នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសអ្នកស្រី Liz Truss បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកស្រីលាលែងពីតំណងជានាយករដ្ឋមន្ត្រី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ការប្រកាសលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់អ្នកស្រី Truss នេះបានធ្វើឡើង បន្ទាប់ពីអ្នកស្រីបានកាន់តំណែងនេះបានរយៈពេល ៦ សប្ដាហ៍។ បន្ទាប់ពីអ្នកស្រីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ៦ ខែកញ្ញាមក អ្នកស្រីបានរងការរិះគន់យ៉ាងខ្លាំងចំពោះផែនការសេដ្ឋកិច្ចរបស់អ្នកស្រី ដែលផែនការសេដ្ឋកិច្ចនេះបានធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំងដល់ទីផ្សារហិរញ្ញវត្ថុកាលពីខែមុន និងធ្វើឱ្យគណបក្សអភិរក្សនិយមរបស់អ្នកស្រីមានការបែកបាក់គ្នា។
អ្នកស្រីបានថ្លែងនៅក្រៅទ្វារខុទ្ទកាល័យរបស់អ្នកស្រីថា បន្ទាប់ពីគណបក្សអភិរក្សនិយមរបស់អ្នកស្រីបាត់បង់ជំនឿលើអ្នកស្រីមក អ្នកស្រីទទួលស្គាល់ថាអ្នកស្រីមិនអាចធ្វើបានតាមការសន្យារបស់អ្នកស្រីនៅពេលដែលអ្នកស្រីឈរឈ្មោះបោះឆ្នោតធ្វើជាមេដឹកនាំគណបក្ស។
អ្នកស្រីបាននិយាយដូច្នេះថា៖ «ដោយសារស្ថានការណ៍នេះ ខ្ញុំទទួលស្គាល់ថា ខ្ញុំមិនអាចបំពេញអាណត្តិដែលគណបក្សអភិរក្សនិយមបានជ្រើសរើសខ្ញុំឱ្យធ្វើបានទេ។ ដូច្នេះ ខ្ញុំបាននិយាយជាមួយព្រះមហាក្សត្រថាខ្ញុំនឹងលាលែងពីតំណែងជាមេដឹកនាំគណបក្សអភិរក្សនិយម»។
ការបោះឆ្នោតរបស់គណបក្សអភិរក្សនិយមនឹងត្រូវធ្វើឡើងនៅសប្ដាហ៍ក្រោយដើម្បីជ្រើសរើសមេដឹកនាំថ្មីជំនួសតំណែងអ្នកស្រី Truss។
អ្នកស្រី Truss គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងបានរយៈពេលខ្លីជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ចក្រភពអង់គ្លេស៕
ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស —