ក្នុងការប្រារព្ធទិវាព្រៃឈើអន្តរជាតិ សកម្មជនបរិស្ថានកំពុងអំពាវនាវឱ្យស្តារព្រៃឈើនិងប្រព័ន្ធជីវចម្រុះដែលគាំទ្រដល់ជីវិតព្រៃឈើ ដែលសកម្មជនទាំងនោះនិយាយថា ស្ថិតក្រោមគំរាមកំហែងកាន់តែខ្លាំងពីអាជីវកម្មខុសច្បាប់។
ព្រៃឈើគឺជាសួតរបស់ភពផែនដី។ ព្រៃឈើជួយផ្តល់ខ្យល់ឱ្យយើងដកដង្ហើម និងមានតួនាទីដ៏សំខាន់ក្នុងការផ្តល់ទឹកស្អាត។ អង្គការសហប្រជាជាតិបានរាយការណ៍ថា មនុស្សជាង ១ ពាន់លាននាក់ ពឹងផ្អែកលើម្ហូបអាហារ បានមកពីអនុផលព្រៃឈើ ហើយមនុស្សចំនួន ២,៤ ពាន់លាននាក់ ប្រើប្រាស់ជ័រឈើ និងធ្យូង ដើម្បីចម្អិនម្អូបអាហារប្រចាំថ្ងៃរបស់ពួកគេ។
លើសពីនេះទៅទៀត សុខភាពរបស់ពិភពលោកភាគច្រើនពឹងផ្អែកលើឱសថបៃតង ដែលរកបាននៅក្នុងព្រៃ។ អង្គការសហប្រជាជាតិបានរាយការណ៍ថា ថ្នាំពេទ្យរហូតដល់ ២៥% នៅក្នុងប្រទេសអភិវឌ្ឍន៍និង ៨០% នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ពឹងផ្អែកលើរុក្ខជាតិ។
ជាអកុសលអ៊ុកស៊ីសែនដែលធ្វើឱ្យរុក្ខជាតិនិងអំបូរសត្វនៅលើភពផែនដី ដែលគេស្គាល់ចំនួន ៨០% អាចបន្តមានជីវិតប្រកបដោយចីរភាពកំពុងរងការគំរាមកំហែង។ នាយកផ្នែកព្រៃឈើនៃអង្គការស្បៀងអាហារ និងកសិកម្ម (FAO) អ្នកស្រី Mette Wilkie បាននិយាយថា ព្រៃឈើ និងជីវចម្រុះដែលព្រៃឈើស្ថិតនៅកំពុងរងហានិភ័យពីសកម្មភាពដែលផ្លាស់ប្តូរដីទាំងនោះ ដើម្បីប្រើប្រាស់សម្រាប់កសិកម្ម និងការកែងប្រវ័ញ្ជផ្សេងៗទៀត។
អ្នកស្រី Mette Wilkie បានថ្លែងថា៖ «ជារៀងរាល់ឆ្នាំ ពិភពលោកបាត់បង់ព្រៃឈើជាង ១០ លានហិកតា។ វាប្រហែលស្មើនឹងទំហំ ២ ដងនៃប្រទេសកូស្តារីកា (Costa Rica)។ ការណ៍នេះមានផលប៉ះពាល់អវិជ្ជមានទៅលើអាកាសធាតុជីវចម្រុះ និងមនុស្សជាតិ។ យើងដឹងថា ការកាប់បំផ្លាញព្រៃឈើនិងការធ្លាក់ចុះគុណភាពដីកំពុងប៉ះពាល់ដល់សុខាមាលភាពរបស់មនុស្ស យ៉ាងហោចណាស់ ៣,២ ពាន់លាននាក់ នៅទូទាំងពិភពលោក និងធ្វើឱ្យបាត់បង់ផលិតផលសរុបក្នុងស្រុកប្រចាំឆ្នាំ ជាង ១០% នៅទូទាំងពិភពលោក ដោយសារតែបាត់បង់នូវសេវាកម្មអេកូឡូស៊ី»។
អ្នកស្រី Wilkie បានថ្លែងបន្តថា ការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតមួយ ក្នុងចំណោមបីករណីមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងការផ្លាស់ប្តូរការប្រើប្រាស់ដី ដូចជាការកាប់បំផ្លាញព្រៃឈើ និងការពុះបំបែកព្រៃឈើទៅជាតំបន់តូចៗ។ អ្នកស្រីព្រមានថា ហានិភ័យនៃការរាតត្បាតថ្មីនឹងនៅតែបន្តកើនឡើង ប្រសិនបើពិភពលោកនៅបន្តសកម្មភាពទាំងនេះដដែល។
អ្នកស្រី Mette Wilkie បានថ្លែងថា៖ «មូលហេតុសម្រាប់បញ្ហានេះ គឺថា យើងរំខានដល់ជម្រករបស់អំបូរសត្វព្រៃមួយចំនួន ដែលមានផ្ទុកជំងឺឆ្លង។ មានន័យថា យើងកំពុងបង្កើនហានិភ័យនៃការឆ្លងមេរោគពីសត្វព្រៃទៅមនុស្សដោយផ្ទាល់ ឬទៅសត្វស្រុក ហើយបន្ទាប់មកឆ្លងទៅមនុស្ស។ ដូច្នេះ ការផ្លាស់ប្តូរធម្មជាតិរបស់ព្រៃឈើ និងការកាត់បន្ថយជម្រកសត្វព្រៃ មានន័យថា យើងកំពុងបង្កើនហានិភ័យ»។
អ្នកស្រី Wilkie និយាយថា ស្ថានភាពនេះអាចកែប្រែបាន តាមរយៈការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងវិនិយោគប្រាក់ដែលចាំបាច់ដើម្បីស្តារព្រៃឈើឱ្យមានសុខភាពល្អវិញ។ អ្នកស្រីបន្ថែមថា សកម្មភាពទាំងនេះអាចរួមចំណែកដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងដំណាក់កាលក្រោយការរាតត្បាតនៃជំងឺកូវីដ១៩ និងជួយបណ្តាប្រទេសជាតិនានា កាត់បន្ថយនិងសម្របខ្លួនទៅនឹងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ៕