ប្រធានាធិបតីសង្គមនិយមនៃប្រទេសវ៉េណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌុយរ៉ូ ដែលបាននៅតាងអំណាច កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនោះឲ្យជំទាស់ប្រឆាំងនឹងអ្នករៀបចំរដ្ឋប្រហារ បន្ទាប់ពីលោក Juan Guaido មេដឹកនាំគណបក្សប្រឆាំង មិនបានទទួលការរត់ចោលមកពីមេដឹកនាំយោធា។
បន្ទាប់ពីបាតុកម្មដ៏ធំនៅតាមផ្លូវចំនួន ២ ថ្ងៃប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ប្រធានាធិបតីដែលមានជម្លោះ លោក ម៉ាឌុយរ៉ូ បាននិយាយនៅឯពិធីមួយផ្សាយតាមទូរទស្សន៍ជាមួយមេបញ្ជាការយោធាជាន់ខ្ពស់ថា៖
«យើងកំពុងប្រយុទ្ធ រក្សាទឹកចិត្តឲ្យនៅខ្ពស់នៅក្នុងការប្រយុទ្ធនេះដើម្បីដកអាវុធជនក្បត់ជាតិ មេរៀបចំរដ្ឋប្រហារនេះ»។
លោក Guaido ដែលបានទទួលការគាំទ្រដោយកងកម្លាំងសន្តិសុខមួយក្រុមដែលរត់ចេញពីរដ្ឋាភិបាល នៅក្នុងដើមសប្តាហ៍នេះបានអំពាវនាវឲ្យមានការងើបបះបោរដ៏ធំមួយប្រឆាំងនឹងប្រធានាធិបតីម៉ាឌុយរ៉ូ។
មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅតាមផ្លូវនានាក្នុងរដ្ឋធានីការ៉ាកាស កាលពីថ្ងៃអង្គារនិងថ្ងៃពុធ ដោយមានបាតុករខ្លះបានចោលដុំថ្មដាក់កងកម្លាំងសន្តិសុខ ដែលជួនកាលបានបាញ់គ្រាប់កាំភ្លើងពិតៗ គ្រាប់កាំភ្លើងជ័រនិងឧស្ម័នបង្ហូរទឹកភ្នែកលើពួកបាតុករវិញ។ មនុស្ស ៤ នាក់បានស្លាប់នៅក្នុងការប្រយុទ្ធគ្នានេះ ហើយរាប់សិបនាក់ទៀតបានរងរបួស។
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំយោធាភាគច្រើនទំនងជាមិនចុះចូល ទៅខាងលោក Guaido ដែលជាមេដឹកនាំរដ្ឋសភា ដែលបានប្រកាសខ្លួនលោកជាប្រធានាធិបតីអន្តរកាលរបស់វ៉េណេស៊ុយអេឡា កាលពីខែមករា ហើយត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាមេរិកនិងប្រទេសប្រហែល ៥០ ថាជាមេដឹកនាំស្របច្បាប់របស់ប្រទេសនៅតំបន់អាមេរិកខាងត្បូង៕