អ្នក​ធ្វើ​ការ​វាយ​ប្រហារ​នៅ​ក្នុង​ក្រុង​ឡុងដ៍​ធ្លាប់​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ភេរវកម្ម

នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Boris Johnson និង​រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ Priti Patel ​ទស្សនា​កន្លេង​វាយ​ប្រហារ​នៅ​លើ​ស្ពាន​ London Bridge ក្នុង​ទីក្រុង​ឡុងដ៍ កាល​ពី​ថ្ងៃទី​៣០ វិច្ឆិកា ២០១៩។

នាយក​រដ្ឋមន្ត្រី​ Boris Johnson បាន​និយាយ​ថា៖ «ជា​កំហុស​មួយ​ដែល​អនុញ្ញាត​ឱ្យ​ពួក​ឧក្រិដ្ឋជន​មាន​ទោស​ធ្ងន់ធ្ងរ​និង​ឃោរឃៅ​ចេញ​ពីគុក​យ៉ាង​ឆាប់​រហ័ស​ ហើយ​ជា​ការ​សំខាន់​ណាស់​ដែល​យើង​ឈប់​ធ្វើ​តាម​ទម្លាប់​នេះ​ទៀត»។

ពួក​មន្ត្រី​សន្តិសុខ​អង់គ្លេស​បាន​និយាយ​ថា ​ពួក​គេ​មិន​ស្វែង​រក​ជន​ជាប់​សង្ស័យ​ថែម​ទៀត​នៅ​ក្នុង​ការ​វាយ​ប្រហារ​ចាក់​ដោយ​កាំបិត​នៅ​ក្នុង​ក្រុង​ឡុងដ៍​ កាល​ពី​ថ្ងៃ​សុក្រ​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់​ហើយ​ជន​រង​គ្រោះ​បី​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ។

ពួក​ប៉ូលិស​ក្រុងឡុងដ៍ ​ត្រូវ​បាន​ហៅ​ឱ្យ​ទៅ​កាន់​អាគារ ​Fishmongers' Hall ​នៅ​ខាង​ជើង​ស្ពាន​ London Bridge នៅ​ពេល​រសៀល​ដែល​នៅទី​នោះ​សាកលវិទ្យាល័យ​ Cambridge ​បានធ្វើ​សិក្ខា​សាលា​មួយ​អំពី​ការ​ធ្វើ​អ្នក​ទោស​ឱ្យ​ទៅ​ជា​មនុស្ស​ល្អ​ឡើង​វិញ​ដែល​មាន​ចំណង​ជើង​ថា «ការ​រៀនសូត្រ​ជាមួយ​គ្នា»។

វិទ្យុ​និង​ទូរស្សន៍​អង់គ្លេស​ BBC ​រាយការណ៍​ថា​ ជន​ជាប់​សង្ស័យ​ឈ្មោះ ​Usman Khan ​អាយុ​២៨​ឆ្នាំ​ ដែល​មាន​ទោស​កាល​ពី​ឆ្នាំ​២០១២​ពី​បទ​ភេរវកម្ម​ ហើយ​ដែល​ត្រូវ​បាន​ដោះលែង​តាម​រយៈ​ការ​ព្យួរទោស​ដោយ​មានលក្ខខណ្ឌ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៨ ក៏​ធ្លាប់​បាន​ចូល​រួម​ក្នុង​សិក្ខាសាលា​នេះដែរ។​

គាត់​បាន​ចាប់​ផ្តើម​ការ​វាយ​ប្រហារ​នោះ​ពី​ខាង​ក្នុង​អាគារ​នោះ​នៅ​មុន​ពេល​គាត់​ទៅ​កាន់​ស្ពាន​ London Bridge ដែល​នៅ​ទី​នោះ​គាត់​បាន​ត្រូវ​ប្រឈម​និងត្រូវ​បាន​សម្លាប់​នៅ​ក្រោយ​ពេល​គាត់​បាន​ចាក់​មនុស្ស​មួយ​ចំនួន។

លោក ​Neal Basu​ ឧបការី​ស្នងការ​ប៉ូលិស​ក្រុង​ឡុងដ បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​ថា ​ឧប្បត្តិហេតុ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ការ​វាយ​ប្រហារ​ភេរវកម្ម។

បណ្តាញ​ផ្សាយ​ព័ត៌មាន​អង់គ្លេស​ដែល​និយាយ​យោង​តាម​ប្រភព​មន្ត្រី​រដ្ឋាភិបាល​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា​ ឈ្មោះ​ Khan ​មាន​ចំណង​ទាក់ទង​ជាមួយ​ក្រុម ឥស្លាម​និយមជ្រុល។ ពួក​មន្ត្រី​មិន​បាន​បញ្ជាក់​ថា ​ព័ត៌មាន​នេះ​ជា​ការ​ពិត​ឬយ៉ាង​ណា​ទេ។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​នាយក​រដ្ឋមន្ត្រី​ Boris Johnson បាន​និយាយ​ថា៖ «ជា​កំហុស​មួយ​ដែល​អនុញ្ញាត​ឱ្យ​ពួក​ឧក្រិដ្ឋជន​មាន​ទោស​ធ្ងន់ធ្ងរ​និង​ឃោរឃៅ​ចេញ​ពីគុក​យ៉ាង​ឆាប់​រហ័ស​ ហើយ​ជា​ការ​សំខាន់​ណាស់​ដែល​យើង​ឈប់​ធ្វើ​តាម​ទម្លាប់​នេះ​ទៀត»៕