សមាគម​អាដហុក​ស្នើ​ឱ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​របស់​តុលាការ

រូបឯកសារ៖ សកម្មជនសិទ្ធិមនុស្សរៀបចំតាំងជញ្ជីងយុត្តិធម៌ ក្នុងកម្មវិធីដើរហែក្បួនមួយដើម្បីអបអរសាទរខួប៧៥ឆ្នាំនៃទិវាសិទ្ធិមនុស្សអន្តរជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

សមាគម​ការពារសិទ្ធិមនុស្ស​អាដហុក​ថ្មីៗនេះ បាន​ចេញរបាយការណ៍​មួយ​លើកឡើង​ពី​ភាព​ខ្វះខាត​របស់​តុលាការ​កាល​ពី​ឆ្នាំ​២០២៤ នៅក្នុង​នោះ​មាន​ការ​រារាំងមិន​ឱ្យចូល​ ឬ​បណ្តេញ​សាធារណជន​ចេញពី​បន្ទប់​សវនាការ និង​ការ​ស្រែក​សម្លុត​ជន​ជាប់​ចោទ និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ទៀត។

បើតាមសង្ខេបលទ្ធផល​ការឃ្លាំមើល​សវនា​ការ​ ២០២៤ របស់សមាគម​អាដហុក​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃពុធ សមាគម​បាន​ជំរុញ​ឱ្យ​ក្រសួង​យុត្តិធម៌​ពិនិត្យ​ដាក់វិធានការ​ច្បាស់​លាស់​ចំពោះ​គ្រប់​សាលាដំបូ​ង ក្នុងការបើក​ចំហដល់​សាធារណជន​ និងអ្នក​សារព័ត៌​មាន​ ឱ្យបាន​ចូល​ស្តាប់​សវនាការ​សាធារណៈ​ ដោយ​គ្មានការហាមឃាត់ និង​បណ្តេញចេញ។

ក្រៅពីនេះ​សមាគមអាដហុក​ក៏​បាន​ឱ្យពិនិត្យមើល​ការអនុវត្តរបស់ចៅក្រម និងតំណាង​អយ្យការ​ទាំងឡាយណា​ដែល​សមាគម​ថា​មានការយឺតយ៉ាវ​ចំពោះ​ពេល​វេលាបំពេញ​ភារកិច្ច បើក​សវនាការ​ជំនុំជម្រះ​ និង​ថា ​តុលាការនៅតែ​បន្តភាពយឺត​យ៉ាវ​ក្នុងការ​ចាប់​ផ្តើម​សវន​ការ​ជាក់​ស្តែងខុស​ពី​ម៉ោងដែល​បាន​កំណត់ក្នុងដីកា​ ចាប់ពី​មួយម៉ោងកន្លះ​រហូត​ដល់​ជាង​៣ម៉ោង។

របាយការណ៍​ខាងលើ​ក៏​បាន​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ឃុំ​ខ្លួន​ផង​ដែរ។

សមាគម​បញ្ជាក់​ថា​៖ «​ក្រសួង​យុត្តិធម៌​ពិនិត្យ​ដាក់វិធានការ​ច្បាស់​លាស់​ចំពោះ​ការអនុវត្ត​របស់​ចៅក្រម​ និងតំណាងអយ្យការទាំង​ឡាយ​ណា​ ដែលផ្ទុយ​នឹងគោល​បំណង​មាត្រា​២០៨ និង​មាត្រា២០៩​ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៧​ ដែលបាន​ចែង​អំពី​ថេរ​វេលា​នៃ​ការឃុំខ្លួន​បណ្តោះ​អាសន្ន»។

​របាយការណ៍​បង្ហាញថា ​នៅតែ​មានការ​ឃុំខ្លួន​បណ្តោះអាសន្ន​ចំនួន ​៤២ ករណី ដែលមានថេរ​វេលា​លើសពី​៦ខែ​ រហូតដល់ជាង​១៨ខែ។

លោក យិន ម៉េងលី អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស​និងដីធ្លី​ ប្រាប់វីអូអេ​ថា​ បញ្ហាឃុំខ្លួន​បណ្តោះ​អាសន្នលើស​កាល​កំណត់​គឺ​ជា​បញ្ហា​ដែល​សំខាន់​ ហើយ​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​តែ​ពិនិត្យមើល​ ហើយ​ដាក់​វិធានការ។

លោក​បញ្ជាក់ថា​៖«អ៊ីចឹង​យើងឃើញថា​ការ​ឃុំខ្លួនមានហួស​ពី​៦ខែ​ទៅដល់៩ខែ​។ អា​នេះជាបញ្ហាមួយ​ ហើយមានការ​ឃុំខ្លួនលើស​ដល់១៨ខែ។ អាហ្នឹង​សុទ្ធតែ​រឿងឃុំខ្លួន​ហួសការ​កំណត់។ ​កាលណា​ចៅ​ក្រម​គាត់​រំលោភ​ទៅលើនីតិវិធី​ដោយ​ធ្វើការឃុំខ្លួន​លើស​ការកំ​ណត់​ វាអាច​ធ្វើ​ការ​រំលោភ​ទៅ​លើ​សិទ្ធិជន​ជាប់ចោទ​»។

ទោះជាយ៉ាងណាក្តី លោក ជិន ម៉ាលីន​ រដ្ឋលេខាធិការប្រចាំការ​នៃក្រសួង​យុត្តិធម៌ ប្រាប់វីអូអេ​ថា ​ក្រសួងនឹង​ពិនិត្យ​មើល​របាយការណ៍​របស់​សមាគម​អាដហុក​ ដែល​លោក​ថា​ហាក់ផ្ទុយ​នឹង​លទ្ធផល​នៃ​ការរកឃើញ​របស់​ក្រសួង។

លោក ជិន ម៉ាលីន បន្ថែមថា​ បើ​សិន​សមាគម​អាដហុក​រក​ឃើញភាព​មិនប្រក្រតីរបស់​តុលាការ​មែន លោក​ស្នើ​សមាគម​ធ្វើ​ការជាមួយ​ក្រសួងយុត្តិធម៌​ដោយ​ការ​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រសួង។

លោក​បញ្ជាក់ថា​៖«​អ៊ីចឹងបើសិន​ជាគាត់មាន​មូលដ្ឋាន​ច្បាស់លាស់​ សុំឱ្យគាត់​សហការ​ផ្តល់​ព័ត៌មាន​ថា​តើ​សំណុំរឿង​មួយណា​ ពាក់ព័ន្ធនឹងនរណា ដើម្បី​ក្រសួង​មានវិធានការ​ជាក់លាក់​ក្នុងការ​ដោះ​ស្រាយបញ្ហាទាំងអស់នេះ ពីព្រោះ​យើង​បើកច្រក​យុទ្ធនាការ ដើម្បី​ទទួល​នូវ​បញ្ហា​ និងបណ្តឹង​ដែល​ប្រជា​ពលរដ្ឋ​ជួប​ប្រទះ​នៅតាមតុលាការ។ អ៊ីចឹង​សុំ​ឱ្យគាត់​សហការ​វិញ​ជា​ជាង​ធ្វើការវាយ​តម្លៃដោយគ្មាន​មូលដ្ឋានច្បាស់លាស់​»។

អ្នកនាំ​ពាក្យ​អយ្យការនៃសាលាដំបូង​រាជធានីភ្នំពេញ លោក ប្លង់ សុផល​ ប្រាប់វីអូអេ​ជា​សារ​អក្សរ​តាម​ប្រព័ន្ធ​តេឡេក្រាម​ថា​៖ «ខ្ញុំ​មិន​បានទទួល​របាយ​ការ​ណ៍នោះទេ ហើយក៏មិន​ដឹង​ថារបាយ​ការណ៍​នោះ​ធ្វើ​ការសន្និ​ដ្ឋាន​ដោយ​ផ្អែក​លើ​ទឡ្ហីករណ៍អ្វី​នោះ​ទេ»។

បើ​តាម​របាយការណ៍​នោះ សមាគម​អាដហុក​ក៏​បាន​ដាក់​អនុសាសន៍​មួយ​ចំនួន​ទៀត​ទៅ​កាន់​ក្រសួងយុត្តិធម៌ ក្នុង​នោះ​មានការ​ស្នើ​ឱ្យ​ពិនិត្យ​ដាក់​វិធានការ​ច្បាស់​លាស់​ចំពោះការអនុវត្ត​របស់​ចៅក្រម និងតំណាងអយ្យការទាំង​ឡាយ​ណា​ដែលមានការយឺតយ៉ាវក្នុង​ការ​ចេញ​លិខិត​អញ្ជើញ​មេធាវី និងភាគីចូលរួមក្នុង​សវនា​ការ​ជំនុំជម្រះ។

ក្រសួង​ពិនិត្យ​ដាក់វិធានការ​ច្បាស់​លាស់​ចំពោះការអនុវត្ត​របស់ចៅក្រម និងតំណាងអយ្យការទាំង​ឡាយណាដែលខកខាន​មិន​បាន​អញ្ជើញមេធាវីចូលរួមអម​កូនក្តី ស្តាប់ចម្លើយកូនក្តីនៅតំណាក់កាលព្រះអាជ្ញា និង​ពិនិត្យ​ដាក់​វិធាន​ការ​ច្បាស់លាស់​ចំពោះការអនុវត្ត​របស់​ចៅក្រម និងតំណាងអយ្យការទាំង​ឡាយ​ណា ​ដែល​ខកខានមិន​បាន​ជូនដំណឹងអំពី​ដីកាសម្រេច ដូចជាដីកាសន្និដ្ឋាន​ស្ថាពរ​និងដីកា​ដំណោះ​ស្រាយ​។

សមាគម​ក៏​ស្នើ​ឱ្យ​ចៅក្រមពន្យល់ប្រាប់ជនជាប់ចោទ-ជនរងគ្រោះ​ឱ្យបាន​ច្បាស់​លាស់​អំពី​សិទ្ធិ​ដែល​ត្រូវ​ទទួល​បានដូចជាសិទ្ធិមានមេធាវី សិទ្ធិមិនឆ្លើយ សិទ្ធិមិន​បង្ខំឱ្យ​សារភាព​កំហុស ​សិទ្ធិ​សន្មត់​ទុកជាមុន​ថា​គ្មាន​កំហុស សិទ្ធិដឹង​ពី​បទ​ចោទ និង​សិទ្ធិដឹង​ការ​បរិច្ឆេទ-ទី​កន្លែង​ប្រព្រឹត្ត​បទល្មើស​ជាដើម៕