អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ចាប់ខ្លួន​និង​ដោះលែង​កម្មករ​ប្រហែល​៥០​នាក់ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ

  • នៅ វណ្ណារិន

រូបឯកសារ៖ កម្មករ​កាត់ដេរធ្វើបាតុកម្មទាមទារ​ឲ្យ​ដំឡើងប្រាក់ឈ្នួល​​ដល់ ១៦០ ដុល្លារ។

យ៉ាងហោច​ណាស់​​មាន​អ្នក​តវ៉ា​ប្រហែល​៥០​នាក់​ត្រូវ​បាន​​ចាប់​ខ្លួន​បញ្ជូន​​ទៅ​កាន់​ស្នង​ការ​ប៉ូលិស​ខេត្ត​ស្វាយរៀង​នា​ថ្ងៃ​ច័ន្ទ​នេះ​ ​​មិន​បាន​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បាញ់​ទឹក​បំបែក​អ្នក​តវ៉ា។

ក្រុម​អ្នក​តវ៉ា និង​តំណាង​សហជីពបាន​អះអាង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​អាជ្ញាធរ​ខេត្ត​ស្វាយរៀងបាន​ប្រើ​ប្រាស់​ឡាន​ពន្លត់​អគី្គភ័យបាញ់​ទឹក​បំបែក​ក្រុម​អ្នក​តវ៉ាច្រើនពាន់​នាក់ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បាវិត​ ​ដែល​តវ៉ា​សុំ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បរិមា​១៤៨​ដុល្លារ អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នោះ។​

យ៉ាងហោច​ណាស់មាន​អ្នក​តវ៉ា​ប្រហែល​៥០​នាក់​ត្រូវ​បានចាប់​ខ្លួន​បញ្ជូនទៅ​កាន់​ស្នង​ការ​ប៉ូលិស​ខេត្ត​ស្វាយរៀង​នា​ថ្ងៃ​ច័ន្ទ​នេះ​ មិន​បាន​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បាញ់​ទឹក​បំបែក​អ្នក​តវ៉ា។ ​នេះបើតាម​ការ​ឲ្យ​ដឹង​របស់​អ្នក​ឃ្លាំ​មើល​ហេតុ​ការណ៍​នេះ​ និង​ក្រុម​អ្នក​តវ៉ា។​

លោក ​កែវ​ សាម៉ន​ជាកម្មករ​កាត់​ដេរអាយុ​២៩​ឆ្នាំ​ ​ដែលបាន​ចូលរួម​បាតុកម្ម​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នា​ក្រុង​បាវិត។​ ​លោក​និយាយ​ថា ​អាជ្ញាធរ​បាន​បើក​ការ​វាយ​តប់​លើ​ពួក​អ្នក​តវ៉ា​ មុនចាប់​ខ្លួន​ពួក​គេ​ឡើង​ឡាន​ ហើយ​ដឹកទៅ​សាលា​ខេត្ត។​

«ប៉ូលិស​ហ្នឹង​បាញ់​ទឹក​ដាក់​កម្មករ​ ​ហើយ​អញ្ចឹង​ហើយ​គេ​ចាប់​បាន​កម្មករ​ពីរ​ឡាន​ ​ទាំងប្រុស​ទាំង​ស្រី​ហ្នឹង។​ ​ហើយ​ឥឡូវ​គេ​បញ្ជូន​ទៅ​សាលា​ក្រុង​ខេត្ត​ស្វាយរៀង​បាត់​ហើយ។​ ​ហើយ​មុន​ហ្នឹង​ចាប់​ ​បើ​ប្រុសៗ​ គេ​មាន​ការ​វ៉ៃ​ហើយ​បាន​ដាក់​លើ​ឡាន។​ មុន​នឹង​ដាក់​លើឡាន​ហ្នឹង​គេ​វ៉ៃ​ដែរ»។​

លោក​ឃុន សុខុម​ ជាអ្នក​សម្រប​សម្រួល​ការងារ​របស់សម្ព័ន្ធ​សហជីព​ការងារ​កម្ពុជា (CLC)។​ ​លោកបញ្ជាក់​ពី​មូលហេតុ​ក្នុង​ការ​តវ៉ា​របស់​កម្មករ​កាត់​ដេរ​ក្នុង​ក្រុង​បាវិត​ ដោយ​ពន្យល់​ថា​ ដោយ​តែ​មាន​ការ​ប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​អប្បរិមា​ត្រឹម​តែ​១៤០​ដុល្លារតាម​គោល​ការណ៍​របស់​រដ្ឋាភិបាល​ ​ក៏​ប៉ុន្តែ​កម្មករ​ចង់​បាន​ដល់​ទៅ​១៤៨​ដុល្លារតាម​អ្វី​ដែល​ម្ចាស់​រោង​ចក្រ​នៅ​ទីនោះ​ធ្លាប់​សន្យា​ឲ្យ​ពួក​គេ។​

«រដ្ឋាភិបាល​ដំឡើង​ឲ្យ១៤០​ដុល្លារគឺបន្ថែម​១២​ដុល្លារលើ​១២៨​ដុល្លារ។​ វា​ខុស​ហ្នឹង​អ្វី​ដែល​ក្រុម​ហ៊ុន​បាន​សន្យា​ជាមួយ​គាត់។​ ដល់​អញ្ចឹង ​គាត់​ប្រតិកម្ម​ថា​ ហេតុ​អ្វី​បាន​ដំឡើង​តែ​១២​ដុល្លារ ​ពីព្រោះ​ឆ្នាំ​មុន​ក្រុមហ៊ុន​សន្យា​ថា​ នឹង​ដំឡើង​ឲ្យ២០​ដុល្លារ។ ​ហើយ​អា​នេះ​គឺ​ជា​មូលហេតុ​នៃ​ការ​ទាមទារ​ផ្ទុះ​ឡើង​ហ្នឹង»។​

ឧស្សាហ​កម្ម​កាត់​ដេរ​គឺ​ជា​ឧស្សាហ​កម្ម​ដ៏​សំខាន់​សម្រាប់ផ្គត់ផ្គង់​សេដ្ឋកិច្ច​កម្ពុជា។ ​វា​បាន​ផ្តល់​ការងារ​ដល់​កម្មករ​កាត់​ដេរ​កម្ពុជា​យ៉ាង​ហោច​ណាស់​ ៧០​ម៉ឺន​នាក់​ទូទាំង​ប្រទេស។​ ​បើ​ទោះ​ជា​ចំណូល​ពី​ឧស្សាហ​កម្មនេះ​មាន​ច្រើន​រាប់​ពាន់​លាន​ដុល្លារក្នុង​មួយ​ឆ្នាំៗ​ក៏ដោយ​ ​ក៏​ប៉ុន្តែ​ជីវភាព​កម្មករ​កម្ពុជា​ដែលទទួល​បាន​ប្រាក់​ខែ​អប្បរិមា​ត្រឹមតែ​១២៨​ដុល្លារនោះ​ នៅ​តែ​មាន​ភាព​ខ្សត់​ខ្សោយ។​

កាលពី​ខែ​តុលា​កន្លង​ទៅ​ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរិមា​សម្រាប់កម្មករ​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​ និង​ស្បែក​ជើង​ដល់​ ​១៤០​ដុល្លារគឺ​ឡើង​ពី​១២៨ដុល្លារ​អាមេរិកក្នុង​មួយ​ខែ។​ ការ​ដំឡើង​នេះ​នឹងចាប់​ផ្តើមពី​ខែ​មករា​ឆ្នាំ​២០១៦​ខាង​មុខ​ត​ទៅ។​

លោក​ឃុន សុខុម​នៃ​សម្ព័ន្ធ​សហជីព​ការងារ​កម្ពុជា​ ​(CLC)​ និយាយថា​ ​កម្មករ​ជាង​២​ម៉ឺននាក់​បាន​ចេញ​មក​ធ្វើ​បាតុកម្ម​ចាប់តាំង​ពី​ល្ងាច​ថ្ងៃ​ពុធ​សប្តាហ៍​កន្លង​ទៅ​ ​បន្ទាប់​ពី​ឮដំណឹង​នៃ​ការ​ដំឡើង​នេះ។​ ពួក​គេ​ភាគ​ច្រើន​ចង់​ឲ្យ​មាន​ដំណោះ​ស្រាយ​ជូន​គាត់។​

«ការ​តវ៉ា​មាន​ចាប់​តាំងពី​ថ្ងៃ​ទី១៦​ បន្ទាប់​ពី​ម៉ោង​បាយ​ទៅ រាល់​ថ្ងៃ​រហូត លើក​លេង​តែ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ហ្នឹង​ណា៎។ តាម​ពិត​ទៅ ​ពួកគាត់​ចង់​ឲ្យ​មា​នដំណោះ​ស្រាយ​ជូន​ពួក​គាត់​ ​ពី​ព្រោះ​គាត់​ធ្វើ​ការ​តវ៉ា​ហ្នឹង​គឺ​ច្រើន​ថ្ងៃ​មក​ហើយ ​តាំង​ពី​ថ្ងៃ​ទី១៦​មក​ណា៎»។​

លោក​បន្ត​ថា​ អ្នក​តវ៉ា​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​បន្ទាប់​ពី​ហេតុ​ការណ៍​នោះ។​

ក្រុម​អាជ្ញាធរ​ខេត្ត​និយាយ​ថា​ ការ​បង្ក្រាប​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​គឺ​ជា​ការ​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ភាព​ហ្វឹក​វរ ​និង​មិន​ឱ្យ​មាន​ការ​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​អ្នក​វិនិយោគ​ទុន​ក្នុង​ខេត្ត​ ដោយ​ការ​គប់​ដុំថ្ម​ដោយអ្នក​តវ៉ា។​

លោកសេង សីលា អភិបាល​ក្រុង​បាវិត ​បាន​អះអាង​អំពី​មូលហេតុ​នៃ​ការ​បាញ់​ទឹក​ដាក់​ក្រុម​អ្នក​តវ៉ា​ ដោយ​និយាយ​យ៉ាងដូច្នេះ​ថា៖

«មូល​ហេតុ​គឺ​កម្មករ​នៅ​តំបន់​តាយសេង​ ​វា​ចង់​មក​ក្រឡុក​នៅ​តំបន់​មេនហាតធេន។​ ​ដល់​អញ្ចឹង​ហើយ​ យើង​ទប់​កុំឱ្យ​គាត់​មក។ ​ហើយ​ទប់​កុំ​ឱ្យ​គាត់​មក​ប៉ុណ្ណឹង​ហើយ​គាត់​វៀង​កាត់​តាម​ផ្លូវ​ក្រោយ។​ ​មាន​ផ្លូវមួយ​កាត់​តាម​វាល​ស្រែ​ខាង​ក្រោយ​ហ្នឹង​ ​គាត់​កាត់ទៅ​គប់​រោង​ចក្រ​គេ​នៅ​ មេនហាតធេន​នៅ​ខាង​ក្រោយ​ទៀត។​ ឥឡូវ​នេះ​ប៉ូលិស ​ប៉េអឹម​យើង​ព័ទ្ធ​ចាប់​បាន​ប៉ុន្មាន​នាក់​ ហើយ​យក​ទៅ​សាកសួរ​ថា ​តើ​គាត់​មាន​បញ្ជា​ពី​ណា​ម​ក អី​ក៏​តស៊ូ​ម្ល៉េះ​ វារ​កាត់​ភក់ទៅ​គប់​រោង​ចក្រ​គេ​ដល់​ក្រោយ​ទៀត​ ​ហើយ​ចម្ងាយ​ប្រហែល​១​គីឡូ​ដី»។​

ស្រប​គ្នា​នោះ​ដែរ​ លោក​រស់​ ផារឹទ្ធ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្វាយរៀង​ បាន​បញ្ជាក់​ប្រាប់​ ​VOA ​ថា ​ការ​បង្ក្រាប​កាល​ពី​ព្រឹក​មិញ​នេះ​គឺ​ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ និង​សន្តិសុខ​នៅ​ក្នុង​ក្រុង​បាវិត​ ​ហើយ​កម្មករ​ដែល​តវ៉ា​នោះ​ទៀត​សោតមាន​គ្នា​ត្រឹមតែ​ពីរ​ទៅ​បី​ពាន់​នាក់​ប៉ុណ្ណោះ។​ ​វា​ខុស​ពី​ការ​អះអាង​របស់​ក្រុម​អ្នក​ឃ្លាំ​មើល​ហេតុ​ការណ៍​នោះ​ ដែល​និយាយ​ថា​ មាន​ដល់​ទៅជាង​២​ម៉ឺន​នាក់។​

«នេះ​គ្រាន់​តែ​ហៅ​គាត់​មក​ ​អញ្ជើញគាត់​មក​សួរ​នាំ​គាត់​ អប់រំ​គាត់​ ពន្យល់​គាត់ថា ​មាន​ការ​អី។​ ដូច​ខ្ញុំ​និ​យាយ​ខាង​ដើម​អញ្ចឹង​ ត្រូវ​ចរចា​គ្នា​ដោយ​សន្តិវិធី រក​វិធី​ដោះ​ស្រាយ។​ គាត់​ចង់​បា​នអី​ គាត់​ចង់​ទាមទារ​អី​ យើង​ត្រូវ​ចរចា​គ្នា ​កុំឈាន​ដល់​អំពើហិង្សា​អញ្ចឹង»។​

លោក​រស់​ ផារឹទ្ធក៏​បាន​បញ្ជាក់​ពី​ការ​ចាប់​ខ្លួន​របស់​ក្រុម​អ្នក​តវ៉ាផង​ដែរ​ ក៏​ប៉ុន្តែ​និយាយ​ថា​ អាជ្ញាធរ​គ្រាន់​តែ​ធ្វើ​ការ​សាក​សួរ ​ហើយ​និយាយ​ថា​ មាន​ការ​ដោះ​លែង​វិញ​ហើយ។​

ក៏​ប៉ុន្តែលោក​នុត បូពិណ្ណារ័ត្ន​ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​ ​Licadho​ ​ដែល​បាន​តាម​ដាន​ហេតុ​ការណ៍​នេះ​ បាន​ថ្លែង​ប្រាប់ ​VOA ​ថា ​ភាគ​ច្រើន​នៃ​កម្មករ​ ដែល​ត្រូវ​បានចាប់​ខ្លួននា​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ គឺ​មិន​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​នៅពេល​មាន​បាតុកម្ម​នោះ​ទេ។​

«បាទ​អ្វី​ដែល​យើង​មើល​ទៅ​ ដូច​តាម​ដែល​ពួក​គាត់​និយាយ​ទៅ​គឺអ្នក​ខ្លះ​គឺ​អត់​មាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់​ស្តែង​អី​នៅ​ទី​នោះ​ទេ។​ ​ចេះ​តែ​ឃាត់​គាត់​មក។​ ​ឃាត់​គាត់ម​ក​ហើយ​ ពេល​ថ្ងៃត្រង់​ម៉ោង​១២​ហ្នឹង​ ​ខ្ញុំ​នឹងបង​ប្អូន​គាត់​យក​បាយ​មក​ឲ្យ​ហូប​ ក៏​ឃាត់​មិន​ឲ្យ​គេ​យក​បាយ​ឲ្យទៀត។​ អញ្ចឹង ​វា​ប៉ះពាល់​ទៅលើ​សិទ្ធិ​ក្នុង​ការ​ទទួល​អាហារ​របស់​គាត់​ទៀត​ ព្រោះទោះបី​ជា​គាត់មាន​ទោស​ ហើយ​បងប្អូន​មាន​សិទ្ធិ​ជួប ​មាន​សិទ្ធិ​អី​ ​និង​យក​អាហារ​ទៅ​ឲ្យ។ ​ក៏​ប៉ុន្តែ​នេះ​គឺ​ដេញ​អត់​ឲ្យ​ពួក​គាត់​ជួប​ អត់​ឲ្យអី​ ​ដេញ​ទាំង​ខ្ញុំ​ទៀត​មិន​ឲ្យ​ឈរ​ក្បែរ​របង​គេ​ទៀត»។​

លោក​នុត បូពិណ្ណារ័ត្នបាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ ​អាជ្ញាធរ​បាន​ចាប់​ឃុំ​ខ្លួនអ្នក​តវ៉ាសុំ​ដំឡើង​ប្រាក់​ឈ្នួល​ចំនួន​៤​នាក់ ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពីសេស​នេះ​ ​និង​បញ្ជូន​ទៅ​តុលាការខេត្ត​នា​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។​ ​ជន​ទាំង​បួនរូប​នោះ​ត្រូវ​បាន​តុលាការឃុំខ្លួន​ ក្រោយ​ពេល​មាន​ការ​ចោទប្រកាន់ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​ និង​ញុះ​ញង់។

លោក​ជៀង អំ​ ​អភិបាល​ខេត្ត​ស្វាយរៀង​ បាន​បញ្ជាក់​ប្រាប់​ VOA​ នា​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​ ​ក្រោយ​ធ្វើការ​បង្ក្រាប​នា​ព្រឹក​ថ្ងៃច័ន្ទ​នេះ​ ​អាជ្ញាធរ​បាន​ដោះលែងកម្មករ​ចំនួន​៤៨​នាក់​ដែល​អាជ្ញាធរ​ខេត្ត​ចាប់​ខ្លួន​ ដោយ​បាន​ឲ្យ​ពួក​គេ​ទៅ​គេហដ្ឋាន​រៀង​ខ្លួន​វិញ​ហើយ​ ក្រោយ​ពី​ធ្វើ​ការ​សាក​សួរ​ និង​អប់រំ៕