គ្រោះ​រំញ្ជួយ​ដីដ៏ខ្លាំងក្លា​​មួយ​​នៅ​ជប៉ុន​បានបណ្តាល​ឱ្យ​មាន​ការ​ព្រមាន​ពី​រលក​យក្ស​ស៊ូណាមិ

ប្រជាពលរដ្ឋ​ប្រមូលផ្តុំគ្នា​នៅ​ខាង​ក្រៅ​អគារ​បន្ទាប់​ពី​មាន​គ្រោះ​រំញ្ជួយដី​ដ៏​ខ្លាំងក្លា​មួយ នៅ​ខេត្ត Ishikawa ប្រទេសជប៉ុន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ (Kyodo via REUTERS)

គ្រោះ​រញ្ជួយ​ដីដ៏​ខ្លាំង​មួយ​ដែលមាន​កម្រិត ​៧,៥ ​រិចទ័រ​ បានកើត​មាននៅតំបន់​ភាគកណ្តាល​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ចន្ទ​នេះ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​ទី​ភ្នាក់ងារវាស់ស្ទង់​ភូគុព្ភសាស្រ្ត​សហរដ្ឋ​អាមេរិក USGS ដោយ​បាន​ព្រមាន​ពី​រលក​យក្សស៊ូណា​មិ ហើយ​បានព្រមាន​ដល់​ក្រុម​អាជ្ញាធរ​ឱ្យ​ជំរុញ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់ ត្រូវ​តែ​ផ្លាស់​ទី​ទៅ​កាន់តំបន់ដី​ខ្ពស់។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

ទូរទស្សន៍​ជាតិ​ជប៉ុន NHK បាន​ផ្សព្វផ្សាយក្រោយគ្រោះរញ្ជួយ​ដី​កើត​ឡើងក្នុង​តំបន់ Noto នៃ​ខេត្ត Ishikawa ថា​៖ «ពលរដ្ឋទាំង​អស់​ក្នុង​តំបន់​នេះ​ត្រូវតែជម្លៀស​ខ្លួនជា​បន្ទាន់​ទៅ​កាន់​ទី​ដី​ខ្ពស់​ភ្លាមៗ»។

រលក​យក្ស​ស៊ូណាមិអាចកើត​មាន​ឡើងក្នុង​រង្វង់​ចម្ងាយ ៣០០ ​គីឡូម៉ែត្រ​ពី ចំណុច​កណ្តាល​នៃ​គ្រោះ​រញ្ជួយ​ដី នៅ​តាម​ឆ្នេរ​សមុទ្រ​ជប៉ុន។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងរបស់មជ្ឈ មណ្ឌល​ព្រមាន​ពីរលក​យក្ស​ស៊ូណាមិ​ ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋហាវ៉ៃ​ សហរដ្ឋ​អាមេ រិក។

រលក​យក្សស៊ូណាមិ​មួយ​ក្នុង​កម្ពស់ ​១,២​ម៉ែត្រ​ ត្រូវ​បាន​បញ្ជាក់​ថា​ បាន​មក​ដល់​ទីក្រុង Wajima ក្នុង​ខេត្ត Ishikawa របស់​ជប៉ុន​រួច​ហើយ។

ប៉ុន្តែរលក​យក្សស៊ូណាមិដែល​ធំ​ជាង​នេះ​ខ្លាំង ក្នុង​កម្ពស់​ ៥ ម៉ែត្រ​ ត្រូវ​គេ​រំពឹង​ថា នឹងកើត​មាន​ឡើង​ក្នុង​តំបន់ Noto ដែល​ស្ថិត​ក្នុង​ខេត្ត​នេះ​ផង​ដែរ។ នេះបើ​តាម​ទីភ្នាក់ងារ​ឧត្តុនិយម​ជប៉ុន JMA៕