ភាពតានតឹងដ៏រ៉ាំរ៉ៃកំពុងឆាបឆេះលើប្រជុំកោះ Senkaku ដែលជាប្រជុំកោះគ្មានមនុស្សរស់នៅស្ថិតនៅក្នុងសមុទ្រចិនខាងកើតដែលចិនហៅថា Diaoyu និង តៃវ៉ាន់ហៅថាDiaoyutai។
ប្រទេសជប៉ុនបានទាមទារយកប្រជុំកោះនេះ ចាប់តាំងពីសង្គ្រាមចិន-ជប៉ុនបានបញ្ចប់នៅឆ្នាំ១៨៩៥ ប៉ុន្តែចិន និងតៃវ៉ាន់ក៏បានទាមទារយកប្រជុំកោះនោះដូចគ្នា ដែលធ្វើឲ្យផ្ទាំងថ្មទាំងនោះក្លាយជាចំណុចក្តៅខាងភូមិសាស្ត្រនយោបាយជារៀងរហូត។
បញ្ហានេះមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍សេដ្ឋកិច្ច ក៏ដូចជាដែនដី។ នេះបើយោងតាមក្រុមប្រឹក្សាទំនាក់ទំនងបរទេស ដែលបាននិយាយថាប្រជុំកោះនោះ«មានសក្តានុពលប្រេង និងឧស្ម័នធម្មជាតិបម្រុង នៅជិតផ្លូវដឹកជញ្ជូនដ៏លេចធ្លោ ហើយត្រូវបានហ៊ុំព័ទ្ធដោយតំបន់នេសាទដ៏សម្បូរបែប»។
ការប្រឈមមុខដាក់គ្នាចុងក្រោយបំផុតបានកើតឡើងនៅថ្ងៃចន្ទ ទី៤ ខែកក្កដា នៅពេលដែលនាវាឆ្មាំសមុទ្រចិនពីរគ្រឿងបានចូលទៅក្នុងតំបន់ព្រំដែនដែលនៅជាប់នឹងដែនទឹក១២ ម៉ាយល៍សមុទ្រជុំវិញប្រជុំកោះដែលជប៉ុនចាត់ទុកថាជាទឹកដីរបស់ខ្លួន។នាវាចម្បាំងរុស្ស៊ីមួយគ្រឿងក៏បានចូលក្នុងតំបន់ព្រំដែននោះដែរ។
តំបន់ព្រំដែនជាប់ឆ្នេរសមុទ្រត្រូវបានកំណត់ជាទូទៅថាជាលាតសន្ធឹងបន្ថែម ១២ ម៉ាយល៍សមុទ្រហួសពីដែនទឹក ដែលរៀបចំដោយរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិរបស់សហរដ្ឋអាមេរិក ស្របតាមច្បាប់អន្តរជាតិ។
ថ្វីបើប្រទេសនានាមិនមានកម្រិតដូចគ្នានៃភាពផ្តាច់មុខ និងការគ្រប់គ្រងនៅក្នុងតំបន់ព្រំដែនឆ្នេរសមុទ្រ ដូចដែលច្បាប់អន្តរជាតិផ្តល់សិទ្ធិឲ្យពួកគេនៅក្នុងដែនទឹក១២ម៉ាយល៍សមុទ្រក៏ដោយ ក៏រដ្ឋាភិបាលក្រុងតូក្យូបានតវ៉ាប្រឆាំងរដ្ឋាភិបាលក្រុងប៉េកាំងនៅថ្ងៃនោះដែរ។ នេះបើយោងតាម លោក Seiji Kihara អនុប្រធានលេខាធិការខុទ្ទកាល័យនៃប្រទេសជប៉ុន។
លោក Kihara បាននិយាយថា «យោងទៅតាមប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ ប្រជុំកោះ Senkaku គឺជាផ្នែកដែលមានដើមកំណើតនៃទឹកដីរបស់ប្រទេសជប៉ុន»។ លោកបន្តថា៖«រដ្ឋាភិបាល នឹង ដោះ ស្រាយរឿងនេះដោយស្ងប់ស្ងាត់ និងរឹងមាំដើម្បីការពារទឹកដី ដែនទឹក និងដែនអាកាសរបស់ប្រទេសជប៉ុន ប៉ុន្តែនាវាចម្បាំងចិន និងរុស្ស៊ី មិនបានរំលោភលើដែនទឹករបស់ជប៉ុនទេ»។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារទី ៥ ខែកក្កដា ប្រធានខុទ្ទកាល័យជប៉ុនលោក Hirokazu Matsuno បាននិយាយថា ទោះបីជាកប៉ាល់រុស្ស៊ីប្រហែលជាបានគេចពីព្យុះទីហ្វុង Aere ក៏ដោយ ក៏នាវាឆ្មាំសមុទ្រចិនពីរគ្រឿងបានចូលទៅជិតប្រជុំកោះ Senkaku និងតាមដានទូកនេសាទជប៉ុនផងដែរ។
ប៉ុន្តែអ្នកជំនាញបានស្នើថា ចិននិងរុស្ស៊ីទំនងជាមានគម្រោងចូលក្នុងតំបន់ដែលមានចម្ងាយប្រហែល ១៨៦ គីឡូម៉ែត្រពីកោះតៃវ៉ាន់ និងប្រហែល៤១០ គីឡូម៉ែត្រពីប្រទេសជប៉ុន នៅក្នុងសកម្មភាពសម្របសម្រួលមួយដើម្បីប្រឆាំងនឹងសម្ព័ន្ធភាពអាមេរិក-ជប៉ុន។
លោក Yoichi Shimada សាស្ត្រាចារ្យផ្នែកនយោបាយអន្តរជាតិនៅសាកលវិទ្យាល័យ Fukui Prefectural University ក្នុងប្រទេសជប៉ុនបានប្រាប់វីអូអេភាសាចិនកុកងឺថា៖ «ចិននិងរុស្ស៊ីបានបន្តដាក់សម្ពាធ លើប្រទេសជប៉ុន ពីព្រោះប្រទេសជប៉ុនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិកនៅអាស៊ី»។
ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ថា នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៤ ខែកក្កដា នាវាចម្បាំងរុស្ស៊ីមួយគ្រឿង បានចូលដែនទឹកក្បែរប្រជុំកោះ Senkaku ហើយបានបើកនាវាក្នុងតំបន់នោះ អស់រយៈពេលជាងមួយម៉ោង។
លោក Shimada ប្រាប់វីអូអេភាសាចិនកុកងឺថា៖«នាវាចម្បាំងរុស្ស៊ីដែល កំពុងធ្វើដំណើរក្នុងដែនទឹកនៃប្រជុំកោះ Senkaku កំពុងជួយដល់ផែនការរបស់ចិន ដោយអនុញ្ញាតឲ្យនាវាចម្បាំងរបស់ចិនចូលដោយផ្ទាល់ទៅក្នុងដែនទឹកជាប់គ្នាជា«ការព្រមាន» បង្កើតការយល់ឃើញថា ចិនមានសិទ្ធិ «គ្រប់គ្រងយ៉ាងសំខាន់» លើកោះ Senkaku។ ដូច្នេះវាទំនងជាត្រូវបានរៀបចំទុកជាមុន» ។
ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ហាក់ដូចជាបានសម្របសម្រួលគសកម្មភាពនៅក្នុងតំបន់នោះនាពេលកន្លងមក។កាលពីថ្ងៃទី២៤ ខែឧសភា យន្តហោះចម្បាំងចិន និងរុស្ស៊ីបានធ្វើការហោះហើររួមគ្នាលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត ខណៈដែលមេដឹកនាំមកពីសហរដ្ឋអាមេរិក ឥណ្ឌា អូស្ត្រាលី និងជប៉ុនបានជួបពិភាក្សាគ្នានៅទីក្រុងតូក្យូស្តីពីសន្តិសុខក្នុងតំបន់។ យោងតាមគេហទំព័រ USNINews បានឲ្យដឹងថា កប៉ាល់រុស្ស៊ីចំនួន ៧គ្រឿងបានធ្វើប្រតិបត្តិការនៅក្បែរប្រទេសជប៉ុនចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា។
កាលពីថ្ងៃអង្គារ ទី០៥ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់ បាននិយាយថា ប្រជុំកោះ Diaoyu តែងតែជាទឹកដីរបស់ប្រទេសចិន។
លោក Zhao Lijian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា៖«ក្នុងរយៈពេល ប៉ុន្មានឆ្នាំថ្មីៗនេះកប៉ាល់នេសាទជប៉ុនស្តាំនិយមបានចូលដែនទឹករបស់ប្រទេសចិនម្តងហើយម្តងទៀត ចេញពីកោះ Diaoyu Dao ដោយខុសច្បាប់។ ទង្វើនេះបានរំលោភអធិបតេយ្យភាពរបស់ចិនយ៉ាងធ្ងន់ធ្ងរ។សកម្មភាពអនុវត្តច្បាប់នៅនឹងកន្លែងរបស់នាវាឆ្មាំឆ្នេរសមុទ្រចិនទាក់ទងនឹងទូកនេសាទជប៉ុនស្តាំនិយម គឺជាវិធានការត្រឹមត្រូវ និងស្របច្បាប់ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសចិន»។
រដ្ឋាភិបាលក្រុងប៉េកាំងមិនបានធ្វើអត្ថាធិប្បាយអំពីចលនារបស់នាវាចម្បាំងរុស្ស៊ីនៅក្បែរប្រជុំកោះ Senkaku ទេ។
សារព័ត៌មាន Kyodo របស់ប្រទេសជប៉ុនកាលពីថ្ងៃទី៥ខែកក្កដា បានរាយការណ៍ថានាវាចិនឥឡូវនេះត្រូវបានគេប្រទះឃើញនៅជិតប្រជុំកោះនេះ រួមទាំងនៅក្នុងតំបន់ព្រំដែនសមុទ្រនៅខាងក្រៅដែនទឹករបស់ជប៉ុនអស់រយៈពេល៨១ថ្ងៃជាប់ៗគ្នា។ នេះបើយោងតាមឆ្មាំសមុទ្រជប៉ុន។
លោក Chen Wenjia នាយកមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍ជាតិ និងតំបន់នៃសាកលវិទ្យាល័យ Kainan ក្នុងកោះតៃវ៉ាន់ បាននិយាយថា គោលបំណងនៃសកម្មភាពរបស់ចិន និងរុស្ស៊ីនៅក្នុងប្រជុំកោះ Senkaku គឺដើម្បីប្រកាសដល់សម្ព័ន្ធភាពអាមេរិក-ជប៉ុន និងលោកខាងលិចឲ្យកាន់តែទូលំទូលាយថា រុស្ស៊ីនៅតែមានធនធានដើម្បីសហការជាមួយយុទ្ធសាស្ត្រដែនសមុទ្ររបស់ចិននៅអាស៊ីឦសាន បើទោះជាមានសង្គ្រាមនៅអ៊ុយក្រែនក៏ដោយ។
លោក Chen Wenjia បាននិយាយថា ការចូលរបស់នាវាចម្បាំងចិន និងរុស្ស៊ី ទៅក្នុងកោះSenkaku គឺមានបំណងបំភិតបំភ័យជប៉ុន ខណៈកំពុងធ្វើសេចក្តីថ្លែងការណ៍ប្រឆាំងនឹងសម្ព័ន្ធភាពអាមេរិក-ជប៉ុន៕
ប្រែសម្រួលដោយកញ្ញា អ៊ុន សុដាវី