លោក Andres Manuel Lopez Obrador វ័យ ៦៤ ឆ្នាំ ដែលជាអ្នកមានទស្សនៈឆ្វេងនិយម និងបានចាប់ផ្ដើមចូលក្នុងឆាកនយោបាយកាលពីប៉ុន្មានទសវត្សរ៍កន្លងមកក្នុងនាមជាសកម្មជនផ្នែកសិទ្ធិជនជាតិភាគតិច បានឈ្នះការបោះឆ្នោតប្រធានាធិបតីប្រទេសម៉ិកស៊ិកកាលពីថ្ងៃអាទិត្យម្សិលមិញ។
លោកបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ការលុបបំបាត់អំពើពុករលួយ និងនិទ្ទណ្ឌភាពគឺជាបេសកកម្មចម្បងរបស់រដ្ឋាភិបាលថ្មីរបស់លោក។
ចំណុចចម្បងមួយទៀតរបស់រដ្ឋាភិបាលថ្មីរបស់លោកគឺការដោះស្រាយជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រធានាធិបតីអាមេរិកលោក Donald Trump។ កន្លងមក លោក Trump បានសន្យាថានឹងឲ្យប្រទេសម៉ិកស៊ិកជាអ្នកចំណាយថវិកាសម្រាប់ការសាងសង់ជញ្ជាំងព្រំដែនរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក។ លោក Trump ក៏បានចាត់ទុកជនជាតិម៉ិកស៊ិកមួយចំនួនដែលឆ្លងចូលព្រំដែនចូលមករស់នៅក្នុងសហរដ្ឋអាមេរិកថាជាឧក្រិដ្ឋជន និងជាជនចាប់រំលោភ។
ប៉ុន្តែ លោក Trump បានអបអរសាទរលោក Lopez Obrador កាលពីថ្ងៃអាទិត្យម្សិលមិញតាមរយៈ Twitter ថា៖ «អបអរសាទរចំពោះលោក Andres Manuel Lopez Obrador ដែលបានក្លាយជាប្រធានាធិបតីថ្មីនៃប្រទេសម៉ិកស៊ិក។ ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយនឹងលោក។ នៅមានកិច្ចការជាច្រើនដែលត្រូវធ្វើដែលនឹងផ្ដល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក»។
នេះគឺជាលើកដំបូងសម្រាប់គណបក្សចលនាជាតិដើម្បីការផ្លាស់ប្ដូរថ្មីរបស់លោក Lopez Obrador ដែលបានចូលរួមនៅក្នុងការបោះឆ្នោតប្រធានាធិបតីនេះ។ គណបក្សរបស់លោកបានចងសម្ព័ន្ធភាពជាមួយនឹងគណបក្សការងារដែលប្រកាន់ទស្សនៈឆ្វេងនិយម និងគណបក្សប្រឈមនឹងសង្គមដែលប្រកាន់ទស្សនៈស្ដាំនិយម។
ការបោះឆ្នោតលើកនេះដែលជាការបោះឆ្នោតដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនាពេលថ្មីៗនេះរបស់ប្រទេសម៉ិកស៊ិក គឺជាការបោះឆ្នោតដ៏ហិង្សាបំផុតមួយ ដោយអ្នកនយោបាយជាង ១ រយនាក់ ត្រូវបានសម្លាប់នៅក្នុងដំណើរការឆ្ពោះមកកាន់ការបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញនេះ៕