ក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិព្រមានថា ពិភពលោកកំពុងប្រឈមនឹងវិបត្តិថែទាំអ្នកជំងឺ ហើយអាចនឹងមានកង្វះខាតធ្ងន់ធ្ងរនៅក្នុងកម្លាំងពលកម្មផ្នែកថែទាំអ្នកជំងឺទូទាំងសាកលលោក ក្នុងពេលពីរបីឆ្នាំខាងមុខ។
កម្លាំងពលកម្មផ្នែកថែទាំអ្នកជំងឺទូទាំងសាកលលោក ចំនួន ២៧ លាននាក់ អាចនឹងត្រូវបានថយចុះពាក់កណ្តាលនៅប៉ុន្មានឆ្នាំខាងមុខ។
ក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិនិយាយថា ការស្ទង់មតិចុងក្រោយរបស់ខ្លួនលើសមាគមថែទាំអ្នកជំងឺចំនួន ៦៤ បានរកឃើញជម្លោះនានា ដែលមានដូចជាប្រាក់បៀវត្សរ៍ លក្ខខណ្ឌការងារ អំពើហិង្សា និងការបំភិតបំភ័យ កំពុងបង្កឲ្យគិលានុបដ្ឋាកបោះបង់អាជីពរបស់ពួកគេ។
ក្រៅពីបញ្ហាទាំងនោះហើយ ក៏មានផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ផងដែរ។ របាយការណ៍ក៏រកឃើញផងដែរថា កង្វះការការពារ ការធ្វើការយូរ និងភាពតានតឹងកំពុងប៉ះពាល់ខ្លាំងដល់សុខភាពផ្លូវចិត្តរបស់គិលានុបដ្ឋាកនៅទូទាំងសាកលលោក។
នាយកប្រតិបត្តិរបស់ក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិលោក Howard Catton និយាយថា ទាំងអ្នកនយោបាយនិងមេដឹកនាំបានទទួលស្គាល់តម្លៃរបស់គិលានុបដ្ឋាកចំពោះការថែទាំ និងការអាណិតអាសូររបស់ពួកគេ។ ប៉ុន្តែលោកនិយាយថា ពួកគេមិនបានទទួលស្គាល់តម្លៃរបស់គិលានុបដ្ឋាកចំពោះសង្គម និងមិនបានផ្តល់ការប៉ះប៉ូវដល់ពួកគេសមស្របឡើយ។
លោក Catton បាននិយាយថា៖ «ខ្ញុំគិតថា វាជាចំណុចសំខាន់នៃការមិនសប្បាយចិត្ត ដែលយើងឃើញតាមរយៈសកម្មភាពមួយចំនួនរបស់ក្រុមគិលានុបដ្ឋាកនៅទូទាំងពិភពលោក។ វាមានគម្លាតខ្លាំងរវាងពាក្យសម្តីវិជ្ជមាន គាំទ្រគិលានុបដ្ឋាក និងសកម្មភាពតិចតួចដែលសម្តែងចេញបញ្ជាក់ពីការគាំទ្រទាំងនេះ»។
កូដកម្មលើប្រាក់បៀវត្សរ៍និងលក្ខខណ្ឌការងាររបស់គិលានុបដ្ឋាកបានកើតមាននៅក្នុងប្រទេសស៊ីមបាវ៉េ លីបង់ អៀរឡង់ខាងជើង សហរដ្ឋអាមេរិក និងទីកន្លែងផ្សេងទៀត។ របាយការណ៍នោះនិយាយថា ជម្លោះនានាការកើនឡើងនូវភាពមិនសប្បាយចិត្ត និងការបារម្ភ ដូចជាការការពារនៅកន្លែងធ្វើការជាដើមនោះ កំពុងធ្វើឲ្យធ្លាក់ចុះនូវចំណាប់អារម្មណ៍ក្នុងការចាប់យកអាជីពជាគិលានុបដ្ឋាក។
លោក Catton និយាយថាបញ្ហាផ្សេងទៀតដែលវិជ្ជាជីវៈនេះកំពុងប្រឈមគឺការខកខានក្នុងវិស័យអប់រំដោយជំងឺរាតត្បាត។ លោកនិយាយថាវាបណ្តាលឲ្យមានការយឺតយ៉ាវពី៦ទៅ១២ខែចំពោះគិលានុបដ្ឋាកថ្មី។
លោក Catton និយាយបន្តថា៖ «ដូច្នេះទាំងការយឺតយ៉ាវ និងភាពមិនសប្បាយចិត្តកាន់តែខ្លាំង យើងគិតថា នឹងមានផលប៉ះពាល់អវិជ្ជមានទៅលើទាំងការរើសគិលានុបដ្ឋថ្មី និងការរក្សាគិលានុបដ្ឋាកដែលយើងមានរួចហើយ»។
បញ្ហានិងការបារម្ភទាំងនេះកើតមានទូទាំងពិភពលោក ប៉ុន្តែវាគួរឲ្យកត់សម្គាល់ខ្លាំងនៅក្នុងប្រទេសមានចំណូលទាបនិងមធ្យម។ ការណ៍នេះបានបណ្តាលឲ្យមានកំណើនគិលានុបដ្ឋាកចេញទៅធ្វើការនៅក្រៅប្រទេស។ របាយការណ៍កត់សម្គាល់ពីការចាកចេញរបស់គិលានុបដ្ឋាកយ៉ាងច្រើនពីប្រទេសកំពុងអភិវឌ្ឍន៍ ទៅកាន់ប្រទេសដែលរីកចម្រើនជាង ដែលមានប្រាក់បៀវត្សរ៍ និងលក្ខខណ្ឌការងារប្រសើរជាង។
ក្នុងពេលជាមួយគ្នានេះដែរ របាយការណ៍របស់ក្រុមប្រឹក្សាគិលានុបដ្ឋាកអន្តរជាតិ និយាយថា ប្រទេសដែលរីកចម្រើនជាងមួយចំនួនកំពុងស្វះស្វែងជ្រើសរើសគិលានុបដ្ឋាកពីប្រទេសក្រីក្រ ដើម្បីកាត់បន្ថយកង្វះបុគ្គលិកដែលពួកគេកំពុងជួបប្រទះ៕
ប្រែសម្រួលដោយ ទុំ ម្លិះ