​អង្គការ​លីកាដូ៖​ ពលរដ្ឋ​១៦០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​២០២០​ដោយសារ​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​

រូបឯកសារ៖ មនុស្ស​ម្នាក់​ប្រើ​ទូរស័ព្ទ​ស្មាតហ្វូន​ដើម្បី​បើក​ចូល​មើល​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ភោជនីយដ្ឋាន​មួយ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥។

របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​ប្រមាណ​១៦០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ​លើ​ប្រព័ន្ធ​អនឡាញ​ដែល​អង្គការ​នេះ​ចាត់​ទុក​ថា​ជា​ការ​បៀតបៀន​មួយ​ដែល​គួរ​ត្រូវ​បាន​បញ្ឈប់។​

អង្គការ​លីកាដូ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ពន្ធនាគារ​ដែល​គ្រាន់​តែ​បញ្ចេញ​មតិ​របស់​ពួកគេ​នៅ​លើ​បណ្តាញ​សង្គម។​នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥​ខែ​វិច្ឆិកា​ឆ្នាំ​២០២១​ស្តីពី​បច្ចុប្បន្ន​ភាព​ស្ថានភាព​នៃ​«ការ​បៀតបៀន​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​កម្ពុជា»។​

របាយការណ៍​ដែល​មាន​៤៤​ទំព័រ​របស់​អង្គការ​លីកាដូ​ឲ្យ​ដឹង​ថា​នៅ​ឆ្នាំ​២០២០​ប្រជា​ពលរដ្ឋ​ចំនួន​១៥៨​នាក់​ក្នុង​នោះ​ស្រ្តី​៣៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ​លើ​ប្រព័ន្ធ​អនឡាញ។​ហើយ​គិត​ត្រឹម​ចុង​ឆ្នាំ​២០២០​មនុស្ស​៧៣​នាក់​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​នៅ​ឡើយ។​

អង្គការ​លីកាដូ​បញ្ជាក់​ថា​ការ​សន្ទនា​ជា​លក្ខណៈ​ឯកជន​តែងតែ​ជា​ភស្តុតាង​តែ​មួយ​ប្រភេទ​គត់​ក្នុង​ការ​បង្ហាញ​នៅ​ក្នុង​សវនាការ។​

បើ​តាម​របាយ​ការណ៍​អាជ្ញាធរ​តែង​តែ​ធ្វើ​ទុក្ខ​បុក​ម្នេញ​និង​ចាប់​ខ្លួន​អ្នក​ការពារ​បរិស្ថាន​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​គូ​ប្រជែង​នយោបាយ​អ្នក​សារ​ព័ត៌មាន​និង​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ដាក់​ពន្ធនាគារ​ដោយ​សារ​ការ​សម្តែង​មតិ​របស់​ពួក​គេ​នៅ​លើ​ប្រព័ន្ធ​អនឡាញ​ដែល​ត្រូវ​បាន​អនុញ្ញាត​«ដោយ​អំណាច​តាម​ដាន​ដ៏​លើស​លប់​និង​គ្មាន​តម្លាភាព»។​

អង្គការ​លីកាដូ​ស្នើ​បញ្ឈប់​ការ​បៀតបៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ដោះ​លែង​ឲ្យ​បាន​ឆាប់​រហ័ស​និង​ដោយ​គ្មាន​លក្ខខណ្ឌ​នូវ​សកម្មជន​ទាំង​អស់​និង​អ្នក​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដោយ​សារ​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ​តាម​ប្រព័ន្ធ​អនឡាញ។​អង្គការ​ក៏​ស្នើ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​មុក​ម្នេញ​លើ​ស្ត្រី​ភេទ​ពាក់​ព័ន្ធ​នឹង​ជម្រើស​នៃ​ការ​ស្លៀក​ពាក់​ឬ​ការ​សម្តែង​មតិ​របស់​ពួក​គេ​លើ​ប្រព័ន្ធ​អនឡាញ។​

អង្គការ​លីកាដូ​ក៏​ជំរុញ​ឲ្យ​បញ្ឈប់​«ការ​តាមដាន​ដ៏​លើស​លប់»​និង​«គ្មាន​តម្លាភាព»​ដោយ​ធ្វើ​និរាករណ៍​ឬ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ទូរគមនាគមន៍​អនុក្រឹត្យ​ស្តីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត។អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ក៏​ស្នើ​ឲ្យ​ទម្លាក់​ចោល​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​បទ​ល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​និង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ​និង​ស្នើ​ឲ្យ​ធ្វើ​និរាករណ៍​ឬ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​មាន​លក្ខណៈ​ទូទៅ​និង​ស្រពេច​ស្រពិល។​

អ្នកស្រី ​ព្រុំ ចន្ថា ​ម្តាយ​របស់​យុវជន ​កាក់ សុវណ្ណច្ឆ័យ ​ដែល​ទើប​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​ពន្ធនាគារ​ប្រាប់​វីអូអេ​ថា​កូន​របស់​អ្នកស្រី​បាន​ប្រើ​ប្រាស់​បណ្តាញ​សង្គម​តេឡេក្រាម​(Telegram)​រិះគន់​រដ្ឋាភិបាល​កាល​ពី​កន្លង​ទៅ​រហូត​អាជ្ញាធរ​ចាប់​ខ្លួន​កូន​ប្រុស​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០២១។​ អ្នកស្រី​យល់​ថា​អាជ្ញាធរ​ឬ​រដ្ឋាភិបាល​មិន​គួរ​បិទ​សិទ្ធិ​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​រិះគន់​លើ​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ឡើយ​ពីព្រោះ​ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​រិះ​គន់​អាជ្ញាធរ​ឬ​រដ្ឋាភិបាល​នៅ​ពេល​ធ្វើ​អ្វី​មួយ​មិន​សម​រម្យ។​

យុវជន កាក់ សុវណ្ណច្ឆ័យ អាយុ​១៦ឆ្នាំ លើក​ដៃ​ឆ្វេង ក្រោយ​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ នៅ​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ (មាស មល្លិកា/វីអូអេ)

អ្នកស្រី​ចង់​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​គោរព​សិទ្ធិ​មនុស្ស​និង​ដោះ​លែង​សកម្មជន​នយោបាយ​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​រូប​កូន​ប្រុស​របស់​អ្នកស្រី​ដែល​គ្រាន់​តែ​ប្រើ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​តែ​ប៉ុណ្ណោះ​ខណៈ​កូន​ប្រុស​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​តុលាការ​រយៈ​ពេល​២​ឆ្នាំ។​

អ្នកស្រី​បញ្ជាក់​ថា៖ ​«យើង​ហ៊ាន​បញ្ចេញ​មតិ​ឬ​ធ្វើ​អ្វី​ខុស​មួយ​គឺ​គេ​ចាប់​គេ​គំរាម​កំហែង​អ៊ីចឹង​អត់​មាន​សិទ្ធិ​អត់​មាន​គោរព​ច្បាប់​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​បំបិទ​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ​ទាំង​ស្រុង​តែ​ម្តង។​អ៊ីចឹង​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​និយាយ​ស្តី»។​

អ្នកស្ត្រី​បន្ត​ថា៖​«បើ​សិន​ជា​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស​ហើយ​មិន​ចង់​ឲ្យ​គេ​ឃើញ​ថា​បន្តិច​ទៀត​លោក​ជា​ម្ចាស់​[ប្រធាន]​អាស៊ាន​ហ្នឹង​ដែល​ថា​កុំ​ឲ្យ​កុម្មុយនីស្ត​មក​ក្រោយ​វិញ​ហ្នឹង​ លោក​ធ្វើ​ម៉េច​គួរតែ​គោរព​សិទ្ធិ​មនុស្ស​ទៅ​ហើយ​ដោះ​លែង​ពួក​គាត់​មក​វិញ​មក»។​

លោក​ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​វីអូអេ​ថា​ការ​លើក​ឡើង​របស់​អង្គការ​លីកាដូ​គឺ​ជា​សិទ្ធិ​របស់​អង្គការ​សង្គម​ស៊ីវិល​ ហើយ​ប្រជា​ពលរដ្ឋ​ម្នាក់ៗ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ប៉ុន្តែ​មិន​មែន​អាច​ធ្វើ​អ្វី​បាន​ទាំង​អស់​នោះ​ទេ​គឺ​ត្រូវ​តែ​គោរព​ទៅ​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា។​ លោក​បន្ថែម​ថា​ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​មិន​សុខ​ចិត្ត​រឿង​អ្វី​មួយ​គឺ​អាច​រក​មេធាវី​ក្នុង​ការ​ការពារ​ក្តី​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ។​

លោក​ថ្លែង​ថា៖ ​«ប៉ះ​ពាល់​សិទ្ធិ​របស់​គេ ។​ គេ​ហៅ​មក​សុំ​ទោស​មាន​ទៅ​ពិបាក​អ្វី!​អាហ្នឹង​ជា​រឿង​ធម្មតា។​ហើយ​ប្រជា​ធិបតេយ្យ​គេ​ហៅ​មក​សុំទោស​គេ​គឺ​ចប់​ហើយ​ចាំ​បាច់​ទៅ​រក​រឿង​អី។​ សិទ្ធិ​មាន​ព្រំដែន​មិន​មែន​សង្គម​ប្រជា​ធិបតេយ្យ​មាន​សិទ្ធិ​ប៉ាតណា​ប៉ាតណី​ឯ​ណា»។​

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក​អំសំអាត​ចាត់​ទុក​ថា​ការ​គំរាម​កំហែង​និង​ការ​រំលោភ​បំពាន​ការ​សន្ទនា​ជា​លក្ខណៈ​ឯកជនភាព​គឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សិទ្ធិ​យ៉ាង​ធ្ងន់ធ្ងរ។​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ធានា​នូវ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ពេល​លេញ​ដោយ​ស្រប​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​និង​បទដ្ឋាន​អន្តរជាតិ​នានា​ស្តី​អំពី​សិទ្ធិ​មនុស្ស​ដោយ​មិន​ត្រូវ​គំរាម​កំហែង​ឬ​បៀត​បៀន​នោះ​ទេ​ជា​ពិសេស​មិន​ត្រូវ​រំលោភ​ឯកជនភាព​ឬ​ការ​សន្ទនា​របស់​បុគ្គល​ណា​ម្នាក់​តាម​ប្រព័ន្ធ​អនឡាញ​នោះ​ទេ»។​

លោក​បញ្ជាក់​ថា៖ ​«សំណុំ​រឿង​មួយ​ចំនួន​នៅ​ក្នុង​តុលាការ​គេ​យក​ភស្តុតាង​នៃ​ការ​សន្ទនា​រវាង​ឯកជន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឬ​ប្រព័ន្ធ​អនឡាញ​នេះ​ធ្វើ​ជា​ភស្តុតាង​ក្នុង​ការ​ចោទ​ប្រកាន់​ទៅ​លើ​ជន​ដែល​ត្រូវ​ចោទ។​អ៊ីចឹង​យើង​ឃើញ​ថា​ករណី​នេះ​វា​ប៉ះពាល់​សិទ្ធិ​ធ្ងន់ធ្ងរ​ទាក់​ទង​នឹង​សិទ្ធិ​ឯកជនភាព​របស់​បុគ្គល​មួយៗ​ដែល​មាន​សិទ្ធិ​នៅ​ក្នុង​ការ​សន្ទនា​ជា​លក្ខណៈ​ឯកជន​ដែល​មិន​ត្រូវ​បាន​យាយី​បៀតបៀន​នោះ​ទេ»។​

លោក​អំ សំអាត​បន្ត​ថា​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​កំហិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច។​ ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​ផ្តល់​សិទ្ធិ​សេរីភាព​ពេញ​លេញ​ដល់​ប្រជា​ពលរដ្ឋ​នោះ​ទេ​ នោះ​រដ្ឋាភិបាល​នឹង​មិន​ចំណេញ​អ្វី​ឡើយ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​កម្ពុជា​អាច​នឹង​ខាត​បង់​ប្រយោជន៍​ក្នុង​ទំនាក់ទំនង​ការ​បរទេស​និង​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​ជា​ដើម។​

លោក​បញ្ជាក់​ថា៖ ​«ខ្ញុំ​គិត​ថា​ អាហ្នឹង​វា​មិន​មាន​អ្វី​ផ្តល់​ផល​ចំណេញ​ទេ​ការ​រឹតត្បិត​នៃ​សេរីភាព​សម្រាប់​ការ​បញ្ចេញ​មតិ​ឬ​ក៏​សេរីភាព​ក្នុង​ការ​ជួប​ជុំ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​នោះ។​ ផ្ទុយ​ទៅ​វិញ​អាច​នឹង​ត្រូវ​ទទួល​ការ​រិះគន់​ឬ​ក៏​ប៉ះពាល់​ទៅ​ដល់​ផល​ប្រយោជន៍​របស់​កម្ពុជា​យើង»។​

លោក​អំ សំអាត​ក៏​កត់​សម្គាល់​ដែរ​ថាស្ថាន​ភាព​នយោបាយ​តានតឹង​ក៏​ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ការ​រឹត​ត្បិត​ទៅ​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​និង​សេរីភាព​ផ្សេងៗ​ទៀត​ផង​ដែរ៕​