កង្វះ​ឱកាស​និង​ភាពភ័យខ្លាច​ពី​សុវត្ថិភាព​ជា​ឧបសគ្គ​របស់​យុវជន​ក្នុងការ​ចូលរួម​សកម្មភាព​សង្គម​និង​នយោបាយ

យុវជនកំពុងចូលរួមក្នុងវេទិកាយុវជនថ្នាក់ជាតិដើម្បីអបអរទិវាយុវជនអន្តរជាតិ ឆ្នាំ២០២២ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

យុវជន​នៅ​តែ​បន្ត​ជួបឧបសគ្គ​ក្នុង​ការ​ចូលរួមសកម្មភាព​សង្គម និង​នយោបាយ ដោយសារ​មាន​ការ​រឹតត្បិត​លម្ហ​នៃ​ការ​ចូលរួម និង​ភាព​ភ័យ​ខ្លាចពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ នេះ​បើ​តាម​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​ក្រុមយុវជន។​

នាយកប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី ថ្លែង​ក្នុង​វេទិកា​យុវជន​ថ្នាក់​ជាតិ​ដើម្បី​អបអរ​ទិវា​យុវជន​អន្តរជាតិ​ឆ្នាំ ២០២២ នៅ​ថ្ងៃ​ទី​ ១០ ខែ​សីហា ​នេះ​ថា ​យុវជន​ប្រមាណ ​៨០% ​នៃ​យុវជន​សរុប​នៅ​កម្ពុជា​ បាន​ដឹង​អំពី​បញ្ហា​ក្នុង​សង្គម ប៉ុន្តែ​មានយុវជន​តិចជាង​ ៣០% ​ប៉ុណ្ណោះ​ ហ៊ាន​ចូលរួម​ធ្វើ​សកម្មភាព​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ។

លោក​បាន​ថ្លែង​ថា៖ «យុវជន​ភាគ​ច្រើន​គាត់​ដឹង​បញ្ហា​ប្រឈម​របស់​ជាតិ ជាពិសេស​ទាក់ទង​នឹង​រឿង​អំពើ​ពុករលួយ គណនេយ្យភាព​សង្គម រឿង​បរិស្ថាន រឿង​បម្រែបម្រួល​អាកាស​ធាតុ និង​ការ​ចូលរួម​លើក​កម្ពស់សិទ្ធិមនុស្ស​ផ្សេងៗ​ គាត់​យល់​ដឹង។ ហើយ​គាត់​ដឹង​ថា​ បញ្ហា​ហ្នឹង​បើ​នៅ​តែ​បន្ត​នឹង​ប៉ះពាល់ដល់​ជាតិ​របស់​គាត់ ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ការ​អភិវឌ្ឍ​សង្គម រួម​ទាំង​វិស័យ​អប់រំ​ជាដើម»។

លោក ប៉ិច ពិសី បន្ត​ថា៖ «ក៏ប៉ុន្តែ​ពេល​ដែល​យើង​សួរ​យោបល់​របស់​គាត់ ថា​តើ​គាត់​ចង់​ចូលរួម ឬ​ក៏​ហ៊ាន​ចូល​រួម ឬ​អត់ ភាគ​ច្រើន​គាត់​ថា​ គាត់​អត់​ហ៊ាន​ចូលរួម​ទេ ដោយសារ​ខ្លាច ដោយសារ​គាត់​រវល់ ដោយសារ​ឱកាស​ហ្នឹង​មិនសូវ​មាន»។​

នាយកប្រតិបត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា លោក ប៉ិច ពិសី ប្រាប់​អ្នកសារព័ត៌មាន​ក្នុងវេទិកា​យុវជនថ្នាក់​ជាតិ​ដើម្បី​អបអរទិវាយុវជនអន្តរជាតិឆ្នាំ២០២២ នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២។​ (កាន់ វិច្ឆិកា/វីអូអេ)

លោក ប៉ិច ពិសី បាន​ឱ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​មាន​តួនាទី​សំខាន់​ក្នុង​ការ​បើក​លម្ហ​សេរីភាព​សម្រាប់​យុវជន​ក្នុងការ​ចូលរួម​រាល់​សកម្ម​ភាព​សង្គម និង​នយោបាយ ព្រមទាំង​សកម្មភាព​ផ្សេងៗ​គ្រប់​វិស័យ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍស្របតាម​ប្រទេស​ប្រកាន់​យក​គោលការណ៍​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ។

លោក​ថ្លែង​ថា៖ «កាល​ណា​កិច្ចការ​សង្គម ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស ម្ចាស់​សង្គម​ហ្នឹង​អត់​ចូល​រួម​ទេ ប្រទេស​ហ្នឹង​យឺត​យ៉ាវ​ហើយ។​ រាល់​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​ទាំងអស់ វិស័យ​សេដ្ឋកិច្ច វិស័យសុខាភិបាល សង្គម​ វិស័យ​បរិស្ថាន គឺ​យើង​នឹង​ប៉ះពាល់។ អ៊ីចឹង​ខ្ញុំ​សំណូម​ពរ​ឱ្យ​មានការ​បើក​ចំហ​នូវ​រំហូរ​នៃ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ ហើយ​គោរព​សិទ្ធិ​នៃ​ការ​ចូលរួម​គ្រប់​វិស័យ ជាពិសេស​គឺ​វិស័យ​នយោបាយ​តែម្តង ​ដែល​មាន​ចែង​យ៉ាងច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ និង​គោល​នយោបាយ​ជាតិ​ដទៃ​ទៀត»។​

បើ​តាម​ជំរឿន​ជាតិ​ឆ្នាំ ២០១៩ ប្រជាជន​អាយុ​ក្រោម ៣០ឆ្នាំ មាន​ប្រមាណ​ជា ២/៣ នៃ​ប្រជាជន​សរុប​ប្រមាណ ១៦ លាន​នាក់​ ឬ​ស្មើ​ប្រមាណ​ជា ៦០%។

យុវជនកំពុង​ចូលរួម​ក្នុងវេទិកា​យុវជនថ្នាក់​ជាតិ​ដើម្បី​អបអរ​ទិវា​យុវជន​អន្តរជាតិ ឆ្នាំ២០២២ នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

កញ្ញា ណាន់ ពេជ្រភារី និស្សិត​ឆ្នាំ​ទី ​៣ ផ្នែក​សិក្សា​កិច្ចការ​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ដែលបាន​ចូលរួម​ក្នុង​វេទិកា​យុវជន​ថ្នាក់​ជាតិ​ឆ្នាំ​ ២០២២​ ដែរ​នោះ ប្រាប់ VOA ថា កញ្ញា​ឃើញ​មាន​យុវជន​ច្រើន​ជាង​មុន​ដែល​ចាប់​អារម្មណ៍​ចូល​រួម​ក្នុង​សកម្មភាព​សង្គម​ និង​នយោបាយ។ ប៉ុន្តែ​កញ្ញា​យល់​ថា ការ​ចូលរួម​នេះ​នៅ​មាន​ចំនួន​តិច​នៅឡើយ ដោយ​សារ​កត្តា​គ្រួសារ កង្វះ​ឱកាស​ក្នុង​ការ​ចូលរួម និង​កត្តា​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

កញ្ញា​ ណាន់ ពេជ្រភារី បាន​ថ្លែង​ទៀត​ថា ​យុវជន​ត្រូវ​ការ​ការ​គាំទ្រ​ពី​គ្រប់​អ្នក​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល ដើម្បី​អាច​ចូលរួម​ក្នុង​សកម្មភាព​សង្គម និង​នយោបាយ​បាន​ពេញ​លេញ។

កញ្ញា ណាន់ ពេជ្រភារី និស្សិត​ឆ្នាំ​ទី​៣ផ្នែក​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ប្រាប់​អ្នកសារព័ត៌មាន​ក្នុងវេទិកា​យុវជនថ្នាក់​ជាតិ​ដើម្បី​អបអរទិវាយុវជនអន្តរជាតិឆ្នាំ២០២២ នៅ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

កញ្ញា​ថ្លែង​ថា៖ «យើង​និយាយ​រឿង​បរិស្ថាន​មួយ បើសិនជា​មាន​អង្គការ​ផ្សេងៗ គាត់​បង្កើត​ឡើង គាត់​ផ្តល់​ឱកាស​ឱ្យ​យុវជន​ចូលរួម អ៊ីចឹង​យុវជន​ទាំងអស់​ ខ្ញុំ​ជឿជាក់​ថា គាត់​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ចូលរួម​ណាស់។​ ហើយ​មួយទៀត​ការ​គាំទ្រ និង​ការ​គាំពារ​ពី​រដ្ឋាភិបាល​ដូចគ្នា ពេល​ខ្លះ​យើង​ឃើញ​មាន​សកម្មភាព​ជាច្រើន ប៉ុន្តែ​យើង​អត់​អាច access [ចូលរួម] យើង​អត់​បាន​ចូលរួម​ពេញ​លេញ។ ឧទាហរណ៍ ការ​បង្កើត​គោល​នយោបាយ​អី​មួយ»។

ក្នុង​វេទិកា​យុវជន​ថ្នាក់​ជាតិដើម្បី​អបអរ​ទិវា​យុវជន​អន្តរជាតិ​ឆ្នាំ ២០២២ នេះ មាន​ការ​ចូលរួម​ពី​យុវជន​ជាង ​១០០ ​នាក់ មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​តាំង​ពិព័រណ៍​គម្រោង​សហគមន៍​របស់​យុវជន និង​កិច្ច​ពិភាក្សា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​របស់​យុវជន​ជាដើម។​

អគ្គលេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​យុវជន និង​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​យុវជន​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ លោក ​ជីវ រដ្ឋា​ លើក​ឡើង​ថា លោក​មិន​ទាន់​យល់​ស្រប​នឹង​របាយ​ការណ៍​ដែល​រក​ឃើញ​ថា ​យុវជនច្រើន​កំពុង​មាន​ឧបសគ្គ​ក្នុង​ការ​ចូលរួម​សកម្មភាព​សង្គម និង​នយោបាយ​នោះ​ទេ។ លោក​អះអាង​ថា រាល់​ការ​ធ្វើ​ការ​ស្ទង់​មតិ​ណាមួយ​ត្រូវ​មាន​ភាព​លម្អិត ដើម្បី​អាច​ទទួល​បាន​លទ្ធផលដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ ដែលអាច​យក​មកអនុវត្ត​បាន​ទាំងអស់​គ្នា។​

លោក ជីវ រដ្ឋា អគ្គលេខាធិការ​រង​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​យុវជន និង​ជា​អគ្គ​នាយករង​នៃ​អគ្គនាយកដ្ឋាន​យុវជន​នៃក្រសួង​អប់រំ យុវជន និង​កីឡា ប្រាប់​អ្នកសារព័ត៌មាន​ក្នុងវេទិកា​យុវជនថ្នាក់​ជាតិ​ដើម្បី​អបអរទិវាយុវជនអន្តរជាតិឆ្នាំ២០២២

លោក​ ជីវ រដ្ឋា​ បាន​ថ្លែង​ទៀត​ថា ​ក្រសួង​អប់រំ​បាន​និង​កំពុង​ធ្វើការ​ងារ​ជាមួយ​យុវជន​ជាច្រើន​ ដើម្បី​ជំរុញ​ឱ្យ​យុវជន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ផ្សេងៗ​បន្ថែម​ទៀត។

លោក​ថ្លែង​ថា៖ «យុវជន​ដែល​គាត់​បាន​ចូលរួម​ក្នុង​កម្មវិធី​របស់​ពួក​ខ្ញុំ​ទាំងអស់ ដែល​មាន​កម្មវិធី VMC [ការ​ស្ម័គ្រចិត្ត​ដើម្បី​សហគមន៍] កម្មវិធី NOBY [ធុរកិច្ច​ជាតិ​សម្រាប់​យុវជន] មួយ​ឆ្នាំ​ ៦ ពាន់នាក់។​ យុវជន​មួយ​ឆ្នាំ​ ៦ ពាន់។​ ហើយ​អ្នក​ដែលចូលរួម​ គាត់​តែង​មាន​គំនិត​ប្លែក គំនិត​ច្នៃ​ប្រតិដ្ឋ ហើយ​គាត់​មាន​ឱកាស​ធ្វើ​អី​ច្រើន។​ ប៉ុន្តែ​ដោយសារ​យើង​វា​ច្រើនពេក អ៊ីចឹង​សកម្មភាព​របស់​យើង​មិនទាន់​ reach out [ឈាន​ដល់] គ្រប់កន្លែង អ៊ីចឹង​វា​នៅ​មាន​បញ្ហា​ខ្លះ​ហើយ ប្រៀប​ដូចគ្រួសារ​កូន​ច្រើន ជា​ការពិត យើង​មិន​អាច​គេចវេស​បាន​ទេ»។

បើ​តាម​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ក្នុង​ឆ្នាំ​ ២០២០ យ៉ាង​ហោច​ណាស់​សកម្មជន​ដែលជាយុវជន​ចំនួន​ ១៦ ​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួនដោយសារ​ការ​បញ្ចេញ​មតិ។ ចំណែក​យុវជន​មួយ​ចំនួន​ក៏ត្រូវ​បាន​ឃាត់​ខ្លួន​ឱ្យ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​ការ​បង្ហោះ​សារ​រិះគន់​ផ្សេងៗ​លើបណ្តាញ​សង្គម​ផងដែរ។​

របាយការណ៍​ស្រាវជ្រាវ​មួយ​ផ្សេង​ទៀតស្តីពី​ «ភាពជាអ្នកដឹកនាំរបស់ស្ដ្រី និង​យុវជន​នៅ​ក្នុង​ប្រទេស​កម្ពុជា»​ ចេញ​ដោយ​អង្គការ​តម្លា​ភាព កាលពីខែមីនា ឆ្នាំ​ ២០២១ ដែល​បាន​សម្ភាសន៍​យុវជន​ជិត​ ៦០០​ នាក់​បាន​បង្ហាញថា ស្រ្តី និងយុវជន មាន​ចំនួន​តិចតួច​នៅឡើយ​ដែល​បាន​ចូលរួមក្នុង​វិស័យ​សាធារណៈ និង​តួនាទី​ដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋាន និង​ថ្នាក់​ជាតិ។ ​

របាយការណ៍ដដែល​នេះ​លើក​ឡើង​ថា ​ឧបសគ្គ​សម្រាប់​យុវជន គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​ទំនុក​ចិត្ត​លើ​សមត្ថភាពយុវជន​ខ្លួនឯង និង​កត្តា​មួយ​ចំនួន​ទៀត​ ដូច​ជា​ការ​រារាំង​ពី​ឪពុក​ម្តាយ​ ដោយ​ខ្លាច​កូន​ពួកគេ​មាន​បញ្ហា​ពេល​ចូល​រួម​កិច្ចការ​សង្គម​ ឬ​នយោបាយ និង​ការ​រើស​អើង​អាយុ ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ​នៅ​មាន​កម្រិត ការ​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ស្វែង​រក​ការងារ បញ្ហា​បក្ខ​ពួក​និយម កង្វះ​ជំនាញ​ទន់ និង​បញ្ហា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិជាដើម៕