ក្រុម​សង្គម​ស៊ីវិល​ជាតិ ​និង​អន្តរជាតិ​ធំៗ​ស្នើ​អាជ្ញាធរ​ឲ្យ​កម្ចាត់​និទណ្ឌភាព​ចំពោះ​បទល្មើស​លើ​អ្នក​កាសែត

រូបភាព​ឯកសារ៖ អ្នកសារព័ត៌មាន​ ត្រូវបាន​រឹតត្បិត​ក្នុងការ​ផ្តិត​យក​រូបភាព ​នៅឯ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

នៅ​ថ្ងៃ​ព្រ​ហស្បត៍​នេះ អង្គការ​ជាតិ​និង​អន្តរជាតិ​ជាង៤០ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស បាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​និទណ្ឌភាព ដែល​បន្ត​រីក​រាលដាល​ក្នុង​ករណី​បទល្មើស​ប្រព្រឹត្ត​លើ​អ្នក​សារព័ត៌មាន​និង​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

អង្គការ​ជាតិ និង​អន្តរជាតិ​ជាង៤០ ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចាត់​វិធានការ​ជា​បន្ទាន់​ចំពោះ​និទណ្ឌ​ភាព​ ឬហៅ​ថា​ការ​រួចខ្លួន​ពី​ការ​ទទួល​ខុសត្រូវ​ផ្លូវច្បាប់ ដែល​បន្ត​រីក​រាលដាល​ពាក់ព័ន្ធ​នឹង​បទល្មើស​ដែល​ប្រព្រឹត្ត​លើ​អ្នក​សារ​ព័ត៌មាន​និង​អ្នកការពារ​សិទ្ធិមនុស្ស ដើម្បី​ធានា​ឲ្យ​មានការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព ​និង​តម្លាភាព​លើ​គ្រប់​ករណី​បទល្មើស​ទាំងអស់។

ក្នុង​ទិវា​អន្តរជាតិ​បញ្ចប់​និទណ្ឌ​ភាព​លើ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​អ្នកសារ​ព័ត៌មាន អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន៤២ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស ដូចជា​អង្គការ​លើកលែង​ទោស​អន្តរជាតិ​និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ នៅ​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ចំពោះ​និទណ្ឌ​ភាព ដែល​បន្ត​រីក​រាលដាល​ក្នុង​ករណី​បទល្មើស​ប្រព្រឹត្ត​លើ​អ្នកកាសែត​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​នោះ ក្រុម​អង្គការ​ទាំង​ជាង៤០ ក៏​បាន​រៀបរាប់​ពី​ឈ្មោះ​របស់​អ្នកសារ​ព័ត៌មាន​ចំនួន​១៣​នាក់ ដែល​ត្រូវ​បាន​គេ​សម្លាប់ ដោយ​ថា អ្នក​សារព័ត៌មាន​១២​នាក់ត្រូវ​បាន​សម្លាប់​ ដោយ​សារ​ការ​រាយការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​មន្រ្តី​រដ្ឋាភិបាល​និង​អ្នកមាន​អំណាច ព្រម​ទាំង​អំពើ​ពុក​រលួយ​ផ្សេងៗ។

ក្រុម​អង្គការ​ទាំងនោះ​បន្ថែម​ថា ក្នុង​ចំណោម​ករណី​ទាំង១៣ មាន១១ករណី ដែល​ពុំ​មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​កាត់ទោស។ ហើយ​ក្នុង​នោះ​មាន​៧​ករណី ដែល​ពុំ​មាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​សួរ​ចម្លើយ។

ក្រុម​អង្គការ​ទាំង​ជាង៤០នោះ​ បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​តាម​ន័យ​ដើម​ថា៖

«នៅ​ពេល​ដែល​អ្នកសារ​ព័ត៌មាន ​គឺ​ជា​មុខសញ្ញា​នៃ​អំពើ​ហិង្សា ដោយសារ​តែ​អ្វី​ដែលគេ​បាន​សរសេរ​ឬ​បាន​រាយការណ៍​នោះ​ សេរីភាព​បញ្ចេញមតិ​ត្រូវ​បាន​រារាំង ហើយ​ជំនួស​ដោយ​ការ​រឹត​ត្បិត​សេរីភាព​ខ្លួនឯង​និង​ការភ័យខ្លាច សាធារណជន​នឹង​ពុំ​មាន​ព័ត៌មាន ហើយ​អ្នកមាន​អំណាច​នឹង​មិន​ត្រូវ​បាន​ដាក់ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​នោះ​ទេ។ នៅ​ពេល​រដ្ឋ​ខកខាន​ក្នុង​ការ​ស៊ើបអង្កេត​ និង​ដាក់​ទណ្ឌកម្ម​ចំពោះ​ហិង្សា​លើ​អ្នកសារ​ព័ត៌មាន នេះ​ជា​សារ​បង្ហាញ​ថា​ ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកសារព័ត៌មាន​គឺ​ត្រូវ​បាន​អនុញ្ញាត»។

អង្គការ​ទាំងនោះ​បន្ថែម​ថា អ្នក​សារ​ព័ត៌មាន​អនុវត្ត​នូវ​ភារកិច្ច​ដ៏​សំខាន់​នៅ​ក្នុង​សង្គម​ដែល​ពួកគេ​ធ្វើការ ពួកគេ​គឺ​ជា​ភ្នែក ត្រចៀក និង​ជា​សំឡេង​របស់​ពលរដ្ឋ និង​ថា ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន​នាំ​មក​នូវ​ការ​គំរាម​កំហែង​ពិត​ប្រាកដ។ ក្នុង​រយៈពេល​២ឆ្នាំ​ចុងក្រោយ បើ​ទោះបី​ពុំ​មាន​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ត្រូវ​បាន​សម្លាប់ តែ​ពួកគេ​នៅ​តែ​ជាមុ​ខ​សញ្ញា​នៃ​ការ​យាយី​ផ្នែក​ច្បាប់ រួម​ទាំង​ការ​ចោទ​ប្រកាន់​លើ​បទល្មើស​មួយ​ចំនួន ខណៈ​ដែល​ភ្នាក់ងារ​សារព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ត្រូវ​បាន​បង្ខំ​ចិត្ត​បិទទ្វារ។

ពួកគេ​បាន​ថ្កោលទោស​ចំពោះ​និទណ្ឌភាព​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ ព្រមទាំង​បាន​អំពាវនាវ​ក្នុង​ន័យ​ដើម​ថា៖

«យើង​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ឲ្យ​ផ្តន្ទាទោស​ជនល្មើស​នៃ​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​មក​លើ​អ្នក​សារ​ព័ត៌មាន​ និង​អ្នក​ការពារ​សិទ្ធិមនុស្ស ដោយ​ការ​ស៊ើបអង្កេត និង​កាត់ទោស​ដោយមាន​អត្ថន័យ ឯករាជ្យ និង​តម្លាភាព​ស្រប​ទៅ​នឹង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ រួម​ទាំង​កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិពល​រដ្ឋ និង​សិទ្ធិ​នយោបាយ»។

លោក ណុប វី នាយក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ប្រាប់ VOA នា​ថ្ងៃសុក្រ​នេះ​ថា និទណ្ឌភាព​ដែល​តែង​កើតមាន​ពាក់ព័ន្ធ​នឹង​ករណី​បទល្មើស​ប្រព្រឹត្ត​លើ​អ្នកសារព័ត៌មាន និង​មន្រ្តី​សិទ្ធិមនុស្ស ភាគច្រើន​កើតឡើង​ដោយសារ​ពាក់ព័ន្ធ​នឹង​អ្នកមាន​អំណាច។ លោក​បន្ថែម​ថា ការ​បន្ត​ឲ្យ​កើតមាន​នូវ​និទណ្ឌភាព​លើ​អ្នក​សារព័ត៌មាន នឹង​ធ្វើឲ្យ​អ្នក​ព័ត៌មាន​លែង​ហ៊ាន​រាយការណ៍​ពី​ភាព​អវិជ្ជមាន​នានា ដែល​លោក​ថា ការណ៍​នេះ​នឹង​ធ្វើឲ្យ​មាន​ហានិភ័យ​ដល់​សង្គម។

លោក​បញ្ជាក់​ថា៖ «កាលណា​បទល្មើស​ទាំងអស់​ហ្នឹង​នៅ​តែ​បន្ត​កើត​មាន​ឡើង ហើយ​អ្នកសារ​ព័ត៌មាន​មិន​បាន​ដើរតួ​នាទី​របស់​ពួកគេ​នៅក្នុង​ការ​ឃ្លាំមើល ក្នុង​ការ​រាយការណ៍ នៅ​ក្នុង​ការ​បញ្ចេញ​នូវ​ព័ត៌មាន​ពិត​ទាំងអស់​ហ្នឹង គឺ​វា​ធ្វើ​ឲ្យ​នឹង​មិន​មាន​វិធានការ​ណា​មួយ​ដល់​ជនល្មើស​ទាំងអស់​ហ្នឹង ហើយ​អាហ្នឹង​វា​មានផល​ប៉ះពាល់​វែង​ឆ្ងាយ​ណាស់​សម្រាប់​សង្គម​យើង​ទៅ​មុខ»។

លោក ណុប វី បន្ថែម​ថា រដ្ឋាភិបាល​គួរ​យកចិត្ត​ទុកដាក់ និង​ចាត់​វិធានការ​ចំពោះ​និទណ្ឌភាព​លើ​អ្នកសារ​ព័ត៌មាន​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​ថា អ្នកសារ​ព័ត៌មាន​នឹង​នៅ​តែ​អាច​ធ្វើ​ការងារ​របស់​ពួកគេ​ដើម្បី​ជំរុញ​ភាព​រីកចម្រើន​របស់​សង្គម។

នាយ​ឧត្តម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ប្រាប់ VOA ថា ក្រសួង​បាន​និង​កំពុង​បន្ត​ការស៊ើប​អង្កេត​លើ​ករណី​ទាំងនោះ​ និង​ស្វាគមន៍​ការ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការស៊ើបអង្កេត​លើ​ករណី​ទាំង​នោះ។

លោក​បន្ថែម​ដោយ​ឆ្លើយតបទៅនឹង​ការ​លើកឡើង​ថា​ ការ​ស៊ើបអង្កេត​មាន​ភាពយឺត​យ៉ាវ​យ៉ាង​ដូច្នេះ៖

«ពេល​ខ្លះ​សំណុំរឿង ឬក៏​សាក្សី ឬក៏​ព័ត៌មាន​វា​ស្ថិត​នៅ​ជន​មួយចំនួន​ដែលគេ​ដឹង ប៉ុន្តែ​គេ​រត់​ចោល​ស្រុក​ទៀត។ ឧទាហរណ៍។ គេ​មាន​ករណី​ហ្នឹងហើយ​គេ​មិន​សហការ​ជាមួយ​សមត្ថកិច្ច​របស់​យើង គេ​មិន​ផ្តល់​ព័ត៌មាន។ មិន​ត្រឹមតែ​ប៉ុណ្ណឹង គេ​ក៏បាន​យក​មូលហេតុ​ហ្នឹង​ដើម្បី​ធ្វើជា​លេស ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ក្រៅ​ប្រទេស ហើយ​ទៅ​ពី​ណោះ​ ហើយ​ចាប់ផ្តើម​វាយ​ប្រហារ​រដ្ឋាភិបាល​មិន​មាន​សមត្ថកិច្ច​ទៀត​ហើយ។ អាហ្នឹង​វា​ពិបាក​ដែរ រឿង​បើ​មិន​សហការ​គ្នា​ទេ មិន​មែន​ប៉ូ​លិស​យល់​អស់​ឯណា? ករណី​នេះ​វា​កើត​យូរហើយ វា​ទាល់តែ​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​យើង​ដែរ»។

របាយការណ៍​មួយ​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporters Without Borders) ចេញ​កាលពី​ខែកុម្ភៈ ឆ្នាំ២០១៨ បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា បាន​បង្រ្កាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហើយ​ព្យាយាម​បិទ​សំឡេង​ប្រឆាំង​ទាំងអស់ ដោយធ្វើ​ការ​យាយី និង​ធ្វើទុក្ខ​បុកម្នេញ​លើ​ស្ថាប័ន និង​អ្នកសារ​ព័ត៌មាន​ដែល​ហ៊ាន​រិះគន់ និង​មិនព្រម​ដើរ​តាម​បន្ទាត់​នយោបាយ​ដែល​គេ​គូស​ឲ្យ​ដើរ។

ទោះ​យ៉ាងណា មន្រ្តី​រដ្ឋាភិបាល​បាន​ច្រានចោល​របាយការណ៍​នោះ​ ហើយ​ថា រដ្ឋាភិបាល​កំពុង​អនុវត្ត​ច្បាប់​ទៅ​តាម​បែបបទប្រទេស​នីតិរដ្ឋ៕