ខ្មែរ-​អាមេរិកាំង​ទី១ គឺ​អ្នកស្រី ស៊ូលី សារ៉ូ បាន​ស្បថ​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ក្រុងឡុងប៊ិច

រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២០ បេក្ខនារី​ខ្មែរ​អាមេរិកាំង​រូប​នេះ​កំពុង​ថ្លែង​​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ឯ​ពិធី​ឃោសនា​បោះឆ្នោត​មួយ​កន្លែង។ (Facebook)

អ្នកស្រី​ ស៊ូលី សារ៉ូ ​បាន​ក្លាយ​ជា​តំណាង​សហគមន៍​ខ្មែរ-អាមេរិកាំង​ដំបូង​ដែល​ចូល​មក​កាន់​តំណែង​ក្រុមប្រឹក្សា​ទីក្រុង​ឡុងប៊ិច​ក្នុង​រដ្ឋកាលីហ្វញ៉ា​ បន្ទាប់ពី​បាន​ផ្តួល​លោក​ Dee Andrews​ ដែល​បាន​កាន់​តំណែង​ចំនួន​បី​អាណត្តិ។

ដោយ​ដាក់​ដៃឆ្វេង​លើ​សៀវភៅ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក​និង​អម​ដោយ​ស្វាមី ​កូន​ទាំង​ពីរ​ ម្តាយ​និង​ប្អូនប្រុស​ អ្នកស្រី​ស៊ូលី សារ៉ូ ​បាន​លើក​ដៃ​ស្តាំ​សច្ចាស្បថ​តាម​ការសូត្រ​របស់​ស្មៀន​សាលាក្រុង​ដើម្បី​ចូល​បម្រើ​ការងារ​សម្រាប់​ផលប្រយោជន៍​សហគមន៍។

អ្នកស្រី​ស៊ូលី ​បាន​ថ្លែង​ក្រោយពី​ការស្បថ​ចូល​ជា​ផ្លូវការ​ថា៖​

«យើង​បាន​បង្ហាញ​ថា​គំនិត​វិជ្ជមាន​ឈ្នះ ​ការផ្លាស់ប្តូរ​អាច​កើត​ឡើង​បាន​ និង​អ្វីៗ​ក៏​អាច​សម្រេច​បាន»។

ពិធីស្បថ​ចូល​កាន់​តំណែង​ដែល​បាន​រៀបចំ​ឡើង​នៅក្នុង​សាលា​ក្រុង​ឡុងប៊ិច​កាលពី​ថ្ងៃអង្គារ​ ទី១៥ ខែធ្នូ​ គឺជា​ការបញ្ចប់​ការរង់ចាំ​របស់​សហគមន៍​ខ្មែរ-អាមេរិកាំង​ដែល​ចង់​បាន​តំណាង​របស់​គេ​១​រូប​នៅ​ថ្នាក់​ដឹកនាំ​ទីក្រុង​ដែល​ពួកគេ​បាន​មក​តាំង​ទីលំនៅ​តាំងពី​ជាង​៤០​ឆ្នាំ​មុន។

ពិធី​នេះ​មិន​អនុញ្ញាត​ឲ្យ​មាន​មហាជន​ទូទៅ​ចូលរួម​ដោយ​ផ្ទាល់​ទេ​ ដោយសារតែ​បង្កា​ជំងឺ​កូវីដ១៩។ ប៉ុន្តែ​បាន​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ​យូធូប ​និង​ធ្វីតថឺ ​របស់សាលាក្រុង។

អ្នកស្រី​ស៊ូលី សារ៉ូ ​បាន​បន្ត​ទៀត​ថា៖

«ការបំបែក​ឧបសគ្គ​ក្នុង​នាម​ជា​ខ្មែរ​អាមេរិកាំង​ដំបូង​ជា​ស្ត្រី​សមាជិក​ក្រុមប្រឹក្សា​ក្រុង​ មាន​ន័យ​ថា​ខ្ញុំ​កំពុង​បង្កើត​កន្លែង​មួយ​សម្រាប់​សំឡេង​ដែល​ជារឿយៗ​មិន​ត្រូវ​បាន​គេ​ស្តាប់​ឮ​ពីមុន​មក ​ហើយ​ខ្ញុំ​កំពុង​សាងសង់​ស្ពាន​១ ​ដែល​ធានា​ថា​ នាងខ្ញុំ​មិនមែន​ជា​មនុស្ស​ចុងក្រោយ​ទេ»។

កន្លងមក​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាច្រើន​រូប​បាន​ព្យាយាម​ឈរ​ឈ្មោះ​នៅ​ក្នុង​សង្កាត់​ផ្សេងៗ​ក្នុង​ទីក្រុង​ដ៏​ធំ​នេះ​ប៉ុន្តែ​មិន​បាន​ជោគជ័យ។ បេក្ខជនដំបូង​ដែល​បាន​ឈរឈ្មោះ​គឺ​អ្នកស្រី ​Sandy Blankenship ​ដែល​បាន​ឈរ​ឈ្មោះ​នៅឆ្នាំ​១៩៩៦​សម្រាប់​តំណែង​សង្កាត់​លេខ​៤។

លោក Robert Garcia ​ចៅហ្វាយ​ក្រុង​ទីក្រុង​ឡុងប៊ិច​បាន​ថ្លែង​សុន្ទរក​ថា​ស្វាគមន៍​អ្នកស្រី​ស៊ូលី ​ដែល​បាន​ដឹកនាំ​ការប្រកួត​ប្រជែង​ដ៏​ស្វិតស្វាញ​ដើម្បី​ផ្តួល​ លោកឌី អែនឌ្រូ​ ដែល​ជា​ចៅសង្កាត់​លេខ៦​ផង​និង​ជា​ចៅហ្វាយ​រង​ក្រុងឡុងប៊ិច​ផង៖

«ការបោះឆ្នោត​នេះ​គឺ​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ។ អ្នកស្រី​បណ្ឌិត​សារ៉ូ មិន​ត្រឹម​តែ​មាន​រឿង​ផ្ទាល់​ខ្លួន​ជា​ប្រវត្តិសាស្ត្រ​ទេ ​ប៉ុន្តែ​យុទ្ធនាការ​របស់​អ្នកស្រី​និង​សហគមន៍​ខ្មែរ​ បាន​រួមគ្នា​ជ្រើសរើស​ខ្មែរ​-អាមេរិកាំង​ដំបូង ​សម្រាប់​ក្រុមប្រឹក្សា​នេះ ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទីក្រុង​ឡុងប៊ិច។ នេះ​មិនមែន​គ្រាន់តែ​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ទីក្រុង​របស់​យើង​ទេ​ប៉ុន្តែ​នៅ​គឺ​នៅ​ទូទាំង​ប្រទេស»។

ទីក្រុង​ឡុងប៊ិច​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រមាណ​ជាង​៥០.០០០​នាក់​ ដែល​ភាគច្រើន​បានរត់​ភៀសខ្លួន​ចេញពី​ការគ្រប់គ្រង​នៃ​របប​កុម្មុយនីស្ត​ខ្មែរ​ក្រហម​និង​ក្រោយពី​របប​នេះ​បាន​ដួលរលំ​ក្នុង​ឆ្នាំ​១៩៧៩។

លោក Robert Garcia​ បាន​បន្ថែម​ថា៖

«ខ្ញុំ​ក៏​សូម​អបអរ​សាទរ​យ៉ាង​ពិសេស​និង​ដោយ​ផ្ទាល់​ដល់​សហគមន៍​ខ្មែរ​ទាំងអស់​ដែល​ខ្ញុំ​ដឹង​ថា​កំពុងតែ​ទស្សនា​តាម​អនឡាញ។ ខ្ញុំ​ដឹង​ថា​តើ​ថ្ងៃ​នេះ​មាន​សារៈសំខាន់​ជា​ប្រវត្តិសាស្រ្ត​ណាស់​ចំពោះ​ពួកគេ»។

អ្នកស្រី​ ស៊ូលី សារ៉ូ ​បាន​ធ្វើ​យុទ្ធនាការ​ដោយ​ឈរ​លើ​ការបង្កើត​ការងារ ​លំនៅដ្ឋាន ​សន្តិសុខ​និង​សុខភាព​អនាម័យ​សម្រាប់​ពលរដ្ឋ​នៅក្នុង​សង្កាត់​ដែល​អ្នកស្រី​ចាត់​ទុកថា​មិន​ទទួល​បាន​សេវា​ត្រឹមត្រូវ​និង​មិនមាន​តំណាង​បាន​ល្អ​ជាច្រើន​ឆ្នាំ។

អ្នកស្រី​ ស៊ូលី សារ៉ូ ​បាន​ទទួលស្គាល់​ពី​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​ក្នុង​នាម​ជា​ចៅសង្កាត់​លេខ​៦៖

«សង្កាត់​លេខ​៦​នៃ​ទីក្រុង​ឡុងប៊ិច​គឺជា​កន្លែង​ដ៏​ល្អ​សម្រាប់​ចិញ្ចឹម​គ្រួសារ​ ប៉ុន្តែ​នៅ​មាន​កិច្ចការ​ជាច្រើន​ដែល​យើង​អាច​ធ្វើ​ឲ្យ​សហគមន៍​របស់​យើង​កាន់តែ​ខ្លាំង​ជាង​មុន។ ក្នុង​តំណែង​ជា​ក្រុមប្រឹក្សា​ ខ្ញុំ​នឹង​ធ្វើការ​ដើម្បី​ទាក់ទាញ​ការងារ​ដែល​ផ្តល់​ប្រាក់​ច្រើន​ដល់​សង្កាត់​របស់​យើង​ ជួយ​ដល់​អាជីវកម្ម​ដែល​បាន​ប៉ះពាល់​ដោយសារ​ជំងឺ​រាតត្បាត​ និង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ទទួលបាន​កន្លែង​ស្នាក់នៅ​និង​មាន​លទ្ធភាព​ទិញ​ផ្ទះ​បាន។ អត្រា​អ្នកគ្មាន​ការងារ​ធ្វើ​កាន់តែ​ច្រើន​ ហើយ​ការទាញ​ទម្លាក់​សង្កាត់​នេះ​ត្រូវតែ​បញ្ចប់»។

អ្នកស្រី​ ស៊ូលី សារ៉ូ​ បាន​កើត​នៅ​ជំរំ​ជនភៀសខ្លួន​ម៉ៃរូត​តាម​បណ្តោយ​ព្រំដែនកម្ពុជា-​ថៃ​ មុន​នឹង​ក្រុម​គ្រួសារ​ទទួលបាន​សិទ្ធិ​មក​រស់នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​១៩៨២។ ​អ្នកស្រី ​មាន​សញ្ញាបត្រ​អនុបណ្ឌិត​ខាង​ផ្នែក​រដ្ឋបាល​សាធារណៈ​ពី​សាកលវិទ្យាល័យ​រដ្ឋ​កាលីហ្វញ៉ា​ប្រចាំ​នៅ​ទីក្រុង​ឡុងប៊ិច ​និង​បណ្ឌិត​ផ្នែក​អប់រំ​សិក្សាធិការ​ពី​សាកល​វិទ្យាល័យ​ឡាវែន។​

អ្នកស្រី​ស៊ូលី​បាន​បន្ថែម​ថា៖

«ការមក​តាំង​ទីលំនៅ​ក្នុង​សហរដ្ឋ​អាមេរិក​គឺជា​កន្លែង​នៅ​បរទេស​និង​ជួប​បញ្ហា​ប្រឈម​ច្រើន​ ប៉ុន្តែ​ក្នុង​នាម​ជា​ក្រុមគ្រួសារ​យើង​បាន​ជម្នះ​ឧបសគ្គ​ដែល​យើង​បាន​ជួប​ប្រទះ។ ខ្ញុំ​មិន​ដែល​ភ្លេច​ដើម​កំណើត​ របស់​ខ្ញុំ​ទេ។ បទពិសោធ​នេះ​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ក្លាយ​ជា​អ្នករៀបចំ​សហគមន៍​ សម្រាប់​អ្នកដែល​ត្រូវ​គេ​ផាត់​ចេញ​ពី​សង្គម​និង​មិន​សូវ​រាប់រក»។

សង្កាត់​លេខ​៦គឺជា​តំបន់​ដែល​មាន​ស្តង់ដា​សុខភាព​ទាប​និង​អត្រា​នៃ​ភាពក្រីក្រ​ខ្ពស់​នៅក្នុង​ក្រុងឡុងប៊ិច។ នេះ​បើ​តាម​ការសិក្សា​របស់​មជ្ឈមណ្ឌល​សុខភាព​ទីក្រុងឡុងប៊ិច (Long Beach Memorial Medical Center)​ក្នុង​ឆ្នាំ​២០១៩៕