ប្រជាមតិ​​​មិន​ច្បាស់​ទៅ​លើ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​ធ្វើ​ឲ្យ​អ្នក​សេដ្ឋកិច្ច​ថៃ​​ព្រួយ​បារម្ភ

  • Ron Corben

ក្រដាស​ប្រាក់​ថៃ​នៅ​ធនាគារKasikorn នៅ​ក្នុង​ក្រុង​បាងកក​ កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦។

ស្ថានភាព​សេដ្ឋកិច្ច​របស់​ថៃ​ដែល​​ទទួល​រង​គ្រោះ​ដោយសារ​ចលាចល​នយោបាយ​ ប្រឈម​នឹង​ភាព​មិន​ច្បាស់​លាស់​នៅ​មុន​ការ​ធ្វើ​ប្រជាមតិ​ជាតិ​មួយ​ទៅ​លើ​សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​ដែល​គាំទ្រ​រដ្ឋាភិបាល​យោធា​ ដែល​គេ​គ្រោង​​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ខែ​សីហា​នេះ។ ​អ្នក​សេដ្ឋកិច្ច​និយាយ​ថា ​វិនិយោគិន​បរទេស​និង​ក្នុង​ស្រុក​នៅ​តែ​រារែក​ ដោយ​រង់ចាំ​មើល​លទ្ធផល​នៃ​ការ​ធ្វើ​ប្រជា​មតិ​នោះ​សិន​ ខណៈ​ពួក​គេ​មាន​ការ​បារម្ភ​ពី​ការ​កើន​ឡើង​​​នៃ​ភាព​តាន​តឹង​នយោបាយ​នៅ​ក្នុង​ខែ​ខាង​មុខ។

សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ ​ដែល​មាន​ខ្លឹមសារ​ឃ្លាត​ចេញ​ឆ្ងាយ​ពី​រដ្ឋ​ធម្មនុញ្ញ​បច្ចុប្បន្ន​នោះ​ នឹង​គ្រប់គ្រង​លើ​អំណាច​របស់​គណបក្ស​ដែល​ជាប់​ឆ្នោត​ ហើយ​នឹង​ស្នើ​ឲ្យ​មាន​ព្រឹទ្ធសភា​មួយ​ដែល​មាន​សមាជិក​ចំនួន​២៥០​នាក់​ត្រូវ​បានតែងតាំង​ដោយ​យោធា។ ព្រឹទ្ធសភា​នេះ​រួម​មានកងកម្លាំង​យោធា​ ប៉ូលិស និង​សន្តិសុខ។

ការ​ជជែក​ដេញ​ដោល​លើ​ផល​ប៉ះពាល់​នៃ​រដ្ឋ​ធម្មនុញ្ញ​ថ្មី

មេដឹកនាំ​យោធាថៃ​និយាយ​ថា រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ​មាន​បំណង​បញ្ចប់​នូវ​អំពើ​ពុករលួយ​ផ្នែក​នយោបាយ និង​បើក​ផ្លូវ​ឲ្យ​មាន​កំណែ​ទម្រង់​ដោយ​ចាប់​ផ្តើម​ពី​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៧ នេះ។

ប៉ុន្តែ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​មួយ​នេះ​ត្រូវ​បាន​រិះគន់​ដោយ​ក្រុម​គណបក្ស​នយោបាយ​សំខាន់ៗ​ក្នុង​ប្រទេស​ថៃ​ រួម​ទាំងគណបក្ស​នាំ​មុខ​គេ​គឺ​គណបក្ស​ Pheu Thai​ និង​គណបក្សអ្នក​ប្រជាធិបតេយ្យ​ ដែល​គណបក្ស​ទាំង​ពីរ​នេះ​បាន​ព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ ប្រសិន​បើ​រដ្ឋ​ធម្មនុញ្ញ​ដែល​គាំទ្រ​ដោយ​យោធា​នេះចូល​ជា​ធរមាន។

ស្ថិរភាព ​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ

លោក ​Kasit Piromya​ សមាជិក​គណបក្ស​អ្នក​ប្រជាធិបតេយ្យ​ និង​ជា​អតីត​រដ្ឋ​មន្រ្តី​ការបរទេស ​បាន​ហៅ​សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញនេះ​ថា​ជា «សេរីភាព​ដ៏​អាក្រក់» និង​ជា​ការ​ដើរ​ថយ​ក្រោយ​នៃ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ថៃ។

លោក​ Kasit និយាយ​ប្រាប់​អ្នក​កាសែត​បរទេស​ថា៖ «ខ្ញុំ​អាច​ធ្វើ​សេចក្តី​សន្និដ្ឋាន​បាន​ថា អាជ្ញាធរ​យោធា​ ពួក​អ្នក​ការិយាធិបតេយ្យ​អភិរក្ស​មួយ​ចំនួន​ ពួក​បញ្ញវន្ត​ និង​សមាជិក​បណ្ឌិត​សភា​មួយ​ចំនួន ចង់​ឃើញ​ស្ថិរភាព​នៅ​ក្នុង​ជីវិត​នយោបាយ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​ថៃ ជា​ជាង​ការ​បង្ហាញ​ការ​ខ្វែង​គំនិត​គ្នា​ជាច្រើន​នៅ​ក្នុង​សភា ​នៅ​តាម​ដងផ្លូវ ឬ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។

អ្នក​ស្រី ​Pavida Pananond ​ ដែល​ជា​សាស្រ្តាចារ្យ​នៅ​សាលា​ពាណិជ្ជកម្ម​អន្តរជាតិ របស់​សាកល​វិទ្យាល័យ​ធម្មសាត (Thammasat) ​ និយាយ​ថា ​អាទិភាព​សំខាន់​របស់​រដ្ឋាភិបាល​គឺ​ស្ថិរភាព​នយោបាយ ប៉ុន្តែ​ វា​នឹង​ប៉ះ​ពាល់​ដល់គោលនយោបាយ​សេដ្ឋកិច្ច។

អ្នក​ស្រីនិយាយ​ថា៖ «ទិសដៅ​នៃ​គោលនយោបាយ​ផ្នែក​សេដ្ឋកិច្ច​នឹង​មិន​អាច​ជា​អាទិភាព​របស់​រដ្ឋាភិបាល​នា​ពេល​ឥឡូវ​នេះ​ទេ។ ដូច្នេះ ខ្ញុំ​គិត​ថា​ ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​នៅ​មុន​ពេល​ធ្វើ​ប្រជាមតិ​នឹង​មិន​មាន​ភាព​ច្បាស់​លាស់ទេ។ នៅ​ពេល​យើង​ឃើញ​លទ្ធផល​នៃ​ការ​ធ្វើ​ប្រជាមតិ​ វា​នឹង​បង្ហាញ​យ៉ាង​ច្បាស់ ដោយ​សារ​តែ​ស្ថានភាព​នយោបាយ​បន្ទាប់​ពី​ការ​ធ្វើ​ប្រជាមតិនោះ​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា»។

អ្នកស្រី Pavida បាន​បន្ថែម​ថា ភាព​ច្របូក​ច្របល់នយោបាយ​ដែល​ចេះ​តែ​បន្ត​នេះ នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​របស់​ថៃ ជា​ពិសេស​នៅ​ពេល​ដែល​សេដ្ឋកិច្ច​នេះកំពុង​ឆ្ពោះ​ទៅ​រក​ «ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ» ​ស្រប​ពេល​ដែល​អស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​មិន​បាន​ផ្តោត​លើ​គោលនយោបាយ​សេដ្ឋកិច្ច​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។​

តើ​រដ្ឋាភិបាល​ប្រភេទ​ណា​ជា​រដ្ឋាភិបាល​ល្អ​បំផុត​សម្រាប់​សេដ្ឋកិច្ច​ថៃ?

ក្រុមហ៊ុន​វិភាគ​មួយ​ឈ្មោះ​ថា​ Capital Economics ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ​បាន​បញ្ចេញ​យោបល់​លើ​សេដ្ឋកិច្ច​ថៃ​កាលពី​ថ្ងៃទី១៦​ ខែឧសភា។ ​ក្រុមហ៊ុន​នេះ​និយាយ​ថា សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ ដែល​ជា​ជំហាន​ឆ្ពោះ​ទៅ​រក​កាត់បន្ថយ​អំណាច​របស់​អ្នក​នយោបាយ​ជាប់​ឆ្នោត​នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ​ នឹង​បណ្តាល​ឲ្យ​មាន​កម្តៅ​នយោបាយ​កើន​ឡើង​ជាមួយ​នឹង​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន ​នៅ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​យោធា​ ចាត់​វិធានការ​តឹងរ៉ឹង​លើ​ការ​រិះគន់។

អ្នក​សេដ្ឋកិច្ច​និយាយ​ថា ការ​វិនិយោគ​លើ​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ​ក្នុង​រយៈពេល​ដ៏​យូរ​របស់​ថៃ​ នៅ​តែ​ដើរ​យឺត​ដោយសារ​តែ​អស្ថិរភាព​នយោបាយ។

ក្រុមហ៊ុន​វិភាគ​ Capital Economics បាន​កត់​សម្គាល់​ថា ​កំណើន​នៃ​វិនិយោគ​របស់​ថៃ​ដែល​មាន​៣ភាគរយក្នុង​១ឆ្នាំ ​នៅចន្លោះ​ឆ្នាំ​២០០៦​ និង​ឆ្នាំ២០១៥ ​កំពុង​ស្ថិត​ក្នុង​កម្រិត​ទាប​ជាង​ប្រទេស​ផ្សេងៗ ដូច​ជា​ប្រទេស​វៀតណាម​ ដែល​មាន​កំណើន​ជិត​៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ។

អ្នក​វិនិយោគ​កំពុងរង់ចាំ​មើល​ថា​តើ​ប្រទេស​ថៃ​នឹង​ដើរ​ផ្លូវ​ណា

​សាស្រ្តាចារ្យ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ថៃ​ លោក​ Somphob Manarangsan និយាយ​ថា ​វិនិយោគិន​បរទេស​ និង​ក្នុង​ស្រុក​ឥឡូវ​កំពុង​តែ​រង់ចាំ​មើល​លទ្ធផល​នៃការ​ធ្វើ​ប្រជាមតិ​មុននឹងសម្រេច​ចិត្ត​បន្តផែនការ​វិនិយោគ​របស់​ខ្លួន។​

សាស្រ្តាចារ្យ ​Somphob​ និយាយ​ថា៖ «ពួកគេ​កំពុង​រង់ចាំ​មើល​ថា​តើ​ស្ថានភាព​ក្នុង​ប្រទេស​នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ក្នុង​ឆ្នាំ​នេះ ជា​ពិសេស​ថា​តើ​ទិដ្ឋភាព​នយោបាយ​នឹង​ផ្លាស់ប្តូរ​ទៅ​ជា​យ៉ាង​ណា។ ប្រសិន​បើ​រដ្ឋាភិបាល​អាច​គ្រប់គ្រង​ការ​ធ្វើ​ប្រជាមតិ និង​ធ្វើ​ការ​តាម​លទ្ធផល​ដោយ​រលូននោះ រដ្ឋា​ភិបាលអាច​នឹង​ទទួល​បាន​ការ​ទុក​ចិត្ត​ឡើង​វិញពី​អ្នក​វិនិយោគ។ ប៉ុន្តែ ​ប្រសិន​បើ​ស្ថានភាព​កាន់​តែ​រញ៉េរញ៉ៃ​ខ្លាំង​ជាង​នេះ​ នឹង​មាន​រឿង​ផ្សេង​កើត​ឡើង»។

អ្នក​វិនិយោគ​មិន​ចង់​ឲ្យ​មាន​ការ​តវ៉ា និង​អំពើ​ហិង្សា

របាយការណ៍​រប់ស​ក្រុមហ៊ុន​វិភាគ​ Capital Economics សរសេរ​ថា ការ​ផ្ទុះ​ឡើង​ណា​មួយ​នៃ ​«ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ និង​ការ​ប៉ះទង្គិច​ដោយ​ហិង្សា​អាច​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ប្រទេស​នេះ»។

របាយការណ៍​នោះ​បាន​បន្ថែម​ថា​ វិស័យ​ទេសចរណ៍​ដែល​បច្ចុប្បន្ន​ជា​កត្តា​ជំរុញ​យ៉ាង​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ច ហើយ​ទទួល​ចំណូល​បាន​ជិត​ស្មើ១០ភាគរយ​នៃ​ទិន្នផល​សរុប​ក្នុង​ស្រុក ឬ GDP ក៏​ងាយ​នឹង​រងគ្រោះ​ដោយសារ​ជម្លោះ​នយោបាយផង​ដែរ។ បញ្ហា​ធុរកិច្ច និង​ស្មារតី​អ្នក​ប្រើប្រាស់​ក៏​អាច​នឹង​ប៉ះពាល់​ផង​ដែរ។

ការ​បោះឆ្នោត ​និង​ការ​ស្ទង់​មតិ​បាន​ចង្អុល​បង្ហាញ​ពី​ភាព​មិន​ច្បាស់​លាស់ ​ថា​តើ​ពលរដ្ឋ​ថៃ​នឹង​គាំទ្រ​ដល់​សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ​ដែរ​ឬ​យ៉ាង​ណា។

លោក ​Titipol ​Phakdeewanich ​អ្នក​វិទ្យាសាស្រ្ត​នយោបាយ​និយាយ​ថា​ នៅ​ខេត្ត​ភាគ​ខាង​ជើង​ដែលជា​តំបន់​សំខាន់​របស់គណបក្ស ​Pheu Thai ​ការ​ជជែក​ដេញ​ដោល​ដោយ​បើក​ទូលាយ​ទៅ​លើ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ​ត្រូវ​បាន​រឹតត្បិត​ ដោយអ្នក​បោះឆ្នោត​បាន​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​ខ្លឹមសារ​របស់​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ។

លោក​និយាយ​ថា៖ «មនុស្ស​ជាច្រើន​កំពុង​និយាយ​អំពី​សេចក្តី​ព្រាង​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ។ ប៉ុន្តែ​មិន​មាន​ជម្រើស​អ្វីផ្សេង​ល្អ​ទេ ពីព្រោះ​រដ្ឋ​ធម្មនុញ្ញបច្ចុប្បន្ន​នេះ​ត្រូវ​បាន​គណបក្ស​ទាំង​ពីរ​រិះ​គន់​យ៉ាង​ចាស់​ដៃ។ មនុស្ស​ជាច្រើន​នៅ​តែ​គិត​ថា ​យ៉ាង​ហោច​ណាស់​ប្រសិន​បើ​សេចក្តី​ព្រាង​នេះ​ត្រូវ​បានអនុម័ត យើង​អាច​នឹង​មាន​ការ​បោះឆ្នោត​នៅ​ក្នុង​ឆ្នាំ២០១៧ ប៉ុន្តែ​នេះ​មិន​មែន​ជា​ជម្រើស​ដ៏​ល្អបំផុត​សម្រាប់​ពលរដ្ឋ​នោះ​ទេ»។

មន្រ្តី​យោធា​ជាន់​ខ្ពស់​របស់​ថៃ រួម​មាន​មេបេញ្ជាការ ​Theerachai Nakwanich ​បាន​រិះគន់​ការ​ជំទាស់​របស់​គណបក្ស​នយោបាយ​ទៅ​លើ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ។ លោក​បាន​និយាយ​ថា រដ្ឋធម្មនុញ្ញ​ថ្មី​នេះ​សម្គាល់​នូវ​ «ជំហាន​ដំបូង​ឆ្ពោះ​ទៅ​កាន់លទ្ធិប្រជាធិបតេយ្យ»​ ព្រម​ទាំង​កំណែ​ទម្រង់​នៅ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ពុករលួយ​ក្នុង​នយោបាយ។​

អនាគត​សេដ្ឋកិច្ច​ថៃ​មិន​មាន​ភាព​ច្បាស់​លាស់

ព័ត៌មាន​អំពី​សេដ្ឋកិច្ចវិជ្ជមាន​ ​មានឡើង​នៅ​ពាក់​កណ្តាល​ខែ​ឧសភា ​ដោយ​ទិន្នន័យ​ផ្លូវ​ការ​បង្ហាញ​ថា​ សេដ្ឋកិច្ច​ថៃ​មាន​កំណើន ​៣.២ភាគរយ ​នៅ​ក្នុង​ត្រីមាស​ដំបូង​គិត​ត្រឹម​ខែ​មីនា​ ដោយសារ​មាន​កំណើន​ការ​នាំ​ចេញ វិស័យ​ទេសចរណ៍ និង​ការ​ប្រើប្រាស់​ក្នុង​វិស័យ​ឯកជន។

ប៉ុន្តែ​ក្រុមហ៊ុន Capital Economics ​ បាន​រាយការណ៍​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា​ ទោះ​ជា​មាន​កំណើន​សេដ្ឋកិច្ច​នេះ​ក៏​ដោយ ក៏​ការ​ធ្វើ​ប្រជាមតិ​នៅ​ថ្ងៃ​ទី៧ ​ខែសីហា នៅ​តែ​ជា ​«ចំណុច​សំខាន់» ​នៅ​ក្នុង​បរិយាកាស​នយោបាយ​បែកបាក់​របស់​ថៃ។​

របាយការណ៍​ក្រុមហ៊ុន​នេះ​បាន​បន្ថែម​ថា៖ «ទោះ​បីជា​ស្ថានភាព​អាក្រក់​នេះ​ត្រូវ​បាន​បញ្ចៀស​នៅ​ក្នុង​ឆ្នាំ​នេះ​ក៏​ដោយ​ ក៏​មិន​មាន​ការ​បញ្ចប់​ច្បាស់​លាស់​លើ​វិបត្តិ​នយោបាយ​រយៈពេល​វែង​របស់ថៃ​នោះ​ទេ»។ ជា​លទ្ធផល កំណើន​យឺតៗ​ដែល​មាន​ប្រមាណ​ជា ​២.៥ភាគរយ​ត្រូវ​គេរំពឹង​ថា​នឹង​កើត​មាន​ក្នុង​រយៈ​ពេល​មធ្យម៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ