ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធ ប្រកាសដាក់ឲ្យប្រើ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨» និង «យុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០២៥ នៅកម្ពុជា» ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
យុទ្ធសាស្រ្តចក្រាបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា ចំណែកយុទ្ធនាការផ្ទៃមេឃពណ៌ខៀវបង្កើតឡើងដោយវិទ្យាស្ថានអភិវឌ្ឍបៃតងសកល (GGGI) ដោយមានការគាំទ្រពីទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD) និងអង្គការ Oxfam ប្រចាំកម្ពុជា។
ក្នុងពិធីប្រកាសឲ្យអនុវត្តយុទ្ធសាស្រ្តសំខាន់ៗនេះ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ រៀបចំឡើងក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថានឲ្យទៅជាឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។
លោក អ៊ាង សុផល្លែត ប្រាប់វីអូអេក្រោយបញ្ចប់ការថ្លែងសុន្ទរកថារបស់លោកថា យុទ្ធសាស្រ្តចក្រាបង្កើតឡើងជាចាំបាច់ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
លោកថ្លែងថា៖ «ខ្ញុំឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុហ្នឹងតាមរយៈការបញ្ចេញយុទ្ធសាស្រ្តចក្រាហ្នឹងឯង ហើយយុទ្ធសាស្រ្តចក្រាហ្នឹងគឺជាមូលដ្ឋានគ្រឹះសម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ»។
លោកបានបន្ថែមថា យុទ្ធសាស្រ្តនេះក៏នឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលស្អាតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខផងដែរ។
លោកថា៖ «យុទ្ធសាស្រ្តចក្រាគឺជាយុទ្ធសាស្រ្តមួយដែលមានភាពប្រាកដនិយមជាទីបំផុត អ៊ីចឹងទេខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ ជាពិសេសយុទ្ធសាស្រ្តនេះគឺកំពុងតែបានទទួលជោគជ័យជាបណ្តើរៗហើយក្នុងការកាត់បន្ថយថង់ប្លាស្ទិក ហើយដែលជាការងារមួយនៅក្នុងការងារបីនោះ គឺ សម្អាត។ អ៊ីចឹងទេ ចាំមើលមួយឆ្នាំពីរឆ្នាំទៀតប្រទេសខ្មែរយើងនឹងស្អាតហើយ»។
យុទ្ធសាស្រ្តចក្រាមានជាភាសាខ្មែរ និងអង់គ្លេស ដែលភាសាខ្មែរមានកម្រាស់៤៤ទំព័រ។ យុទ្ធសាស្រ្តស្នូលផ្តោតលើការពង្រឹងគោលនយោបាយ ការកសាងរដ្ឋបាលឌីជីថល និងការពង្រីកការផ្សព្វផ្សាយ និងមានយុទ្ធសាស្រ្តធំៗចំនួនបី។
យុទ្ធសាស្រ្តទី១ ផ្តោតលើភាពស្អាត តាមរយៈការគ្រប់គ្រងកាកសំណល់គ្រប់ប្រភេទ ការគ្រប់គ្រងគុណភាពបរិស្ថាន និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ យុទ្ធសាស្រ្តទី២ផ្តោតលើភាពបៃតង តាមរយៈការពង្រីកចលនាដាំដើមឈើ ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអភិរក្សជីវចម្រុះ ការតាមដានការប្រែប្រួលគម្របព្រៃឈើ និងការលើកកម្ពស់ជីវភាពសហគមន៍។ ចំណែកយុទ្ធសាស្រ្តទី៣ផ្តោតលើចីរភាព តាមរយៈការអនុវត្តគោលនយោបាយ និងលិខិតគតិយុត្តដែលមានស្រាប់ និងការពង្រីកកិច្ចសហប្រតិបត្តិជាមួយដៃគូពាក់ព័ន្ធ។
ថ្មីៗនេះ ក្រសួងបរិស្ថានកំពុងធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ព្រមទាំងបានដាក់ចេញវិធានការចំនួន៤ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាពឲ្យមានប្រសិទ្ធភាព តាមរយៈការអនុវត្តច្បាប់១០០% មិនអត់ឱនចំពោះឧក្រិដ្ឋកម្មធនធានធម្មជាតិ ពង្រឹងសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ សហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីពង្រឹងការអនុវត្តច្បាប់បន្ថែម បង្កើតផែនការដាំដើមឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព។
កញ្ញា គីម សូមី នាយិកាប្រចាំប្រទេសនៃវិទ្យាស្ថានអភិវឌ្ឍបៃតងសកល (GGGI) លើកឡើងថា «យុទ្ធនាការផ្ទៃមេឃពណ៌ខៀវ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ២០២៥នៅកម្ពុជា» គឺជាវេទិកានាំយកគ្រប់ភាគីពាក់ព័ន្ធក្នុងការគាំទ្ររដ្ឋាភិបាលដើម្បីដោះស្រាយការបំពុលខ្យល់ និងវិបត្តិបម្រែបម្រួលអាកាសធាតុ។
កញ្ញាថ្លែងថា៖ «វាគឺជាការអំពាវនាវឱ្យមានសកម្មភាពសម្រាប់រដ្ឋាភិបាល ធុរកិច្ច និងបុគ្គលដូចជាអ្នកទាំងអស់គ្នា ដើម្បីចូលរួមកម្លាំងក្នុងការបង្កើតភពផែនដីដែលស្អាតជាងមុន មានសុខភាពល្អ និងកាន់តែមាននិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ និងផ្តល់នូវបរិយាកាសដែលមានខ្យល់ បរិសុទ្ធសម្រាប់ដកដង្ហើម»។
ការប្រែប្រួលអាកាសធាតុ ជាបញ្ហាធំមួយដែលកម្ពុជា និងប្រទេសនៅទូទាំងពិភពលោកកំពុងយកចិត្តទុកដាក់។
កាលពីចុងខែតុលា ធនាគារពិភពលោក (World Bank) បានចេញរបាយការណ៍បង្ហាញថា កម្ពុជាជាប្រទេសមួយដែលមានអត្រានៃការកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតក្នុងពិភពលោក និងជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់កម្រិតទាប ប៉ុន្តែមានកំណើននៃអត្រាបំភាយឧស្ម័នផ្ទះកញ្ចក់លឿនបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ ធនាគារពិភពលោកបានជំរុញឲ្យកម្ពុជាកែលម្អភាពធន់លើហេដ្ឋារចនាសម្ពន្ធដើម្បីបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់កំណើនភាពក្រីក្រ ដែលបណ្តាលមកពីភាពងាយរងគ្រោះដោយទឹកជំនន់ និងគ្រោះរាំងស្ងួត។
បើតាមរបាយការណ៍របស់ធនាគារពិភពលោក ផលប៉ះពាល់នៃអាកាសធាតុបង្កហានិភ័យច្រើនដល់ប្រទេស និងប្រជាជន ហើយធ្វើឲ្យមានបញ្ហាប្រឈមដល់ការអភិវឌ្ឍកាន់តែធ្ងន់ធ្ងរ ដោយទឹកជំនន់នឹងបង្កការខាតបង់កាន់តែច្រើនឡើងដល់រោងចក្រ ផ្លូវថ្នល់ ផ្ទះសម្បែង និងសាលារៀន និងបណ្តាលឲ្យសេវាកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗជួបភាពរអាក់រអួល។ បម្រែបម្រួលអាកាសធាតុត្រូវបានព្យាករណ៍ថានឹងបណ្តាលឲ្យទិន្នផលដំណាំ និងជលផលធ្លាក់ចុះ ដែលបង្កបញ្ហាប្រឈមដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ សីតុណ្ហភាពកាន់តែខ្ពស់ និងភ្លៀងធ្លាក់ខ្លាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ហើយជាដើមចមនៅពីក្រោយការកើនឡើងជំងឺផ្សេងៗ។
លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) សាទរការសម្ពោធយុទ្ធសាស្រ្ត និងយុទ្ធនាការទាំងនេះ ថានឹងអាចធ្វើឲ្យការចូលរួមការពារបរិស្ថានបានប្រសើរ និងកាត់បន្ថយអំពើពុករលួយ។ ទោះយ៉ាងណាលោកថា ការអនុវត្តយុទ្ធសាស្រ្ត ឬលិខិតគតិយុត្តទាំងអស់អាចមានប្រសិទ្ធភាពទៅបាន លុះត្រាតែរដ្ឋាភិបាលអនុវត្តប្រកបដោយឆន្ទៈ និងមិនប្រកាន់និន្នាការនយោបាយ។
លោកបញ្ជាក់ថា៖ «អ្វីដែលរដ្ឋាភិបាលត្រូវគិត គឺគិតគូរពីការចូលរួមប្រកបដោយបរិយាប័ន្នដែរ។ ការចូលរួមប្រកបដោយបរិយាប័ន្ននៅកន្លែងនេះគឺការចូលរួមពីគ្រប់ភាគីទាំងអស់ដែលជាសង្គមស៊ីវិល ប្រជាពលរដ្ឋ កុំយកនិន្នាការនយោបាយយកមកផ្សារភ្ជាប់ ដែលធ្វើឲ្យមានការរំលោភសិទ្ធិបរិស្ថានរបស់ពួកគាត់ផង រំលោភសិទ្ធិនៃការចូលរួមរបស់សាធារណជនដែរ»។
លោក អេង គឹមហុង បន្ថែមថា៖ «ទន្ទឹមជាមួយនឹងយុទ្ធសាស្រ្តវិស័យបរិស្ថាននេះ ខ្ញុំយល់ថាត្រូវបន្ថែមលើការប្តេជ្ញាចិត្តរបស់ក្រសួង មន្រ្តីរបស់ក្រសួង ហើយនិងការធានានូវការលុបបំបាត់អំពើពុករលួយ។ បើសិនជាយុទ្ធសាស្រ្តដាក់ចេញហើយនៅតែមានអំពើពុករលួយ កង្វះយន្តការទប់ស្កាត់អំពើពុករលួយ នោះនឹងធ្វើឲ្យយុទ្ធសាស្រ្តមិនអាចជោគជ័យទៅបានទេ»។
ក្នុងចន្លោះឆ្នាំ ២០០១ ដល់ឆ្នាំ ២០២០ កម្ពុជាបាត់បង់គម្របព្រៃឈើជិត ២ លាន ៥ សែនហិកតា ឬស្មើនឹងប្រមាណ ២៨% នៃគម្របព្រៃឈើសរុប។ នេះបើតាមរបាយការណ៍ត្រួតពិនិត្យព្រៃឈើលើកទី១ ចេញនៅដើមឆ្នាំ២០២២ ដោយបណ្តាញសហគមន៍ព្រៃឡង់ ក្រោមគម្រោង «ប្រជាពលរដ្ឋចូលរួមក្នុងយុត្តិធម៌បរិស្ថានសម្រាប់ទាំងអស់គ្នា (CEEJA)»។ ការបាត់បង់នេះធ្វើឲ្យមានបម្រែបម្រួលអាកាសធាតុ ប៉ះពាល់ដល់ការអភិរក្សធនធានជីវៈចម្រុះ និងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពលរដ្ឋដែលពឹងផ្អែកលើព្រៃឈើ៕