ប្រទេស​ទន្លេ​មេគង្គ​សុំ​ឱ្យ​សហរដ្ឋ​អាមេរិក​បន្ត​ជួយ​អភិវឌ្ឍ

អ្នកជំនាញពិភាក្សាគ្នានៅក្នុងវេទិកា​ការទូត​ស្តី​ពី​ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Meridian អន្តរជាតិ នៅ​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩។ (រូបថតដកស្រង់ពីវីដេអូ)

ប្រទេស​កម្ពុជា​និង​បណ្តា​ប្រទេស​នៅ​តំបន់ទន្លេមេគង្គខាងក្រោម​ដទៃ​ទៀត​បាន​អំពាវនាវ​ឱ្យ​សហរដ្ឋ​អាមេរិក​ចូលរួម​ពាក់ព័ន្ធ​លើ​ការអភិវឌ្ឍ​កាន់តែច្រើន​ថែម​ទៀត​នៅក្នុង​តំបន់​ ក្នុង​ខណៈ​ពេល​ដែល​កិច្ច​សហប្រតិបត្តិការ​គំនិតផ្តួចផ្តើម​ទន្លេមេគង្គខាងក្រោម​ដែល​សហរដ្ឋ​អាមេរិក​ផ្តួច​ផ្តើមបានឈាន​ចូល​មក​ដល់​ខួប​លើក​ទី១០។

ថ្លែងនៅក្នុង​វេទិកាការទូត​នៃប្រទេសតំបន់ទន្លេមេគង្គ​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល ​Meridian អន្តរជាតិ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃព្រហស្បតិ៍ ឯកអគ្គរដ្ឋទូត​ដែលមកពីបណ្តា​ប្រទេស​ទន្លេ​មេគង្គ​ខាងក្រោមដែលមានកម្ពុជា វៀតណាម ថៃ ឡាវ និងភូមា​ បាន​លើក​ឡើង​ពី​សារៈ​សំខាន់ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ដល់​តំបន់​ទាំងលើ​ផ្នែកភូមិសាស្រ្តនយោបាយ សន្តិសុខ​និង​ដៃគូអភិវឌ្ឍន៍ និងភាពទាក់ទាញនៃ​តំបន់នេះ​ខាងផ្នែកទីផ្សារ​ពាណិជ្ជកម្ម សហប្រតិបត្តិការ​និង​ការគោរព​តាម​និយាម​និង​ច្បាប់​អន្តរជាតិ។​

លោកជុំ សុន្ទរី ​ឯកអគ្គរាជទូត​កម្ពុជាប្រចាំ​នៅ​សហរដ្ឋអាមេរិក​នៅ​ខាង​មុខ​មជ្ឈមណ្ឌល​Meridian អន្តរជាតិ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃព្រហស្បតិ៍ទី​ ៦ ខែមិថុនា ឆ្នាំ២០១៩។ (ម៉ែន គឹមសេង/VOA)

លោកជុំ សុន្ទរី ​ឯកអគ្គរាជទូត​កម្ពុជាប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​ក្រោយ​ពី​កិច្ចប្រជុំ​ថា៖

«យើងបានពិនិត្យ​ឃើញ​ថា​ កិច្ចសហប្រតិបត្តិការរបស់សហរដ្ឋ​អាមេរិក​ចំពោះបណ្តាប្រទេស​ដែលជា​សមាជិក​មេគង្គខាងក្រោម​ទាំង​៥នេះ​ ក្នុងក្របខណ្ឌទ្វេភាគីក្តី​ក៏ដូច​ជាក្នុងក្របខណ្ឌ​គំនិតផ្តួចផ្តើម​ទន្លេ​មេគង្គនេះ​គឺបាននាំមកនូវកិច្ច​អភិវឌ្ឍ​នៅក្នុងតំបន់នេះហើយ​ក៏​អាច​រួមចំណែក​ជួយ​ដល់​អនុតំបន់​មេគង្គ​នេះ​ក្នុងការប្រឈមនឹង​បញ្ហា​ដែល​យើង​ចាត់​ទុក​ថា​ជាបញ្ហា​បន្ទាន់​និងសំខាន់​ចំពោះមុខ​ដូច​ជា​បញ្ហា​ទឹកជំនន់ ការរាំងស្ងួត ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាពនិង​បញ្ហា​ការប្រើប្រាស់​ធនធាន​ទឹក​ប្រកបដោយ​ចីរភាពជាដើម‍»។

លោក​ហា គីមង៉ុក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ​នៅរដ្ឋ​ធានី វ៉ាស៊ីនតោន​បាន​លើក​ឡើងថា៖

«យើង​ត្រូវការកិច្ចសហប្រតិបត្តិការ​យ៉ាងខ្លាំង​ពី​សហរដ្ឋ​អាមេរិក​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ឋាមពលកកើតឡើងវិញ និង​សេដ្ឋកិច្ច​ឌីជីថល‍»។​

ក្នុងរយៈពេល​មួយទសវត្សរ៍កន្លងមកនេះ សហរដ្ឋអាមេរិកផ្តល់ជំនួយ​អភិវឌ្ឍន៍​ជាង​៣,៨​ពាន់​លាន​ដុល្លារជួយដល់​បណ្តាប្រទេសទំាង៥​នៅតំបន់ទន្លេមេគង្គ ហើយ​បាន​បង្កើត​ការងារ​ដល់​ពលរដ្ឋជាង​១,៤លាននាក់​តាមរយៈការនាំទំនិញ​ចូលទីផ្សារ​សហរដ្ឋអាមេរិក។​

ដោយឡែកនៅប្រទេសកម្ពុជា​វិញ​តាមរយៈគម្រោង​គំនិតផ្តួចផ្តើម​ទន្លេមេគង្គខាងក្រោម សហរដ្ឋ​អាមេរិក​បាន​ជួយ​ដល់​កសិករ​២០០.០០០នាក់​ឱ្យ​រកចំណូលបាន​លើសពី​៤០០ដុល្លារ​ក្នុងមួយឆ្នាំនិង​មានជួយដល់សកម្មភាព​សេដ្ឋកិច្ច​ជាច្រើនទៀត។

យ៉ាងណាក៏ដោយ​ទំនាក់ទំនង​ទ្វេភាគី​រវាងបណ្តាប្រទេស​នៅ​តំបន់​ទន្លេមេគង្គនេះជាមួយ​នឹង​សហរដ្ឋ​អាមេរិក​គឺ​មានកម្រិត​មិនដូច​គ្នា​ទេ។

លោក​ រ៉ែនដាល ស្ជ្រាយវើ (Randal Schriver) ឧបការី​រដ្ឋមន្ត្រីការពារជាតិ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា៖

«ទំនាក់ទំនង​ជាមួយ​នឹង​កម្ពុជា​មានលក្ខណៈមធ្យមហើយ​ស្ថានភាព​នយោបាយ​ប្រហែល​ជា​មិន​សមស្រប​សម្រាប់​យើង​ធ្វើកិច្ចការ​ច្រើន​ជាមួយ​ទេ។ ប៉ុន្តែយើងមាន​កម្មវិធី​ភាព​ជាដៃ​គូ​កម្រិតរដ្ឋ​អាយដាហូ‍»។​

ការណ៍នេះដោយសារតែ​តុលាការ​កម្ពុជា​បាន​រំលាយ​ចោល​អតីតបក្ស​ប្រឆាំងហើយ​បាន​យក​អាសនៈមក​ចែក​ឱ្យ​បក្ស​ដទៃ​ដែលមិនជាប់ឆ្នោតនិង​ងាកមកសិ្នទ្ធនឹងប្រទេស​ចិន​កាន់តែ​ខ្លាំងឡើងៗ ទន្ទឹមគ្នានោះដែរ​បាន​ផ្អាកសមយុទ្ធយោធាប្រចាំឆ្នាំ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដោយ​មិន​កំណត់​តាំងតែពីឆ្នាំ​២០១៧មក។

លោក​ឯកអគ្គរាជ​ទូត ជុំ​ សុន្ទរី នៅតែ​អះអាង​ពីជំហរ​រក្សាទំនាក់ទំនង​ល្អជាមួយ​នឹង​សហរដ្ឋ​អាមេរិក។

«នៅក្នុងផ្នែក​ដែល​និយាយ​ពីការរីកចំរើន​ផ្នែកទំនាក់ទំនង​កម្ពុជា​អាមេរិក​ ខ្ញុំ​បាន​លើកឡើង​ហើយ​អំពី​ការរីកចម្រើន​ដែលមានរហូតដល់ពេលនេះ​ហើយ​ក្នុងនោះ​ខ្ញុំ​ក៏បាន​គូសបញ្ជាក់​អំពី​ការតាំងចិត្ត​របស់​រដ្ឋាភិបាលកម្ពុជា​ក្នុងការ​ពង្រឹងនិងពង្រីកបន្ថែម​ទៀត​នូវ​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​គ្រប់វិស័យ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ហើយ​ក្នុងនាមខ្ញុំ​ជាឯកអគ្គរាជទូត​ប្រចាំនៅសហរដ្ឋ​អាមេរិក​ខ្ញុំ​បាន​និងកំពុង​តែ​ខិតខំ​ឱ្យ​អស់លទ្ធភាព​ដើម្បី​ពង្រឹងបន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ‍»។​

ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​ទទួលស្គាល់​ថា​ការណ៍​ដែល​សហរដ្ឋ​អាមេរិក​ចង់​ចូលរួម​កាន់តែ​ខ្លាំង​នៅក្នុងតំបន់​ត្រូវបាន​ទទួលស្វាគមន៍​យ៉ាងកក់ក្តៅ​ប៉ុន្តែ​ឥទ្ធិពល​ចិន​ក៏បាន​ដាក់សម្ពាធខ្លះ​មក​លើ​ថ្នាក់ដឹកនាំ​នៃប្រទេស​ទាំងនោះ​ផងដែរ។​

លោក​ម៉ាក ក្លាក (Mark Klark) ឧបការីរងស្តីទី​នៃរដ្ឋមន្ត្រីក្រសួងការបរទេស​បាន​បញ្ជាក់​ថា៖

«នៅពីក្រោមនោះ​គឺមានភាព​មិនស្ងប់ស្ងាត់​និង​ភាព​អន្ទះសារ​ដោយសារ​មាន​សម្ពាធ​ពី​ប្រទេស​ចិន​ឱ្យ​ទទួល​យក​គំរូអភិវឌ្ឍន៍​ក្រវាត់ផ្លូវ​ពាណិជ្ជកម្ម​និង​មាន​សម្ពាធ​ឱ្យ​ពឹងផ្អែក​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​លើ​ប្រទេស​ចិន‍»។​

លោក​ម៉ាក ក្លាក ​បាន​បន្ថែម​ថា​អ្វី​ដែល​សហរដ្ឋ​អាមេរិក​លើក​កម្ពស់​គឺ​ផ្តល់សិទ្ធិ​ឱ្យ​ប្រទេស​ទាំង​នោះមាន​ជម្រើស​ក្នុង​ការគិតឱ្យ​បាន​ប្រយ័ត្ន​ប្រយែង​មុននឹង​ទទួល​យក​អ្វី​ដែលមើល​ទៅ ហាក់​ដូចជាវិថី​ដ៏​ងាយស្រួល​ក្នុង​ការទទួលបាន​ហិរញ្ញវត្ថុ​ប៉ុន្តែ​វា​នឹង​ក្លាយ​ទៅជា​ការ​ពឹងផ្អែកសេដ្ឋកិច្ច​លើប្រទេស​គេ​យ៉ាង​ខ្លាំង​ហើយឈាន​ទៅដល់​បាត់​អធិបតេយ្យ​ភាព​ប្រទេស​ក្នុង​ពេល​អនាគត៕​