ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងរៀបចំទទួលមេដឹកនាំសហរដ្ឋអាមេរិកលោក Joe Biden ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយទៅកាន់ប្រទេសបារាំង នៅសប្តាហ៍ក្រោយ បន្ទាប់ពីប្រធានាធិបតីនៃប្រទេសទាំងពីរចូលរួមក្នុងពិធីនៃការវាយប្រហារឡើងច្រាំង D-Day ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី ២ ដោយមានគម្រោងនឹងពិភាក្សាលើបញ្ហាប្រទេសអ៊ុយក្រែន មជ្ឈិមបូព៌ានិងពាណិជ្ជកម្ម។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ដំណើរទស្សនកិច្ចរបស់លោក Biden ទៅកាន់រដ្ឋធានីប៉ារីស នៅថ្ងៃទី៨ ខែមិថុនាខាងមុខនេះ នឹងកើតមានឡើងក្រោយកម្មវិធីថ្ងៃទី ៦ ខែមិថុនា នៅទីក្រុង Normandy ដែលរំលឹកខួប ៨០ ឆ្នាំ ចាប់តាំងពីការវាយប្រហារឡើងច្រាំង D-Day ក្នុងសង្គ្រាមលោកលើកទី ២ មក។
មនុស្សប្រមាណ១លាននាក់ត្រូវគេរំពឹងថានឹងចូលរួមនៅក្នុងពិធី D-Day នៅក្នុងប្រទេសបារាំង ដែលក្នុងនោះក៏មានព្រះមហាក្សត្រ Charles ទី III របស់ចក្រភពអង់គ្លេស និងប្រធានា ធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyy ផងដែរ។ សរុបទាំងអស់ មានប្រមុខរដ្ឋាភិបាលនិងប្រមុខរដ្ឋប្រមាណ ២៥ នាក់ ត្រូវគេរំពឹងថានឹងចូលរួមក្នុងពិធីនេះ។
ដោយសង្គ្រាមរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនចូលដល់ឆ្នាំទី ៣ លោក Biden និងលោក Macron ត្រូវគេរំពឹងថានឹងពិភាក្សាគ្នាបន្ថែមទៀតទៅលើការគាំទ្ររបស់បស្ចឹមប្រទេសដល់រដ្ឋាភិបាលក្រុងកៀវ នៅក្រៅកម្មវិធី D-Day ក៏ដូចជាក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Biden ផងដែរ៕