ប៉ូលិសកាណាដាបានចាប់ខ្លួនបុរសម្នាក់ដែលបានបើករថយន្តមួយគ្រឿងបុកមន្ត្រីប៉ូលិសម្នាក់នៅខាងក្រៅទីលានលេងបាល់ទាត់នៅក្នុងទីក្រុង Edmonton ហើយបន្ទាប់មកជននោះបានចាក់មន្ត្រីប៉ូលិសរូបនោះម្តងហើយម្តងទៀត មុនពេលចាកចេញពីកន្លែងកើតហេតុ។ បុរសដដែលនោះក្រោយមកបានបើករថយន្តវ៉ែនទៅបុកអ្នកថ្មើរជើង៤នាក់ ក្នុងពេលបើករថយន្តក្នុងល្បឿនលឿនមួយកាលពីល្ងាចថ្ងៃសៅរ៍។
ជនរងគ្រោះទាំង៥នាក់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ។ ទាំងជនរងគ្រោះនិងជនសង្ស័យនៅមិនទាន់ត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយទេ។
លោកស្នងការប៉ូលិស Rod Knecht ក្នុងទីក្រុង Edmonton បាននិយាយថា ជនសង្ស័យ ដែលត្រូវបានពណ៌នាថាមានអាយុត្រឹមតែ៣០ឆ្នាំនិងជាអ្នករស់នៅក្នុងទីក្រុង Edmonton មានទង់ជាតិក្រុមរដ្ឋឥស្លាមនៅខាងក្នុងរថយន្តដែលបានបើកបុកមន្ត្រីប៉ូលិសនោះ។ ប៉ុន្តែក្រុមមន្ត្រីននិយាយថា ហេតុការណ៍នោះទំនងជាស្នាដៃរបស់ជននោះតែម្នាក់គត់។
លោក Don Iveson អភិបាលក្រុង Edmonton បានមានប្រសាសន៍ថា «តាមតែខ្ញុំដឹង នេះគឺសកម្មភាពវាយប្រហារដែលធ្វើឡើងតែម្នាក់ឯង»។
លោក Knecht បានថ្លែងថា ប៉ូលិស Edmonton បានធ្វើការជាមួយនឹងក្រុមការងារសន្តិសុខជាតិរបស់ប៉ូលិសកាណាដានិងទីភ្នាក់ងារសន្តិសុខកាណាដាដទៃទៀត។ លោកបានប្រាប់ដល់សាធារណជនឲ្យរក្សាការប្រុងប្រយ័ត្ននិងអង្កេតមើលអ្វីដែលនៅជុំវិញខ្លួន៕