រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken មានកំណត់នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិបារាំងនៅថ្ងៃអង្គារនេះ ដែលជាដំណើរទស្សនកិច្ចមួយដែលក្រសួងការបរទេសអាមេរិកនិយាយថា នឹងរួមមានកិច្ចពិភាក្សាលើការគាំទ្រដល់ប្រទេសអ៊ុយក្រែន និងការពារកុំឱ្យសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សារីករាលដាលខ្លាំង។
នៅល្ងាចថ្ងៃអង្គារនេះ លោក Blinken ក៏នឹងត្រូវជួបជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ផងដែរ។
ប្រមុខការទូតអាមេរិករូបនេះក៏មានគម្រោងបង្ហាញការគាំទ្ររបស់អាមេរិកលើអង្គការ UNESCO របស់អង្គការសហប្រជាជាតិផងដែរ ដោយលោកនឹងជួបជាមួយអគ្គនាយកអង្គការនេះ គឺអ្នកស្រី Audrey Azoulay។
សហរដ្ឋអាមេរិកនិងបារាំងស្ថិតក្នុងចំណោមប្រទេស ដែលគាំទ្រអ៊ុយក្រែនខ្លាំងក្លាក្នុងរយៈពេល ២ឆ្នាំចាប់តាំងពីរុស្ស៊ីចូលឈ្លានពានប្រទេសក្បែរខាងអ៊ុយក្រែនមក។
ក្រសួងការបរទេសអាមេរិកក៏បាននិយាយផងដែរថា កិច្ចប្រឹងប្រែងដើម្បីធ្វើឱ្យមានស្ថិរភាពក្នុងប្រទេសហៃទីក៏ជាប្រធានបទសំខាន់មួយដែរ ក្នុងជំនួបប្រជុំរវាងមន្ត្រីអាមេរិកនិងបារាំង។
លោក Blinken នឹងធ្វើដំណើរពីប្រទេសបារាំងទៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីជួបប្រជុំជាមួយក្រុមរដ្ឋមន្ត្រីការបរទេសនៃអង្គការអូតង់ ខណៈដែលអង្គការសម្ព័ន្ធភាពមួយនេះ បា្ររព្ធខួបកំណើត ៧៥ឆ្នាំរបស់ខ្លួន។
ក្នុងទីក្រុងព្រុចសែល លោក Blinken ក៏មានគម្រោងជួបជាមួយសមភាគីអ៊ុយក្រែនរបស់លោក គឺលោក Dmytro Kuleba និងប្រធានអង្គការអូតង់ លោក Jens Stoltenberg ផងដែរ។
កិច្ចប្រជុំត្រីភាគីរវាងសហរដ្ឋអាមេរិក សហភាពអឺរ៉ុបនិងប្រទេសអាមេនី នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រខាងមុខនេះ ដោយក្រសួងការបរទេសអាមេរិកនិយាយថា កិច្ចប្រជុំនោះនឹងផ្តោតសំខាន់លើការគាំទ្ររបស់អាមេរិកនិងសហភាពអឺរ៉ុបដល់ភាពធន់នៃសេដ្ឋកិច្ចប្រទេសអាមេនី ខណៈដែលប្រទេសនេះកំពុងប្រឹងប្រែងដើម្បីបង្កើតដៃគូពាណិជ្ជកម្មចម្រុះរបស់ខ្លួន និងដោះស្រាយលើសេចក្តីចាំបាច់ខាងផ្នែកមនុស្សធម៌»។
លោក Blinken នឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកក្នុងប្រទេសបែលហ្ស៊ិក បន្ទាប់ពីកិច្ចប្រជុំដាច់ដោយឡែកមួយស្តីពីបច្ចេកវិទ្យានិងពាណិជ្ជកម្មរវាងអាមេរិកនិងសហភាពអឺរ៉ុប៕
វេទិកាបញ្ចេញមតិ