាទឹកនៅពេញប្រៀបមាត់ច្រាំង។ របាយការណ៍សិក្សាក៏បានពិចារណាផងដែរអំពី ទំនប់អគ្គិសនីថ្មីធំៗចំនួន៧៨ដែលត្រូវគេគ្រោងសាងសង់សម្រាប់តំបន់ក្រោមវាលខ្សាច់សាហារ៉ា។
មានការជំរុញដ៏ធំមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ក្រោមវាលខ្សាច់សាហារ៉ានេះ ហើយភាគច្រើននៃការជំរុញនេះ គឺផ្តោតទៅលើការសាងសង់ទំនប់ទឹកថ្មី។
ប្រសិនបើទំនប់ទាំងអស់ត្រូវបានសាងសង់ ចំនួនករណីឆ្លងជំងឺគ្រុនចាញ់នឹងអាចកើនឡើងដល់៥៦.០០០ក្នុងមួយឆ្នាំ។ លោក McCartney បានបញ្ជាក់ថា គ្រោះថ្នាក់នៃជំងឺគ្រុនចាញ់គួរត្រូវបានយកទៅពិចារណានៅក្នុងផែនការអភិវឌ្ឍន៍។
លោកសង្កត់ធ្ងន់ថា៖ «យើងទាមទារថា ជាធម្មតាអ្នកគ្រប់គ្រងទំនប់អគ្គិសនី និងអ្នករៀបចំគម្រោង ក៏ដូចជាការអភិវឌ្ឍធនធានទឹក ចាំបាច់ត្រូវគិតគូរពិចារណាថា ហេដ្ឋារចនាសម្ព័ន្ធដែលពួកគេសាងសង់ឡើងមានផលប៉ះពាល់លើជំងឺគ្រុនចាញ់។ ហើយពួកគេចាំបាច់ត្រូវធ្វើការងារច្រើនជាងនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ទាំងនោះ»។
របាយការណ៍សិក្សាដដែលនេះ បានផ្តល់ការណែនាំមួយចំនួនផងដែរ។ លោកMcCartneyបានបន្តទៀតថា៖«វាមានវិធីសាស្ត្រកាត់បន្ថយផលប៉ះពាល់ និងដំណោះស្រាយតាមបែបប្រពៃណីបុរាណ ដែលផ្តោតជុំវិញការទប់ទល់ប្រឆាំងជំងឺគ្រុនចាញ់ ដោយគេងចងមុង និងការបាញ់ថ្នាំសម្លាប់សត្វមូសនៅតាមផ្ទះប្រជាជនជាដើម។ ហើយក៏មានមធ្យោបាយជាច្រើនផ្សេងទៀតដើម្បីដោះស្រាយបញ្ហានេះផងដែរ ដូចជាការផ្លាស់ប្តូរកម្រិតទឹកក្នុងអាង នៅកន្លែងមូសបង្កកំណើត។ នៅពេលកន្លែងទាំងនោះស្ងួត សត្វដង្កូវទឹកនឹងងាប់ក្នុងអំឡុងពេលមួយ។ មធ្យោយបាយមួយផ្សេងទៀតគឺ ការប្រើប្រាស់សត្វត្រី។ ប្រភេទសត្វត្រីមួយចំនួនស៊ីដង្កូវទឹកជាអាហារ។
បញ្ហាគ្រោះថ្នាក់នៃជំងឺគ្រុនចាញ់មានកាន់តែខ្ពស់នៅក្នុងតំបន់ចម្ងាយ ៥គីឡូម៉ែត្រពីបរិវេណទំនប់អគ្គិសនី។ វាស្ទើរតែស្មើរយៈចម្ងាយដែលសត្វមូសអាចហោះនាំយកមេរោគមួយប្រភេទឈ្មោះថា «ប្លាស្មូដ្យូម(Plasmodium falciparum)»ដែលបង្កជំងឺគ្រុនចាញ់បាន។ គ្រោះថ្នាក់ធំបំផុតនៃជំងឺគ្រុនចាញ់នេះ គឺស្ថិតនៅតំបន់មានស្ថានភាពប្រែប្រួល ព្រោះជំងឺគ្រុនចាញ់កើតឡើងតាមរដូវជាពិសេសគឺនៅរដូវវស្សា។
ប៉ុន្តែលោក McCartneyបានបញ្ជាក់ថា មិនមែនត្រឹមតែទំនប់អគ្គិសនីធំៗ ដែលជាជម្រកសម្រាប់សត្វមូសបង្កកំណើត។
លោកថា៖ «ជាឧទាហរណ៍ អាងស្តុកទឹកតូចៗ ស្រះ ធុងទឹក ដីសើមធម្មជាតិ បឹងធម្មជាតិ។ ហើយដូច្នេះទោះជាចំនួនករណីជំងឺគ្រុនចាញ់ដែលយើងរកឃើញស្ថិតក្នុងកម្រិតខ្ពស់ទៅហើយក្តី វានៅតែមានតួលេខតិចតូចបើប្រៀបធៀបជាមួយនឹងចំនួនករណីជំងឺគ្រុនចាញ់សរុបនៅទូទាំងទ្វីបអាហ្វ្រិក។ នេះជាការប្រៀបធៀបទៅនឹងចំនួននៃការឆ្លងជំងឺគ្រុនចាញ់១៤៥លានករណីក្នុងមួយឆ្នាំនៅទូទាំងតំបន់ក្រោមវាលខ្សាច់សាហារ៉ានៃទ្វីបអាហ្វ្រិក»។
លោក McCartney បានពណ៌នាទំនប់អគ្គិសនីជាជម្រើសសំខាន់មួយសម្រាប់រដ្ឋាភិបាលដែលមានភាពតក់ក្រហល់ក្នុងការអភិវឌ្ឍ។ ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា៖ «នេះជារឿងគ្មានសីលធម៌ទាល់តែសោះ ដែលប្រជាជនរស់នៅក្បែរកន្លែងទំនប់អគ្គិសនីធំៗត្រូវទទួលរងគ្រោះពីការអភិវឌ្ឍនេះ ហើយអាចរហូតដល់បាត់ជីវិតដោយសារជំងឺគ្រុនចាញ់»៕
ប្រែសម្រួលដោយ សៅ ផលនិស្ស័យ