លោក​ Liu Xiaobao ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​ទទួល​មរណភាព​ក្នុង​មន្ទីរពេទ្យ​ចិន

បាច់ផ្កា​ត្រូវបាន​គេដាក់​លើកៅអី​ដែលមាន​សរសេរ​អក្សរ​ថា៖ "ចូលរួម​កាន់ទុក្ខ​សពលោក​Liu Xiaobo ” នៅខាង​មុខរូបថត​របស់លោក​អំឡុង​ពិធីកាន់​ទុក្ខ​សពម្ចាស់​ពាន​រង្វាន់ណូបែល​សន្តិភាព​ លោក Liu​ ដែល​ជាអ្នកទោស​នយោបាយ​ដ៏ល្បីល្បាញ​។ រូបថត​នៅទីលាន​ប្រជាធិតេយ្យ​ក្នុងទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់​ ថ្ងៃទី១៤​ ខែកក្កដា​ ឆ្នាំ​២០១៧។

សកម្មជន​សិទ្ធិមនុស្ស​ចិន​ដែល​ជាប់​ពន្ធនាគារ​ លោក​ Liu Xiaobo បាន​ទទួល​មរណភាព​ក្នុងវ័យ​៦១ឆ្នាំ​ បន្ទាប់​រូបលោក​បាន​តស៊ូ​តទល់​នឹង​ជំងឺ​មហារីក​ថ្លើម ​ដែល​ត្រូវ​បាន​គេយក​ចិត្តទុកដាក់​យ៉ាងខ្លាំង​ និង​បាន​បណ្តាល​ឲ្យ​សំណុំ​រឿង​មរណភាព​របស់​លោក ​ក្លាយ​ជា​រឿងចម្រូងចម្រាស​ ដូចជីវិត​របស់​លោក​ដែរ។

លោក​ Liu ដែល​ជា​ម្ចាស់​ពាន​រង្វាន់​ណូបែល​សន្តិភាព​ បាន​ចំណាយ​ពេល​៨ឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​របស់​លោក​ជា​អ្នកទោស​មនសិការ​ ហើយ​បាន​ទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​ក្នុង​តំបន់​ Shenyang នៃ​ប្រទេស​ចិន។ ​លោក​ត្រូវ​បាន​គេ​ផ្ទេរ​ចេញ​ពី​បន្ទប់​ពន្ធនាគារ​ទៅកាន់​មន្ទីរពេទ្យ​មួយ​នៅ​តំបន់​នេះ​ដើម្បី​ព្យាបាល​ជំងឺ​ ជា​ទី​កន្លែង​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក។​ ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ជា​ជម្លោះ​ជា​សាធារណៈ​ អំពី​គុណភាព​នៃ​ការ​មើល​ថែទាំ​លោក​ និង​អំពី​ការ​បដិសេធ​លើ​សំណើ​របស់​ក្រុម​គ្រួសារ​លោក ដែល​ស្នើសុំ​ផ្ទេរ​លោក​ទៅ​ទទួល​ការ​ព្យាបាល​នៅ​សហរដ្ឋអាមេរិក​ ឬ​អាល្លឺម៉ង់។

កេរ្តិ៍ឈ្មោះ​របស់​លោក​ Liu ​ក្នុង​នាម​ជា​អ្នក​រិះគន់​ប្រឆាំង​រដ្ឋាភិបាល​ឥតសំចៃ​មាត់ ត្រូវបាន​គេ​ដឹង​ឭ​យ៉ាង​សុះសាយ។ ​ជីវប្រវត្តិ​សង្ខេប​របស់​លោក​ រួម​មាន ​អ្នក​និពន្ធ​ដ៏​មាន​ប្រជាប្រិយភាព និង​ជា​សាស្រ្តាចារ្យ​នៅ​មហាវិទ្យាល័យ ដែល​ទទួល​ការ​ដាក់​ទណ្ឌកម្ម​ពី​រដ្ឋាភិបាល។ លោក​ក៏​ត្រូវបាន​គេ​ស្គាល់​តាមរយៈ​ការ​រិះគន់​លើ​វប្បធម៌​បែប​បុរាណ​របស់​ចិន​ និង​ការ​ជំរុញ​ឲ្យ​ក្រុម​អ្នក​អក្សរសាស្រ្ត​ ដូច​រូបលោក​ បង្ហាញ​ទស្សនៈ​បែប​បុគ្គល​និយម​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត។ អាជីព​ដ៏​មាន​ទស្សនៈវិស័យ​របស់​លោក ត្រូវបាន​ប្រែប្រួល នៅ​ក្នុង​រដូវ​ផ្ការីក​ក្នុង​ឆ្នាំ​១៩៨៩ នៅពេល​ដែល​លោក Liu រួសរាន់​បញ្ចប់​ថ្នាក់​អាហារូបករណ៍​របស់​លោក​នៅសាកល​វិទ្យាល័យ​ Columbia ក្នុង​ទីក្រុង​ New York ហើយ​វិលត្រឡប់​ទៅ​មាតុភូមិ​ចូលរួម​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​នៅ​ទីលាន​ Tiananmen ។

ក្រោយ​ការ​បង្ក្រាប​ដោយ​ហិង្សា​ដែល​ប្រជាជន​ចិន​បាន​ស្គាល់​ថា ជា​ការ​សម្លាប់​រង្គាល​ថ្ងៃទី៤​ ខែ​មិថុនា​ លោក​ Liu ត្រូវបាន​គេ​លាប​ពណ៌​ថា​ជា​ «ជន​ដៃដល់‍» ហើយ​ត្រូវ​ជាប់​ពន្ធនាគារ។

បន្ទាប់​ពី​លោក​ត្រូវបាន​គេ​ដោះលែង​នៅដើម​ឆ្នាំ​១៩៩១​ លោក Liu បាន​បន្ត​អំពាវនាវ​ឲ្យ​មាន​កំណែ​ទម្រង់​នយោបាយ​ ហើយក៏​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣ឆ្នាំ​ ក្នុងជំរំ​ពលកម្ម​ចាប់ពី​ឆ្នាំ១៩៩៦​ ដល់ឆ្នាំ​១៩៩៩។ លោក​ Liu នៅតែ​បន្ត​គោលដៅ​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​របស់​លោក បន្ទាប់​ពី​លោកត្រូវ​បានគេ​ដោះ​លែង។

បញ្ចប់​ប្រព័ន្ធ​នយោបាយ​ឯកបក្ស

ក្នុងឆ្នាំ​២០០៨​ លោក​ Liu និង​អ្នក​រិះគន់​ប្រឆាំង​ផ្សេងៗ និង​បញ្ញវន្ត​នានា​ បាន​ផ្សព្វផ្សាយ​ឯកសារ​ច្បាប់​មួយ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ធម្មនុញ្ញ​០៨​ ដែល​យក​គំរូ​តាម​ផ្នែក​ខ្លះ​នៃធម្មនុញ្ញ​៧៧​របស់​ក្រុម​អ្នក​រិះគន់​ប្រឆាំង​របស់​ជនជាតិ​ឆេក និង​បាន​ដាក់​បញ្ចូល​ទ្រឹស្តី​របស់លោក​ Vaclav Havel ដែល​បាន​ព្រាង​ក្នុងឆ្នាំ​១៩៧៧។ ធម្មនុញ្ញ​០៨​នេះ​ ស្នើសុំឲ្យ​មាន​ការ​បញ្ចប់​ប្រព័ន្ធ​នយោបាយ​ឯកបក្ស​របស់​ប្រទេស​ចិន​ និង​បង្កើត​នូវ​របប​សាធារណៈរដ្ឋ​ថ្មី​មួយ ដែល​ជា​«សហព័ន្ធ‍»​នៃ​តំបន់​ និង​សហគមន៍​នយោបាយ​ផ្សេងៗ​ ដោយ​មាន​ការ​ចូលរួម​ពិត​ប្រាកដ​ពី​សាធារណ​ជន។

លោក​បាន​និយាយ​ក្នុង​បទ​សម្ភាស​នៅ​ពេល​នោះ​ថា៖ «ប្រសិន​បើ​មាន​ការ​វិវឌ្ឍ​ណា​មួយ​ក្នុង​សង្គម ​និង​នយោបាយ​ចិន​ ក្នុង​រយៈពេល​២០ឆ្នាំ​ចុងក្រោយ​នេះ​មែន​ នោះ​វា​គឺ​កើត​ឡើង​ដោយ​សារ​តែ​ប្រជាពលរដ្ឋ ​បាន​នឹង​កំពុង​រុញ​ច្រាន​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ។ ជាចុង​ក្រោយ​ ការ​ផ្លាស់ប្តូរ​នឹង​កើត​មាន​ឡើង​ នៅពេល​បញ្ហា​នៅតែ​មាន ហើយ​ប្រជាជន​ជាច្រើន​ចេះ​ខ្វាយខ្វល់​ពី​បញ្ហា​នោះ‍»។

បើ​ទោះជា​លោក​រីករាយ​នឹង​សេរីភាព​ខ្លះៗ​នៅ​ក្រៅ​ពន្ធនាគារ​ក៏ដោយ​ គំនិត​ដែល​ថា​រូបលោក​ និង​អ្នក​ដទៃ​ដែល​មាន​គំនិត​ដូច​លោក ​អាច​នឹង​ត្រូវគេ​ចាប់​ឃុំ​ម្តង​ទៀត​នោះ​ មិនបាន​ដែល​ឃ្លាតឆ្ងាយ​ពី​ការគិត​របស់​លោក​ឡើយ។

លោក​ Liu បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ប្រចាំ​ទីក្រុង​ហុងកុង​ថា៖ «សម្រាប់​ពួក​យើង​ដែល​ស្ថិត​ក្នុង​ចលនា​ប្រឆាំង​ក្រោម​របប​ផ្តាច់ការ​ កិច្ចការ​មួយ​របស់​យើង​ គឺ​ត្រូវ​ប្រឈម​មុខ​នឹង​ក្រុម​ប៉ូលិស​ និង​ចំណាយ​ពេលវេលា​ក្នុង​ពន្ធនាគារ។ ដូច្នេះ​ អ្នក​រិះគន់​ប្រឆាំង​ម្នាក់ៗ​ មិន​ត្រឹមតែ​ត្រូវ​រៀន​សូត្រ​ពី​របៀប​ប្រឆាំង​ក្នុង​បរិយាកាស​គាបសង្កត់​ប៉ុណ្ណោះ​ទេ តែ​លើសពី​នេះ យើង​ត្រូវដឹង​ពី​របៀប​តទល់​នឹង​ការ​បង្រ្កាប​នានា និង​ការ​ចំណាយ​ពេលវេលា​នៅក្នុង​ពន្ធនាគារ​ផងដែរ‍»។

សាល​ដីកា​កាត់ក្តី​លើ​លោក​ Liu បាន​កើត​ឡើង​ក្នុងឆ្នាំ​២០០៩​ ដែល​ពេល​នោះ​លោកត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១១ឆ្នាំ​ ដោយសារ​លោក​ចូល​រួម​ចំណែក​ក្នុង​ចលនា​ធម្មនុញ្ញ០៨​ និង​សកម្មភាព​វិទ្ធង្សនា។ កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ពេញ​សាកល​លោក​របស់​លោក​ បានលេច​ឡើង​បន្ទាប់​ពី​រូបលោក​ត្រូវបាន​គេ​ប្រតិដ្ឋនាម​ថា​ ជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ២០១០​‍ «សម្រាប់​ការ​តស៊ូ​បែប​អហិង្សា​ដ៏​យូរឆ្នាំ​ដើម្បី​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ចិន‍»។

លោក​ Liu បាន​ដឹង​ពី​ការ​ផ្តល់​កិត្តិយស​នេះ​តាម​រយៈ​ភរិយា​របស់​លោក​ ក្នុង​អំឡុងពេល​ភរិយា​លោក​បាន​ចូល​សួរ​សុខទុក្ខ​ដ៏​រឹតត្បិត​ក្នុង​ពន្ធនាគារ។ លោក​បាន​ឆ្លើយ​តប​ថា​ ពានរង្វាន់​នេះ​គួរតែ​ត្រូវ​បាន​ឧទ្ទិស​ជូន​ដល់​អ្នក​ដែល​បាន​លះបង់​ជីវិត​ក្នុង​មហាបាតុកម្ម​ប្រឆាំង​តវ៉ាឆ្នាំ​១៩៨៩ និង​ក្នុងព្រឹត្តិ​ការណ៍​បង្ក្រាប​ជា​បន្តបន្ទាប់​ផ្សេងៗ​ទៀត។

«ខ្ញុំ​គ្មាន​សត្រូវ​ទេ‍»

លោក​ Liu ត្រូវបាន​គេ​ទទួល​ស្គាល់​ថា​ជា​អ្នក​តស៊ូមតិ​ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ក្នុង​ប្រទេស​ចិន​តាម​រយៈ​មធ្យោបាយ​សមហេតុ​សមផល​ និង​អហិង្សា។ ភ្លាមៗ​មុន​ពេល​លោក​ត្រូវបាន​កាត់ទោស​ក្នុងឆ្នាំ​២០០៩​ លោក​ Liu បាន​សរសើរ​ប្រព័ន្ធ​ច្បាប់​របស់​ចិន​ រាប់​បញ្ចូល​ទាំង​ការ​ទទួល​បាន​ការ​ប្រាស្រ័យ​ទាក់ទង​បែប​សណ្តោស​ប្រណី នៅពេល​ដែល​លោក​ជាប់​ក្នុង​ពន្ធនាគារ នៅ​ក្នុង​លិខិត​មួយ​ដែល​មាន​ចំណង​ជើងថា​ «ខ្ញុំ​គ្មាន​សត្រូវ​ទេ‍»។

លោក​ Liu បាន​សរសេរ​ក្នុងលិខិត​ដែល​ត្រូវ​បាន​គេ​អាន​ជួស​នៅ​ពេល​ដែល​លោក​អវត្តមាន​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ណូបែល​សន្តិភាព​ថា៖ «ក្តី​ស្អប់​អាច​បំផ្លាញ​មនសិការ​ និង​បញ្ញា​របស់​បុគ្គល​ម្នាក់​ ហើយ​ការ​គិត​ពី​ភាព​ជា​សត្រូវ ​អាច​នឹង​បំពុល​ព្រលឹង​របស់ជាតិ​មួយ​បាន‍»។

ពាក្យពេចន៍​របស់​លោក​ Liu បាន​ដាស់​ស្មារតី​អ្នកតស៊ូ​មតិ​នានា​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ និង​សេរីភាព​ក្នុង​ប្រទេស​ចិន។

ក្រុម​អ្នក​រិះគន់​បាន​លើក​ឡើង​ពី​សកម្មភាព​ឃោរឃៅ​នៅ​ក្នុង​ពន្ធនាគារ រួមមាន​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ធ្ងន់ធ្ងរ​លើ​សកម្មជន​នានា​ដែល​ស្តែងឲ្យ​ឃើញ​ពី​ប្រព័ន្ធ​ពន្ធនាគារ​ចិន​មិន​សូវ​មាន​លក្ខណៈ​មនុស្សជាតិ​ ស្ថិតក្នុង​ស្ថានភាព​យ៉ាប់យឺន​ ជាង​អ្វី​ដែល​លោក​ Liu បាន​ពិពណ៌នា​ទៅ​ទៀត។ អ្នក​រិះគន់​មួយ​ចំនួន​យល់​ថា អាជ្ញាធរ​ផ្តល់​ក្តី​សណ្តោស​អត់ឱន​លើ​លោក​ Liu ដើម្បី​ឲ្យ​លោក​អាច​ថ្លែងសារ​ជា​សាធារណៈ​អំពី​ទង្វើ​ល្អ​ដែល​គាំទ្រ​រដ្ឋាភិបាល។

ក្រុម​អ្នក​រិះគន់​លើ​ករណី​លោក​ Liu បាន​លើក​យក​ករណី​មេធាវី​សិទ្ធិ​មនុស្ស​ លោក​ Gao Zhisheng ដែល​ក្រោយ​ពី​ការ​ដោះលែង​រូបលោក សមាជិក​គ្រួសារ​របស់​លោក​ស្ទើរតែ​មិន​ស្គាល់​លោក​ឡើយ​ ពីព្រោះ​លោក​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ពន្ធនាគារ។

ក្រុម​អ្នករិះគន់​ដដែល​នេះ​ក៏​បាន​លើក​ឡើង​ពី​ករណី​សកម្ម​ជនជាតិ Hunan និង​អ្នក​រៀបចំ​គម្រោង​ឈ្មោះ​ Li Wangyang ដែល​មិន​អាច​មើល​ឃើញ ហើយ​បាន​បាត់បង់​ធ្មេញ​ស្ទើរតែ​ទាំងអស់ ដោយសារ​តែ​ការ​វាយ​ដំលើ​ក្បាល​លោក​ជា​បន្តបន្ទាប់ រហូត​ដល់​លោក​ដើរ​មិន​រួច នៅពេល​ដែល​លោក​ត្រូវបាន​ដោះលែង​ក្នុងឆ្នាំ​២០១១។ លោក​ Li បាន​ទទួល​មរណភាព​ដោយមន្ទិល​សង្ស័យ​ក្នុង​មន្ទីរពេទ្យ​ក្នុងឆ្នាំ​២០១២​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​មក​ពីទីក្រុង​ហុងកុង​ថា៖ «បើទោះ​ជា​ពួកគេ​កាត់​ក្បាល​របស់​ខ្ញុំ​ក៏ដោយ​ ក៏​ខ្ញុំ​នឹង​មិន​បក​ត្រឡប់​ក្រោយ​‍»ពី​ភាព​សកម្មនិយម​របស់​លោក​ដែរ។

បំណង​ចង់​ចាក​ចេញ​ពី​ប្រទេស​ចិន​មិន​បាន​សម្រេច

លោក​ Liu នៅ​ជាប់​ពន្ធនាគារ​រយៈពេល​តែ​៣ឆ្នាំ​ទៀត​តែ​ប៉ុណ្ណោះ នៅ​ពេល​ដែល​លោក​បាន​ទទួល​មរណភាព​ក្នុងមន្ទីរ​ពេទ្យ​ទី១​នៃ​សាកល​វិទ្យាល័យ​វេជ្ជសាស្រ្តចិន​ ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ប៉ែកឦសាន​នៃ​តំបន់​ Shenyang។

ក្រុម​វេជ្ជបណ្ឌិត​អាល្លឺម៉ង់​ និង​អាមេរិក​ ដែល​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខទុក្ខ​លោក​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ បាន​រាយការណ៍​ពី​ស្ថានភាព​របស់​លោក​ Liu ថា​ ប៉ុន្មាន​ថ្ងៃ​មុន​ពេល​មរណភាព​ លោក​ Liu បាន​ប្រាប់​ក្រុម​វេជ្ជបណ្ឌិត​ថា លោក​មាន​បំណង​ចង់​ចាកចេញ​ពី​ប្រទេស​ចិន​ទៅ​ព្យាបាល​ជំងឺ​នៅ​កន្លែង​ផ្សេង។

ក្រុម​វេជ្ជបណ្ឌិត​បាន​និយាយថា​ «អាច​មាន​ជម្រើស​ផ្សេង​ទៀត​ (សម្រាប់​ការ​ព្យាបាល​លោក​ Liu) រួមមាន​ដូចជា​ការ​ព្យាបាល​បែប​ជួយ​ស្តារ​សម្បទា​ និង​ការ​ព្យាបាល​រោគ​ដោយ​ចំហាយ​វិទ្យុ​សកម្ម‍» ប៉ុន្តែ​ ‍«ការ​បញ្ជូន​រូបលោក​ទៅ​ព្យាបាល​នៅ​កន្លែង​ផ្សេង​គួរតែ​ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន‍»។ ក៏ប៉ុន្តែ​ អាជ្ញាធរ​ចិន​នៅ​រក្សា​ជំហរ​ថា លោក Liu ​ស្ថិត​ក្នុង​ស្ថានភាព​ឈឺ​ធ្ងន់ធ្ងរ​ពេក ​ដែល​មិន​អាច​ផ្ទេរ​ទៅ​ណា​បាន​ឡើយ។

លោក​ Liu Xiaobo បាន​ទទួល​មរណភាព​ដោយ​បន្សល់​ទុក​កូនប្រុស​ម្នាក់ និង​ភរិយា​ដែល​លោក​បាន​រួមរស់​ជាមួយ​អស់​រយៈពេល​២១ឆ្នាំ ។ ភរិយា​របស់​លោក គឺ​លោក​ស្រី​ Liu Xia ដែល​ជា​អ្នក​គាំទ្រ​ដ៏​ស្មោះ​ត្រង់​ម្នាក់​របស់​ស្វាមី​លោក​ស្រី ​ត្រូវ​បាន​រាយការណ៍ថា ​លោក​ស្រី​បាន​ប្តេជ្ញា​តាំង​ចិត្ត​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ «សត្រូវ​របស់​រដ្ឋ‍»។ តាមរយៈ​កំណាព្យ​នៃ​ខ្សែ​ជីវិត​របស់​អ្នក​ទាំងពីរ​ លោកស្រី​បាន​រៀបរាប់​ថា​៖ «ខ្ញុំ​ចូល​ចិត្ត​គូរ​រូប​ដើម​ឈើ។ អ្នក​ដឹងទេ​ថា​ហេតុ​អ្វី?‍ ដោយសារ​តែ​ខ្ញុំ​ចូល​ចិត្ត​រូបភាព​នៃ​ការ​ឈរ​របស់​ដើម​ឈើ។ អ្នក​អាច​និយាយ​បាន​ថា ឆាក​ជីវិត​ដែល​លះបង់​លើ​ការ​ក្រោក​ឈរ​គួរ​ឲ្យ​ធុញ​ទ្រាន់។ ខ្ញុំ​ឆ្លើយ​ថា វា​អីចឹង​មែន តែ​ខ្ញុំ​ត្រូវ​តែ​ក្រោកឈរ៕

ប្រែសម្រួលដោយ កោះ សុគន្ធី