លោក ម៉ោញ សារ៉ាត់​ចាត់ទុក​បណ្តឹង​«រួមគំនិត​ក្បត់‍»​ថា ជា​ការលើក​ទឹកចិត្ត

លោក ម៉ោញ សារ៉ាត់ ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំខេត្ត​ឧត្តរមានជ័យ។ (Facebook/Mounh Sarath(ម៉ោញ សារ៉ាត់))

លោក ​ម៉ោញ សារ៉ាត់​ បាន​ភៀស​ខ្លួន​មក​ប្រទេស​ថៃ​ក្រោយ​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ចុងឆ្នាំ​២០១៧។

មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង​ប្រចាំ​នៅខេត្ត​ឧត្តរមានជ័យ​បង្ហាញ​ជំហរ​មិន​ថមថយ​ក្នុង​ការប្រមូល​កម្លាំង​ពលករ​ ដើម្បី​ទទួល​ស្វាគមន៍​មាតុភូមិ​និវត្តន៍​លោក សម រង្ស៊ី ​បើទោះ​បី​ជា​តុលាការ​ បាន​ចោទ​ប្រកាន់​លោក​ពីបទ​រួមគំនិត​ក្បត់ជាតិ។​

កាលពីថ្ងៃច័ន្ទ​ សាលា​ដំបូង​ខេត្ត​ឧត្តរមាន​ជ័យ​ បាន​ចោទ​ប្រកាន់​លោក ​ម៉ោញ សារ៉ាត់​ ពីបទ «រួម​គំនិត​ក្បត់» ជាមួយ​លោក សម រង្ស៊ី ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ ហើយ​អាច​ជាប់​ពន្ធនាគារ​រហូតដល់​១០ឆ្នាំ។

លោក ​ម៉ោញ សារ៉ាត់ ​ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​ឧត្តរមានជ័យ​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា៖

«ខ្ញុំ​បាន​ឃើញ​ហើយ​ប៉ុន្តែ​ដូច​ជាគ្មានអ្វី​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ទេ​ពីព្រោះ​ខ្ញុំ​ដឹង​ថា​យុទ្ធសាស្រ្ត​ហើយ​នឹង​វិធីសាស្ត្រ​ទាំងអស់​នេះ​គឺ​ឧបករណ៍​នយោបាយ​ដែល​របប​លោក​ហ៊ុនសែន​តែងតែប្រើ​ហើយ​វា​ក៏​ជា​យុទ្ធសាស្ត្រ​គំរាម​ផ្នែក​ចិត្តសាស្ត្រ​តែប៉ុណ្ណឹង​ទេ។ ដូច្នេះ​សម្រាប់​ខ្ញុំ​ផ្ទាល់​គឺ​ខ្ញុំ​មិន​ដែល​បាន​គិត​ឬ​មាន​ការព្រួយ​បារម្ភ​ទាក់ទង​ទៅនឹង​អ្វី​ដែល​ជា​ការចោទ​ប្រកាន់​នឹង​ដែរ‍»។​

លោក ​ម៉ោញ សារ៉ាត់​ បាន​ភៀស​ខ្លួន​មក​ប្រទេស​ថៃ​ក្រោយ​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ចុងឆ្នាំ​២០១៧។

អ្នក​នាំ​ពាក្យ​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​ឧត្តរមានជ័យបាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ លោក ម៉ោញ សារ៉ាត់ ​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយសារ​លោក​បាន​គៀងគរ​ពលករ​ខ្មែរដែល​ធ្វើ​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ​នេះ​ ឲ្យ​ចូល​រួម​ផែន​ការ​ផ្តួល​រំលំ​រាជរដ្ឋា​ភិបាល​កម្ពុជា​ តាមរយៈ «ផែនការ​វិល​ត្រឡប់​មក​កម្ពុជា​របស់​ឧក្រិដ្ឋជន​ សម រង្ស៊ី»។ ការចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​លោកម៉ោញ សារ៉ាត់​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់សំឡេង​សហរដ្ឋ​អាមេរិក(​VOA) កាលពី​សប្តាហ៍​មុន​ពី​សកម្មភាព​រៀបចំ​កម្លាំង​នេះ។

លោក ម៉ោញ សារ៉ាត់ ​បន្ថែម​ថា ​ចំណាត់ការ​ផ្លូវច្បាប់​នេះ​នឹងជំរុញ​ទឹកចិត្ត​លោក​ឱ្យ​ធ្វើការងារ​នេះ​កាន់​តែ​ខ្លាំង​ឡើង។

«យើង​យល់​ឃើញ​ថា​នៅ​ពេល​ដែល​យើង​បង្ហាញ​ពីដំណើរ​និងវិធីសាស្ត្រ​ក្នុងការ​រៀបចំ ​កម្លាំង​តទល់​ជាមួយ​នឹង​របប​ផ្តាច់ការ​ យើង​ឃើញ​ថា​គេ​ឆ្លើយតប​មក​វិញ​ដោយ​ចេញ​ជា​សាលក្រម​អីចឹង​ យើង​អាច​សន្និដ្ឋាន​ថា​យើង​វាយចំ​ចំណុច​រសើប​របស់​ពួកគេ​ហើយ​។ ដូច្នេះ​ធ្វើ​ឱ្យ​យើង​យក​ចំណុច​ដែល​យើង​វាយ​តម្លៃ​បាន​នេះ​យក​មក​ធ្វើ​ជាមធ្យោបាយ​ក្នុង​ការរិះរក​វិធី​ដើម្បី​ពង្រឹង​រចនា​សម្ព័ន្ធ​របស់​យើង​បន្ថែម​ទៀត‍»។​

ការ​ចោទ​ប្រកាន់​ចុងក្រោយ​នេះធ្វើ​ឲ្យ​អ្នក​គាំទ្រ​នយោបាយ​របស់​អតីត​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​រំលាយ​ចោល​នេះ ​កើន​ដល់​ចំនួន​ប្រមាណ​ជា​៣០​នាក់ហើយ​ដែល​ត្រូវ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៩​មក។

តុលាការ​ក៏បាន​បន្ត​ព្រមាន​ថា ​«អ្នកពាក់ព័ន្ធ​នឹង​ការគាំទ្រ​ឬចូលរួម​អនុវត្តផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​នឹងត្រូវ​ប្រឈម​តាមការ​ចោទ​ប្រកាន់​បញ្ជូន​ទៅ​តុលាការ​កាត់​ទោស​តាម​ច្បាប់​ពីបទ​«រួមគំនិត​ក្បត់‍»​ដែល​ត្រូវ​ផ្តន្ទាទោសចាប់ពី​០៥ឆ្នាំ​ទៅ​១០ឆ្នាំ‍.... លើក​លែងតែ​អ្នកពាក់ព័ន្ធ​ទាំងនោះ​ចូលមក​សារភាព​ទាន់​ពេល​វេលា​ដែល​អាច​នឹង​ត្រូវ​លើកលែង​ឱ្យ​រួចផុត​ពី​ទោស​តាម​ប្បញ្ញត្តិ​ពិសេស‍»។ ​

អ្នកការពារសិទ្ធិ​មនុស្សនៅ​កម្ពុជាមើលឃើញ​ថា​ វិធានការ​ចាប់​ខ្លួន​និង​ដាក់ទោស​សកម្ម​ជន​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​មិនត្រឹម​តែ​អាច​ធ្វើ​ឲ្យ​សកម្មជន​ផ្សេងទៀត​មាន​ការ​ខ្លាចរអា​នោះទេ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​សាមញ្ញ​ក៏​មានការ​ភ័យ​ខ្លាច​ដូចគ្នា ដោយសារ​តែ​វា​បាន​ប៉ះពាល់​ទៅដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ និង​សេរី​ភាព​ក្នុង​ការ​ធ្វើ​នយោបាយ​របស់​ពួកគាត់។

រីឯ​អ្នក​វិភាគ​នយោបាយ​ដូច​ជា​លោក​បណ្ឌិត​ ឡៅ ម៉ុង​ហៃ បាន​ហៅ​ការ​ចោទ​ប្រកាន់​និង​ការ​ចាប់​ខ្លួន​អតីតអ្នក​គាំទ្រ​បក្ស​ប្រឆាំង​ថា​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​រំកិល​ទៅ​រក​ការ​គ្រប់​គ្រង​បែប​កុម្មុយនីស្ត៕