អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ៖ ​បើ​មិន​ចាំបាច់​ មិន​គួរ​មាន​ការ​ឃុំខ្លូន​កុមារ​ក្នុង​ពន្ធនាគារ​នោះ​ទេ

រូបឯកសារ៖ ស្រ្តីជាអ្នកទោសនិងកូនរបស់ពួកគេ ចូលរួមកម្មវិធីមួយនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥។

អង្គការ​ឃ្លាំ​មើល​និង​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា រួមទាំង​ក្រសួង​យុត្តិធម៌​ ក្រសួង​មហាផ្ទៃ​ និង​ស្ថាប័ន​តុលាការ​ បញ្ឈប់​ការ​ឃុំខ្លួន​កុមារមិន​ចាំបាច់​នៅ​ក្នុង​ពន្ធនាគារ​ដ៏​ចង្អៀត​ណែន​ ខណៈ​ចំនួន​អនីតិជន​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​បន្ត​កើន​ឡើង។ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​កុមារ។

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូ​ ចុះ​ថ្ងៃទី​ ១ ​ខែ​មិថុនា​ ស្តីពី៖​ «ការ​បញ្ឈប់​ការ​ឃុំខ្លួន​ដែល​មិន​ចាំបាច់​លើ​កុមារ​នៅ​ក្នុង​ពន្ធនាគារ​ដ៏​ចង្អៀត​ណែន» ដែល​ត្រូវបាន​បង្ហោះ​លើ​បណ្តញ​សង្គម​ហ្វេសប៊ុកកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​បង្ហាញ​ថា​ ចំនួន​អនីតិជន​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ទាំង​ ១៩​កន្លែង ​ដែល​អង្គការ​លីកាដូ​បាន​ឃ្លាំ​មើល​នោះ​ ​បាន​កើន​ឡើង​ជាង​ ៣០% ​ដែល​លើសឆ្នាំ​មុន។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ដដែល​របស់​អង្គការ​លីកាដូ​ ចំនួន​អនីតិជន​នៅ​ក្នុង​ពន្ធនាគារ​មាន​រហូត​ដល់​ទៅ​ ១.៦៥៨នាក់ ​ក្នុង​ខែ​មេសា ​ឆ្នាំ​ ២០២៣។ ​ប្រហែល​ ៩៦% នៃ​អនីតិជន​ទាំង​នោះ​ជា​កុមារា​ ហើយ​ ៥២%​ នៃ​កុមារ​ទាំង​នោះ​ គឺ​កំពុង​តែ​ជាប់​ឃុំ​ជា​បណ្តោះ​អាសន្ន​ រង់ចាំ​សវនាការ​ និង​ ៣៧% ​ផ្សេង​ទៀត​កំពុង​រង់ចាំ​សាលក្រម​ស្ថាពរ»។​

នាយក​គ្រប់គ្រង​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​ អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ បើ​តាម​តួលេខ​ដែល​អង្គការ​លីកាដូ​ទទួល​បាន​ ក្នុង​ឆ្នាំ​ ២០២៣ ​គិត​ត្រឹម​ខែ​មេសា​នេះ អនី​តិជន​ជាប់​ពន្ធនាគារ​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ធៀប​នឹង​ពេល​កន្លង​ទៅ​ ដែល​តម្រូវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធមាន​ដំណោះ​ស្រាយ។​

លោក​ថ្លែង​ថា៖​ «យើង​ជា​អង្គការ​លីកាដូ​នៅ​តែ​ទទូច​ដដែល​ទេ​ថា​ ទី ១ សូម​ឱ្យ​ជ្រើស​រើស​យក​ការ​ដាក់​កុមារ​ឱ្យ​នៅ​ក្រៅ​ឃុំ​ ជា​ជាង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ ​ឬ​ក៏​ការ​អនុវត្ត​ទោស​ព្យួរ​ ការ​អនុវត្ត​ទោស​សហគមន៍​ ការ​ដោះ​លែង​ឱ្យ​មាន​លក្ខខណ្ឌ​ ឬ​ក៏​ការ​អនុវត្ត​ពាក់​កណ្តាល​ទោស​អី​ជាដើម​ ចំពោះ​បទ​ល្មើស​ណា​ដែល​យើង​អាច​អនុវត្ត​ទោស​ទាំង​អស់​នេះ​បាន»។​

លោក​បន្ថែម​ទៀត​ថា​ រដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​តែ​ពិនិត្យ​ឡើង​វិញ​ផង​ដែរ​នូវ​របបម្ហូប​អាហារ​ឱ្យ​បាន​សមរម្យ​សម្រាប់​អនីតិជន ក៏ដូច​ជា​ការ​ថែទាំ​សុខភាព​ ការ​សួរ​សុខ​ទុក្ខ​ពី​ក្រុម​គ្រួសារ​ និង​ការ​អភិវឌ្ឍ​ខ្លួន​របស់​ពួកគេ​នៅ​ក្នុង​ពន្ធនាគារ។

ទោះ​ជា​យ៉ាង​ណា ​រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន ម៉ាលីន ​ប្រាប់​វីអូអេ​ថា​ ក្នុង​ការ​ដោះ​ស្រាយ​ភាព​ចង្អៀត​ណែន​នៃ​អនីតិជន​ជាប់​ពន្ធនាគារ​នេះ​ ក្រសួង​បាន​ចាត់​វិធាន​ការ​ច្រើន​ណាស់​តាម​ផ្លូវ​ច្បាប់​ដែល​បាន​បន្តអនុវត្ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​ហើយ​វិធានការ​ទាំង​នោះបាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ជាប់​ឃុំ​ថយ​ចុះ​ ដែល​មិន​ដូច​នឹង​អ្វី​ដែល​អង្គការ​លីកាដូ​លើក​ឡើង​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​ «បើ​តាម​អ្វី​ដែល​យើង​ក្តាប់​បាន តួលេខ​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ដូច​ជា​មិន​មាន​ការ​កើន​ឡើង​ទៀត​ទេ​ ហាក់​ដូច​ជា​នៅ​ឋេរ​ ហើយ​មិន​ត្រឹម​តែ​នៅ​ថេរ ​ដូច​ជា​មាន​ការ​ថយ​ចុះ​ទៀត​ផង​ ខ្ទង់ ២០០​នាក់​ ទៅ​ ៣០០​នាក់​ ដោយ​សារតែ​វិធានការ​ដែល​យើង​បាន​អនុវត្ត។​ ប្រសិន​បើ​មិន​ប្រើ​ប្រាស់​វិធានការ​នេះ​ទេ ចំនួន​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​មិន​មែន​ប៉ុណ្ណឹង​ទេ​ គឺ​អាច​កើន​ឡើង​មួយ​ទ្វេជា​ពីរ»។​

បើ​តាម​លោក ជិន ម៉ាលីន​ តុលាការ​នៅ​តែ​បន្ត​អនុវត្ត​គោល​ការណ៍​ច្បាប់​ពាក់​ព័ន្ធ​ ​ដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​ជាប់​ឃុំ​ បើ​ទោះ​បី​យុទ្ធនាការ​ពាក់​ព័ន្ធ​នឹង​ការ​ដោះស្រាយ​ភាព​ចង្អៀត​ណែន​នៃ​អនីតិជន​ជាប់​ពន្ធនាគារ​នេះ​ត្រូវ​បាន​បញ្ចប់​ក៏​ដោយ។​

សេចក្តី​ថ្លែង​ការណ៍​នៃ​អង្គការ​លីកាដូ កាល​ពី​ថ្ងៃព្រហស្បតិ៍​ បាន​ឱ្យ​ដឹង​ទៀត​ថា​ ច្បាប់​ជាតិ​ទទួល​ស្គាល់​ថា ​ពន្ធនាគារ​មិន​មែន​ជា​កន្លែង​សម្រាប់​អនីតិជន​នោះ​ទេ​ ហើយ​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​បាន​ចែង​ថា​ ការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​ គឺ​ជា «ជម្រើស​ចុង​ក្រោយ​សម្រាប់​កុមារ» ​ហើយ​ចំពោះ​ការ​ព្យួរ​ទោស ឬ​ការ​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ​គួរ​ត្រូវ​បាន​ប្រើប្រាស់​ជំនួស​ឱ្យ​ការ​ដាក់​ទោស​កុមារ​ក្នុង​ពន្ធនាគារ។

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូបញ្ជាក់​បន្ថែម​ថា៖​ «ក៏​ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ​ ជម្រើស​ផ្សេងៗ​ទាំង​នេះនៅ​មិន​ទាន់​ត្រូវ​បាន​តុលាការ​យក​មក​ប្រើប្រាស់​នៅ​ឡើយ​ទេ​ ហើយ​ចំនួន​អនីតិជន​ដែល​ជាប់​ឃុំ​នៅ​តែ​បន្ត​ហក់​ឡើង​យ៉ាង​ខ្ពស់​ ដែល​ជា​សញ្ញា​មួយ​គួរ​ឱ្យ​ព្រួយ​បារម្ភ»។​

រូបឯកសារ៖ មណ្ឌលអប់រំកែប្រែទី០១ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។(ទុំ ម្លិះ/វីអូអេ)

អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​ពន្ធនាគារ​លោក ​នុត សវនា​ បាន​បញ្ជាក់​ឱ្យ​វីអូអេ​ដឹង​នៅថ្ងៃ​សុក្រ​នេះថា​ ចំពោះ​ចំនួន​អនីតិ​ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​មាន​ការ​កើន​ឡើង​ ដូច​ការ​លើក​ឡើង​របស់​អង្គការ​លីកាដូ​ បើ​ធៀប​ទៅ​នឹង​ចុង​ឆ្នាំ​ ២០២២ ​រហូត​មក​ដល់​ខែ ឧសភា ​ឆ្នាំ​ ២០២៣ នេះ។ ​លោក​បន្ថែម​ថា​ ​វិធាន​ការ​សាក​ល្បង​មួយ​ ដែល​ដាក់​ឱ្យ​ក្រៅឃុំ​ចំពោះ​អនីតិជន​នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០២៣ នេះ។​

លោក​ថ្លែងថា៖​ «អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​យើងកំពុង​តែ​ខំធ្វើ​កិច្ចការ​នេះ​ជា​មួយ​ក្រសួង​យុត្តិធម៌​ ក៏​ដូច​ជាដៃ​គូ​អភិវឌ្ឍន៍​ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស។ ​ប៉ុន្តែ​តាមរយៈ​ជំនួប​ជា​មួយ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ កាល​ពី​ខែ​មុន​នេះ​ ខាង​គាត់​បាន​បញ្ជាក់​ថា​ កិច្ចការ​នេះ​វា​មិន​ទាន់​ចាប់​ផ្តើម​អនុវត្ត​ជា​គម្រោង​សាកល្បង​បាន​ទេ​ ដោយ​សារ​ភ្នាក់ងារ​ ឬ​ក៏​ភាគី​រដ្ឋាភិបាល​ក៏​មាន​ការ​មមាញឹក​ច្រើន​ដោយសារ​រដូវ​កាល​បោះ​ឆ្នោត​នឹង​ចាប់​ផ្តើម​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ អ៊ីចឹង​ខាង​គាត់​មិន​ទាន់​ហ៊ាន​សម្រុក​កិច្ចការ​នោះ​ទេ»។​

នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទិ្ធ​កុមារ​ ​ឆ្នាំ​ ២០២៣ នេះ​ អង្គការ​លីកាដូបាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ដែល​ក្នុង​នោះ​រួមមានក្រសួង​យុត្តិធម៌​ ក្រសួង​មហាផ្ទៃ​ និង​ស្ថាប័ន​តុលាការ​ ធ្វើ​ការ​ដោះ​ស្រាយ​ជា​បន្ទាន់​ចំពោះ​វិបត្តិ​ដែល​កុមារ​ជា​ច្រើន​នាក់​កំពុង​ជាប់​ឃុំ​ និង​ចម្រើន​វ័យ​នៅ​ក្នុង​ពន្ធនាគារ​ដ៏​ចង្អៀត​ណែន​ ហើយ​ដែល​ការ​ឃុំ​ខ្លួន​កុមារ​ទាំង​នោះ​គឺ​ «មិន​មាន​ភាព​ចាំបាច់​ទាល់​តែ​សោះ»។​

យ៉ាង​តិច​ណាស់​មាន​កុមារ​ ៨២ ​នាក់​ កំពុង​តែ​រស់​នៅ​ក្នុង​ពន្ធនាគារ​ជាមួយ​ម្តាយ​ដែល​ជាប់​ទោស​ ហើយ​នឹង​មាន​ស្ត្រី​ និង​ក្មេង​ស្រី​ ៣០ ​នាក់​ផ្សេង​ទៀត​ កំពុង​តែ​មាន​ផ្ទៃ​ពោះ​ នៅ​ក្នុង​ពន្ធនាគារ​ គិត​ត្រឹម​ខែ​មេសា​ ឆ្នាំ​ ២០២៣។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូ។​

អង្គការ​លីកាដូ​បាន​សង្កត់​ធ្ងន់​ថា៖ ​«ការ​ប្រើប្រាស់​នូវ​ការ​ឃុំខ្លួន​ហួស​ប្រមាណ​នេះធ្វើ​ឱ្យ​កុមារ​បាត់​បង់​សេរីភាព​ ទំនាក់​ទំនង​គ្រួសារ​ និង​សុខុមាល​ភាព។ ​អាជ្ញាធរ​ត្រូវ​តែ​ដោះ​ស្រាយ​នូវ​បញ្ហា​ដែល​កំពុង​តែ​កើត​ឡើង​នេះ​ជា​បន្ទាន់»។​

ស្ថាន​ភាពពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​ទទួល​បាន​ការ​វាយ​តម្លៃ​ក្នុង​របាយ​ការណ៍​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​ ២០២២ របស់​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ថា​ មាន​«សភាព​យ៉ាប់​ខ្លាំង»​ ហើយ​ក្នុង​ករណី​ជា​ច្រើន​បាន​គំរាម​កំហែង​ដល់​អាយុ​ជីវិត​ថែម​ទៀត​ផង។​ មន្ត្រី​កម្ពុជា​ធ្លាប់​បាន​ច្រាន​ចោល​របាយ​ការណ៍​នេះ​ថា​ ធ្វើឡើង​ដោយ​មិន​បាន​ប្រមូល​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ៕