ចៅហ្វាយក្រុង​ឡុងប៊ិច​ធ្វើ​ទស្សនកិច្ច​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កម្ពុជា

​លោក ​រ៉ូប៊ឺត ហ្កាសៀ  (Robert Garcia) ​ចៅហ្វាយ​​ក្រុង​ឡុងប៊ិច។ (រូបថតពីទំព័រ​ហ្វេសប៊ុក​របស់​លោក Robert Garcia)

ក្រុមប្រតិភូ​ក្រុង​ឡុងប៊ិចនៃរដ្ឋ​កាលីហ្វញ៉ា​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ទស្សនកិច្ចរយៈ​ពេល​បួន​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា​ដើម្បី​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​និង​វប្បធម៌​ ​ជាពិសេស​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ទីក្រុង​ឡុងប៊ិច​និង​រាជធានី​ភ្នំពេញ​ដែល​ជា​ទីក្រុង​បងប្អូននឹងគ្នា។​

លោក​ចៅហ្វាយក្រុង​ឡុងប៊ិច គឺ​លោក​រ៉ូប៊ឺត ហ្កាសៀ(Robert Garcia) ​បាន​ក្លាយជាចៅហ្វាយក្រុង​ដែល​កំពុង​កាន់តំណែង​ទីមួយ​ហើយ​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា។ ដំណើរ​ទស្សន​កិច្ចនេះ​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃសៅរ៍ហើយ​បញ្ចប់នៅថ្ងៃ​ពុធនេះ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅរាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ក្នុង​ទំព័រ​ហ្វេសប៊ុក​ថា៖

«លោក​ចៅហ្វាយ​ក្រុង​ Garcia ​មក​ធ្វើ​ទស្សនកិច្ច​នៅភ្នំពេញក្នុងបេសកកម្មពាណិជ្ជកម្មមួយ និង​ដើម្បី​បន្ត​ទំនាក់ទំនងទីក្រុងបងប្អូន រវាងទីក្រុង Long Beach និងទីក្រុងភ្នំពេញ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ជា​លើក​ដំបូង​ នៅក្នុងឆ្នាំ ១៩៩៣។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​ហើយ​ដែល​ចៅហ្វាយ​ក្រុង​ Long Beach ដែលកំពុង​កាន់​តំណែង​ បាន​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា‍»។

ស្ថានទូត​បាន​បន្ថែមទៀតថាលោក​ចៅហ្វាយ​ក្រុង​ឡុងប៊ិច​បាន​ថ្លែង​ពី​ទំនាក់​ទំនង​រឹង​មាំ​រវាង​ប្រជាជន​និងប្រជាជន រវាងទីក្រុងរបស់លោក និងប្រទេសកម្ពុជា ព្រម​ទាំង​ចំណង​ទាក់ទង​ផ្នែក​ពាណិជ្ជកម្ម​រវាងសហរដ្ឋ​អាមេរិក​និង​កម្ពុជា។

ក្រុមប្រតិភូ​បាន​ជួបជាមួយ​នឹង​មន្ត្រី​កម្ពុជា​ជាច្រើន​ក្នុង​នោះ​មាន​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ រដ្ឋមន្ត្រី​សាធារណការ ​និង​អភិបាល​រាជធានី​ភ្នំពេញនិង​បាន​ចូលគាល់ព្រះមហាក្សត្រ​កម្ពុជាផងដែរ។

លោករ៉ូប៊ឺត ហ្កាសៀ ​បាន​ថ្លែង​បន្ថែម​ថា៖

«ខ្ញុំ​បាន​មក​ទីនេះ​ជាមួយ​នឹង​អាជ្ញាធរ​កំពង់ផែ​ទីក្រុង​ឡុងប៊ិច​ដើម្បី​ធានា​ថា​ពាណិជ្ជកម្ម​ត្រូវ​បាន​ពង្រឹង​ហើយ​យើង​មាន​បណ្តូរ​វប្បធម៌​ដ៏ធំ​របស់យើង​ដោយ​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការ​យោគយល់ថ្មី​នៃ​សមាគម​ទីក្រុង​បងប្អូន​ជាមួយ​នឹង​រាជធានី​ភ្នំពេញ​ឱ្យ​ធ្វើ​ការ​ជាមួយ​នឹង​ក្រុងខ្មែរ។ ដូច្នេះ​យើង​មានមោទនភាព​ដែល​បាន​មក​ទីនេះ​ហើយ​យើង​ស្រឡាញ់​ពលរដ្ឋ​ទីក្រុង​ឡុងប៊ិច និង​ស្រឡាញ់​ប្រទេស​កម្ពុជា​និង​សហគមន៍​ខ្មែរ‍»។​

អាជ្ញាធរ​កំពង់ផែ​ទីក្រុង​ឡុងប៊ិច​បាន​បញ្ជាក់​ក្នុង​គេហទំព័រ​របស់​ខ្លួន​ថា​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៩ថ្ងៃ​របស់​លោក​ចៅហ្វាយក្រុង​ឡុងប៊ិច​ទៅអាស៊ី​នេះ​មាន​ចូល​ទៅ​ប្រទេស​កម្ពុជា​ សឹង្ហបុរី ​និង​វៀតណាម។

កំពង់​ផែសមុទ្រ​ទីក្រុង​ឡុងប៊ិច ​គឺ​ជាកំពង់​ផែ​ដែល​មានភាព​មមាញឹក​ជាងគេ​លំដាប់ទីពីរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ហើយ​បាន​បង្កើត​ការងារ​ជូនពលរដ្ឋ​ចំនួន​៣សែននាក់។ នេះ​បើតាមការ​បញ្ជាក់​របស់​អាជ្ញាធរ​កំពង់ផែ​ទីក្រុង​ឡុងប៊ិច។​

លោកផៃ ស៊ីផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុក​ថាដំណើរទស្សន​កិច្ចនេះ​ជា​លក្ខណៈប្រវត្តិសាស្រ្ត​មួយសម្រាប់​កម្ពុជា។

លោក​បាន​បន្ថែមពីសារៈសំខាន់នៃ​ទំនាក់ទំនងរវាង​កំពុង​ផែ​ក្រុង​ឡុងប៊ិច​និង​កម្ពុជា៖ «គណៈកម្ម​ការផែ​បាន​មកធ្វើ​ទស្សនកិច្ច​ក្នុងទិសដៅ​កិច្ចសហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​រវាង​ផែ​ទឹកសាប​នៅ​តំបន់​កៀនស្វាយ​ជិតដល់អ្នកលឿង​ជាមួយ​នឹង​ផែ​ទីក្រុង​ឡុងប៊ិច​ដើម្បី​សម្រប​សម្រួល​ការដឹកជញ្ជូន​រវាង​កម្ពុជា​ជាមួយ​នឹង​ទីក្រុង​ឡុងប៊ិច។ យើង​ដឹង​ថា​ទីក្រុង​ឡុងប៊ិច​មានទីក្រុង​ខ្មែរ​មួយ​ដែល​បង្កើត​បាន​ដោយ​ប្រជាពលរដ្ឋ​នៅទីក្រុង​ឡុងប៊ិច​ក្នុង​ចំណោម​ទីក្រុង​ធំៗនៅ​សហរដ្ឋ​អាមេរិក​។ ទីក្រុង​ឡុងប៊ិច​មានប្រជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក​បន្ទាប់ពី​រាជធានី​ភ្នំពេញ។ ដូច្នេះ​នេះ​គឺ​ជា​ទិសដៅ​ពាណិជ្ជកម្មសុទ្ធសាធ‍»។​

ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បាន​ថ្លែងអំណរ​គុណ​ដល់​លោក​អភិបាល​ក្រុង​ដែល​អនុញ្ញាត​ឱ្យ​មាន​ក្រុង​ខ្មែរ​នៅ​ចំកណ្តាល​ទីក្រុង​ឡុងប៊ិច។ នេះ​បើតាម​ការផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា។​

«ក្នុង​ប្រវត្តិសាស្រ្ត​ប្រទេស​របស់​យើង ប្រជាជាតិ​យើង​មិន​ដែល​មាន​កិត្តិយស​ដោយ​ត្រូវ​បាន​គេ​ប្រគល់​កន្លែង​បង្កើត​ជា​ក្រុង​ខ្មែរ និង​សង្កាត់​វប្បធម៍និង​ពាណិជ្ជកម្មនៅ​បរទេស​ទេ។ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​លោក​អភិបាល​ក្រុង​និង​លោក​ប្រធាន​ក្រុង​ខ្មែរ​ចំពោះ​កាយវិការ​ដ៏​ស្មោះស្ម័គ្រ​នេះ‍»។

ក្រុមប្រតិភូ​ក៏​បាន​ទៅធ្វើ​ទស្សនកិច្ច​តំបន់ទេសចរណ៍​អង្គរ​វត្ត​ក្នុង​ខេត្ត​សៀមរាប និង​ពិព័រណ៍​ផលិតផល​សូត្រ​ខ្មែរ​ក្នុងទីក្រុង​ភ្នំពេញផងដែរ។ នេះ​បើតាមការ​បញ្ជាក់​របស់​ហ្វេសប៊ុក​ទីក្រុង​បងប្អូន​ភ្នំពេញ​និង​ឡុងប៊ិច៕