ប្រធានាធិបតី​បារាំង​​ជួប​មេដឹកនាំ​ប្រឆាំង​​បេឡារុស

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ជួបពិភាក្សាជាមួយលោក​ស្រី Sviatlana Tsikhanouskaya មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​បេឡារុស នៅទីក្រុង Vilnius ប្រទេសលីទុយអានី​ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​សន្យានៅ​ថ្ងៃ​អង្គារ ពី​ការ​តាំង​ចិត្ត​គាំទ្ររបស់​សហភាព​អឺរ៉ុប​ចំពោះ​ពលរដ្ឋ​បេឡារុស​ បន្ទាប់​ពី​លោក​បាន​ជួប​ជាមួយ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​បេឡារុស លោក​ស្រី Sviatlana Tsikhanouskaya។

កិច្ច​ពិភាក្សា​នេះ​បានធ្វើ​ឡើង​ក្នុងរដ្ឋធានី​វីលនីញូស ប្រទេសលីទុយអានី​ ដែលជា​កន្លែង​ដែល​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ស្រី Tsikhanouskaya (ស៊ីខាណូស្កាយយ៉ា) បាន​រត់​គេច​ខ្លួន​ ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ប្រទេស​បេឡារុស ​កាល​ពី​ខែ​សីហា​កន្លង​ទៅ ​ដែល​នាំ​ឲ្យ​មាន​វិបត្តិ​នយោបាយ។

មនុស្ស​ជា​ច្រើន​ក្នុង​ប្រទេស​បេឡារុស​បាន​បដិសេធ​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​ ដែល​ផ្តល់​ជ័យជម្នះ​មួយ​អាណត្តិ​ទៀតដល់​ប្រធានាធិបតីលោក Alexander Lukashenko​ និងបាន​នាំឲ្យមាន​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង ដោយ​មាន​អ្នក​ចូលរួមរាប់​ពាន់នាក់។

សហភាព​អឺរ៉ុប​បាន​លើក​ឡើង​កាល​ពី​សប្តាហ៍​មុន​ថា ​ខ្លួន​មិនទទួល​ស្គាល់​លោក Lukashenko ជា​ប្រធានាធិបតី​ស្រប​ច្បាប់​របស់​ប្រទេសបេឡារុស​នោះ​ទេ​ ហើយ​ប្រធានាធិបតី​បារាំង​លោក Macron និយាយ​ថា​លោក Lukashenko ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង៕