សកម្មភាព​នយោបាយ​មូលដ្ឋាន​មុន​ការ​បោះឆ្នោត​ហាក់​សកម្ម​​វិញ តាមរយៈ​គណបក្ស​ចាស់​ក្រោម​ការ​ដឹកនាំ​ថ្មី

អ្នកស្រី​ ស្ងួន សាមាន​ បេក្ខជន​មេឃុំ​របស់​គណបក្ស​ភ្លើង​ទៀន​ នៅ​ឃុំត្រពាំងចាន់​ នៃ​ស្រុក​បរិបូរណ៍​ ខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមសមាជិក​គណបក្ស​​ប្រជុំរៀបចំ​សកម្មភាព​សម្រាប់ យុទ្ធនា​ការ​ឃោសនា​ការបោះឆ្នោតឃុំសង្កាត់ នៅ​ថ្ងៃទី​ ០៥ ខែឧសភា​ ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង — ​លោក អ៊ុំ សាវ៉ាន​ ធ្លាប់​ជា​គ្រូបង្រៀន​គណិតវិទ្យា​ និង​រូបវិទ្យា​នៅ​ថ្នាក់​អនុវិទ្យាល័យ​ដល់​សិស្សៗ​ជាច្រើន​រយ​នាក់​ នៅ​ស្រុក​ស្រុក​បិរបូរណ៍​ ខេត្ត​កំពង់ឆ្នាំង។​ ក៏ប៉ុន្តែ​ក្រោយ​មក​ ដោយសារ​មើល​ឃើញ​បញ្ហា​ជា​ច្រើន​នៅ​ភូមិឃុំរបស់​លោក​ ដែល​លោកអះអាងថា​ ពោរពេញ​ដោយ​ «អយុត្តិធម៌» និង​ «ការ​រើសអើង» ​លោក សាវ៉ាន​ ​ក៏​បាន​សម្រេចចិត្តចូល​ប្រឡូក​ការងារ​នយោបាយថ្នាក់​មូលដ្ឋាន​ ដោយ​សង្ឃឹម​នឹង​បាន​រួម​ចំណែក​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​សហគមន៍​របស់​លោក។

នៅ​ឆ្នាំ​ ២០១៧ លោក​បាន​សម្រេច​បំណង​នោះ ដោយ​ត្រូវបាន​ពលរដ្ឋ​បោះឆ្នោត​ជ្រើសតាំង​រូប​លោក​ធ្វើជា​មេឃុំ​ជំទប់ទី ២​ នៅ​ឃុំឆ្នុកទ្រូ ស្រុក​បរិបូណ៍​ ខេត្ត​កំពង់ឆ្នាំ។ ក៏ប៉ុន្តែ ​លោក​បាន​បំពេញ​ការងារ​នេះ​បាន​ប្រមាណ​ ៤ ខែ​ប៉ុណ្ណោះ។ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​លោក​បាន​ចូលរួម​ជា​សមាជិក ត្រូវបាន​តុលាការ​កំពូល​រំលាយ។ ហើយ​ជា​លទ្ធផល មុខ​តំណែង​និង​កិច្ច​ការងារ​របស់​លោក​ ក៏​ត្រូវ​បាន​ដក​ហូត។ ហើយ​លោក​ក៏ត្រឡប់ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន​ និង​ធ្វើស្រែ​វិញ។​

ទើប​នឹងជិះ​ម៉ូតូ​ចេញ​ពី​សាលារៀន​ លោក អ៊ុំ​ សាវ៉ាន បានប្រាប់វីអូអេ​នៅ​ក្នុង​បទសម្ភាសន៍​មួយ នៅ​គេហដ្ឋាន​របស់​លោក កាលពី​ដើម​ខែ​ឧសភា​ថា៖

«និយាយ​ឲ្យចំ​តាំ​ងពី​រំលាយ​គណបក្ស​សង្គ្រោះជាតិ​មក​ វាឈឺចុកចាប់។ ​[...] ចុកចាប់​ណាស់​ ចង់​ជួយ​ប្រជាពលរដ្ឋ​ មិនដឹង​ជួយ​ដោយ​វិធីណា ហើយ​ខ្ញុំ​ធ្វើ​តែ​គ្រូបង្រៀន ក៏ខ្ញុំ​ជួយ​គេ​អត់​កើត ដល់​មែន​ទែន​ខ្លះ​គេ​ថា ឯង​ធ្វើ​គ្រូបង្រៀន​មក​ចេះដឹង​អី?»

ក៏​ប៉ុន្តែ ភាព​ឈឺចាប់​នឹង​ការ​បាត់បង់​ឱកាស​បម្រើ​កិច្ចការងារ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ក្នុង​សហគមន៍​របស់​លោក ត្រូវបាន​ជំនួស​មក​វិញ​នូវ​ក្តី​សង្ឃឹម នៅ​ពេល​គណបក្ស​នយោបាយ​មួយ​ បាន​ចាប់ផ្តើម​ជីវិត​នយោបាយ​របស់​ខ្លួន​ឡើងវិញ។ ហើយ​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០២២ លោក​អ៊ុំ សាវ៉ាន ក៏​បាន​ឈរ​ឈ្មោះ​ជាបេក្ខភាព​មេឃុំ​ឆ្នុកទ្រូ តាមរយៈ​គណបក្ស​នយោបាយ​មួយ​នោះ។

នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០២១ គណបក្ស​ភ្លើងទៀន​ បាន​ប្រកាស​ចាប់ផ្តើម​សកម្មភាព​នយោបាយ​របស់ខ្លួន​សា​ជាថ្មី ក្រោយ​ស្ថានភាព​នយោបាយ​តានតឹង​តាំងពី​ឆ្នាំ ២០១៧ មក។ លោក​ អ៊ុំ សាវ៉ាន ថា គណបក្ស​ភ្លើងទៀន​នេះ​ត្រូវ​គេ​ស្គាល់ថា​ជា​គណបក្ស​ប្រឆាំង​ដែល​មាន​សំឡេង​គាំទ្រ​ច្រើន​នៅ​តាម​មូលដ្ឋាន។

«រហូត​មក​ដល់រយៈកាល​ថ្មីៗនេះ​ ក្រោយ​ពី​គណបក្ស​ភ្លើង​ទៀន​បាន​សមាជ​មក​ ខ្ញុំ​ចង់​ណាស់ និយាយ​ឲ្យ​ចំ​ ចង់ធ្វើ​នយោបាយ​ដើម្បី​បាន​អី?​ ដើម្បី​បាន​អំណាចហ្នឹង​ទៅ​បម្រើ​ប្រជា​ពលរដ្ឋ»។

លោក​ អ៊ុំ សាវ៉ាន ​ជាគ្រូ​បង្រៀន​ថ្នាក់អនុវិទ្យាល័យ​ម្នាក់ បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​មេឃុំ​របស់​គណបក្ស​ភ្លើង​ទៀន​ នៅ​ឃុំឆ្នុកទ្រូ ​ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​ ០៥ ខែឧសភា​ ឆ្នាំ២០២២។ (ខាន់ សុគុំមនោ​/វីអូអេ)

គណបក្ស​ភ្លើងទៀន​នេះ ​មាន​ប្រវត្តិ​ប្រឡូក​ក្នុង​នយោបាយ​របស់​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ ១៩៩៥ ក្រោម​ឈ្មោះ​ថា គណបក្ស​ជាតិខ្មែរ។ ក្រោយ​មក នៅ​ឆ្នាំ ១៩៩៨ គណបក្ស​នេះ​ត្រូវបាន​ប្តូរ​ឈ្មោះទៅ​ជា​គណបក្ស​ សម រង្ស៊ី ក្រោម​ការ​ដឹកនាំ​របស់​អ្នក​នយោបាយ​ជើងចាស់​ខ្មែរ​បារាំង​រូប​នេះ។​ ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​បន្តបន្ទាប់​មក​ទៀត ក្រោម​នយោបាយ​តានតឹង​របស់​កម្ពុជា និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នយោបាយ​ផ្សេងៗ​ គណបក្ស​នេះ ត្រូវបាន​ប្តូរ​ឈ្មោះ​មក​ជា​ គណបក្ស​ភ្លើង​ទៀន នៅ​ឆ្នាំ​២០១៧។​

បច្ចុប្បន្ន​នេះ ដោយ​អវត្តមាន​គណបក្សសង្គ្រោះ​ជាតិ​ដ៏​ធំ​មួយ គណបក្ស​ភ្លើង​ទៀន ដែល​កំពុង​ស្ថិត​នៅ​ក្រោម​រចនា​សម្ព័ន្ធ​ដឹកនាំ​ថ្មីដោយ​គ្មាន​លោក សម រង្ស៊ី ត្រូវបាន​អ្នក​ឃ្លាំមើល​ការ​វិវត្ត​នយោបាយ​នៅ​កម្ពុជា​ចាត់ទុក​ថា ជា​គណបក្ស​ប្រឆាំង​មួយ​ដ៏​សកម្ម​ ដែល​អាច​មាន​លទ្ធភាព​ប្រកួតប្រជែង​តំណែង​ដឹកនាំ​នានា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ ភាគច្រើន​នៃ​ថ្នាក់​ដឹកនាំ​និង​សមាជិក​បក្ស​នេះ ជា​អតីត​អ្នក​នយោបាយ​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ។

ហើយ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី ៥ ឆ្នាំ ២០២២ នេះ គណបក្ស​ភ្លើង​ទៀន កំពុង​បង្ហាញ​សន្ទុះ​នៃ​សកម្មភាព​នយោបាយ​ខ្លាំងក្លា​របស់​ខ្លួន ទាំង​ប្រឈម​នឹង​បញ្ហា​ប្រឈម​ក្នុង​នីតិវិធី​ និង​ការ​រើសអើង​ពី​អាជ្ញាធរ​មូលដ្ឋាន។

គណបក្ស​ភ្លើង​ទៀន បាន​ចុះ​ឈ្មោះ​បេក្ខជន​ឈរ​ឈ្មោះ​របស់​ខ្លួន​ នៅក្នុង​ឃុំ​ចំនួន ​១.៦៤៩។ ក៏​ប៉ុន្តែ គណកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​សម្រេច​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​បេក្ខជន ត្រឹម​តែ ១.៦២៣​ ឃុំ​សង្កាត់​ប៉ុណ្ណោះ។ មានន័យថា​ គណបក្ស​នេះ មិន​មាន​បេក្ខភាព​ដែល​អាច​ដណ្តើម​អាសនៈ​ចំនួន ២៦ ឃុំ​សង្កាត់ មុន​ថ្ងៃ​បោះ​ឆ្នោត​ឈាន​មក​ដល់។ បន្ថែម​លើ​នេះ ថ្នាក់​ដឹកនាំ​បក្ស​នេះ​ក៏​បាន​រាយការណ៍​ថា សមាជិកតាម​មូលដ្ឋាន​របស់​ខ្លួន​បាន​រង​ការ​យារយី​លើ​សកម្មភាព​នយោបាយ​ និង​ការធ្វើ​ទុក្ខបុកម្នេញ​ ឬ​គំរាម​កំហែង​ជាដើម​ពី​អាជ្ញាធរ​មូលដ្ឋាន។​

ទោះ​ជាយ៉ាងណា​ ក្រុម​សមាជិក​នយោបាយ​ប្រឆាំង​ ដែល​ពេល​នេះ​បាន​ត្រឡប់​មក​ចូលរួម​ធ្វើ​នយោបាយ​ជាមួយគណបក្ស​វ័យ​ចំណាស់​មួយ​នេះ បាន​ឲ្យ​ដឹង​ថា ​ពួកគេ​នៅតែ​មាន​ឆន្ទៈ​ធ្វើ​នយោបាយ​ប្រឆាំង ដើម្បី​ការ​អភិវឌ្ឍ​ទៅមុខ​របស់​ប្រទេស​ជាតិ ក្រោម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ស្លាកគណបក្ស​តម្រៀបគ្នា​នៅ​តាម​ដងផ្លូវជាតិលេខ៥ នៅ​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​ ០៥ ខែឧសភា​ ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ​/វីអូអេ)

អ្នកស្រី​ ស្ងួន សាមាន​ ជា​បេក្ខជន​របស់​គណបក្ស​ភ្លើង​ទៀន ដែល​កំពុង​ឈរ​ឈ្មោះ​សម្រាប់​តំណែងមេឃុំ​ត្រពាំងចាន់​ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង។ នៅ​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ អ្នកស្រីកំពុង​ដឹកនាំ​ការ​ប្រជុំ​តូច​មួយ​ ជាមួយ​សមាជិក​បក្ស​ ៥នាក់ទៀត​ ដែល​អង្គុយជុំ​វិញ​បង់​ក្រោម​ផ្ទះ​អ្នកស្រី​ ដើម្បី​ជជែក​ពិភាក្សាអំពី​ការ​ត្រៀម​ខ្លួន​សម្រាប់​សកម្មភាពយុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។

អ្នក​ស្រី​បាន​សម្តែង​ឆន្ទៈ​នយោបាយ​ក្លាហាន​របស់​អ្នកស្រី​ថា៖ «បើនិយាយ​ អត់​ចង់​ឲ្យ​ចាញ់ទេ​ ចង់​ឈ្នះ​ហ្មង។ និយាយ​តាម​ត្រង់​បណ្តោយ​ អត់​ចង់​ចាញ់ទេ។​ មិន​មែនចង់​ឈ្នះ​នេះ​ ដើម្បី​ឆន្ទៈ​ប្រយោជន៍​ខ្លួន​ឯង​ ប្រយោជន៍​ក្រុមគ្រួសារ ​ប្រយោជន៍​បក្សពួក​ អត់ទេ។​ ចង់ឈ្នះ​នេះ​បម្រើ​ប្រជាពលរដ្ឋ​ទូទាំង​ឃុំ​ មិន​គិត​និន្នាការ​គណបក្ស​នយោបាយណា​ទាំង​អស់។ និយាយ​ទៅ​ឲ្យតែខ្មែរ​រស់​នៅ​មជ្ឈដ្ឋាន​មូលដ្ឋាន​ខ្លួនឯង​គ្រប់គ្រង​ ត្រូវ​តែ​ដោះស្រាយ​ឲ្យ​តែមាន​បញ្ហា​ប្រឈម»។

ស្ត្រីវ័យ ៦១ ឆ្នាំ​រូប​នេះ​ ធ្លាប់​កាន់តំណែង​ជា​មេឃុំ​នេះ​តាំងពីឆ្នាំ​ ២០១២ មក ​រហូត​ទល់​ថ្ងៃ​ដែល​គេ​ដកហូត​តំណែង​អ្នកស្រី​ ក្រោយអតីត​គណបក្សសង្គ្រោះ​ជាតិ​ដែល​អ្នក​ស្រី​បាន​ចូល​ជា​សមាជិក ត្រូវបាន​តុលាការ​រំលាយ។ កាល​ពី​ការ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិទី ៤ ឆ្នាំ ២០១៧​ អ្នកស្រី​ ស្ងួន​ ​សាមាន បាន​ឈ្នះ​តំណែង​មេឃុំ​ ដោយ​ទទួល​បាន​សំឡេង​គាំទ្រ ១.៣៣១ ទល់​នឹងបេក្ខជន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​បានសំឡេង​ ១.២៧៩។

​អ្នកស្រី​បាន​លើក​ឡើង​ថា អ្នកស្រីមាន​ទំនុកចិត្ត​ ព្រោះ​មាន​ការ​គាំទ្រ​ពី​សំណាក​ក្រុម​យុវជន។ ​អ្នកស្រីថា​ ពួកគេ​បាន​លើក​ទឹកចិត្តដល់​អ្នកស្រី​បន្ថែម​ទៀត​មុន​ឈាន​ទៅ​កាន់​ការ​ប្រកួត​ប្រជែង​យក​តំណែង​មេឃុំ នាថ្ងៃទី ០៥ ខែមិថុនា​ខាង​មុខ​នេះ​ បើទោះ​ពួកគេ​មិន​បង្ហាញ​ជាសាធារណៈ ដោយ​ត្បិត​បារម្ភ​ពី​ការ​ប៉ះពាល់ដល់​តំណែង​ តួនាទី​ ​ការងារ​ និង​មុខរបរ​របស់​ពួកគេ​ក្តី។

​អ្នកស្រី​ប្រាប់​វីអូអេ​ថា៖​ «យុវជន​ខ្លះគាត់​អត់​ចេញមុខ​ទេ​ អ៊ីចឹង​គាត់​ជួយ ជួយ​ដោយ​សម្ងាត់។​ បើ​និយាយ​ ការ​បោះ​ឆ្នោត​ ការ​គាំទ្រ​យុវជន​ហ្នឹង​ខ្លាំង​ហ្មង​ ព្រោះ​គាត់​ដឹង​ស្ថានភាព​ និង​បរិបទ​នយោបាយ​រាល់ថ្ងៃ​យ៉ាង​ម៉េច​ គឺ​គាត់​ដឹង។ គាត់​អត់ចេញ​មុខ ប៉ុន្តែ​គាត់​លួច​មក​ខ្សឹប​ជាមួយ​យើង​ មក​ប្រាប់​យើង​ថា៖ ​ខ្ញុំ​នឹង​គាំទ្រ​អ្នក​មីង»។​

អ្នកស្រី​ ស្ងួន សាមាន​ បេក្ខជន​មេឃុំ​របស់​គណបក្ស​ភ្លើង​ទៀន​ នៅ​ឃុំត្រពាំងចាន់​ នៃ​ស្រុក​បរិបូរណ៍​ ខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមសមាជិក​គណបក្សប្រជុំរៀបចំ​សកម្មភាព​សម្រាប់ យុទ្ធនា​ការ​ឃោសនា​ការបោះឆ្នោតឃុំសង្កាត់ នៅ​ថ្ងៃទី​ ០៥ ខែឧសភា​ ឆ្នាំ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

សម្រាប់អ្នកស្រី ស្ងួន​ សាមាន​ ​ទោះ​បីជា​បារម្ភថា​អាច​នឹង​មាន​ការ​រំលាយ​គណបក្ស​ភ្លើង​ទៀន តាម​គន្លង​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ក្តី ក៏អ្នកស្រី​នៅតែ​បង្ហាញ​ឆន្ទៈ​មុតមាំ​និង​ក្លាហាន​ថា៖

«មិន​បាច់​ត្រឹម​ប្លន់​មួយដង​នេះ​ទេ​ ប្លន់ពីរ​ដង ភ្លើងទៀន​ជាប់ទៀត​ ប្លន់​ ១០០​ ដង​ទៀត​ ក៏​ស្ងួន​ សាមាន​ ឈរ​មេឃុំធ្វើដដែល​ លុះត្រា​តែ​អវសាន​ អោយ​តែគ្មាន​ភាព​យុត្តិធម៌​នៅ​កម្ពុជា នៅ​មូលដ្ឋានដើម្បី​ប្រជា​ពលរដ្ឋ។​ ​[...] សុខចិត្ត​ថា​ ស្លាប់​ឲ្យ​មាន​ប្រវត្តិសាស្ត្រ​តម្កល់​ទុក​ឲ្យកូន​ចៅ ក្មេង​ជំនាន់​ក្រោយ​ អត់​ឲ្យ​មាន​ស្លាប់​ហើយ​ ឲ្យ​ប្រវត្តិសាស្ត្រ​កប់​ដុត​ចោល​ទេ​ សម្រេច​ចិត្ត​រួច​ហើយ»។

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ នៅ​ថ្ងៃ​ទី​ ៥ ខែ​មិថុនា​ ឆ្នាំ​ ២០២២​ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​ ១៧ ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ចូលរួម​ដើម្បី​ដណ្តើម​អាសនៈ​ក្រុមប្រឹក្សា​សរុប​ទាំង​អស់​ជាង​ ១១.០០០ ​នាក់ ​នៅ​ឃុំ​សង្កាត់​សរុប​ចំនួន ១.៦៥២​ នៅ​ក្នុង​ប្រទេស៕