អង្គការលីកាដូអំពាវនាវរកការបរិច្ចាគសំឡីអនាម័យដល់ស្ត្រី​និងកុមារីក្នុង​ពន្ធនាគារ

រូបឯកសារ៖ សំឡី​អនាម័យ​សម្រាប់​កម្មវិធី​សប្បុរសធម៌ «Girls Helping Girls Period‍» ដែលត្រូវបានរៀបចំ​នៅ​សង្កាត់ South Orange រដ្ឋ New Jersey កាលពី​ថ្ងៃទី ៦ ខែ​មីនា ឆ្នាំ២០១៦។

អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​សប្បុរសជន​បរិច្ចាគ​សំឡី​អនាម័យ​ដើម្បី​ចែកចាយ​ដល់​ស្ត្រី និង​កុមារី​នៅ​ក្នុង​ពន្ធនាគារ​ប្រើប្រាស់​បាន​គ្រប់គ្រាន់ និង​អាច​គ្រប់គ្រង​វដ្ត​រដូវមាន​ប្រសិទ្ធភាព។

បើតាម​សារ​លើទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​លីកាដូ​នៅ​ថ្ងៃព្រហស្បតិ៍​នេះបញ្ជាក់​ថា ស្រ្តីនិង​កុមារី​ជាច្រើន​នាក់​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការប្រើប្រាស់​សំឡី​អនាម័យ​ស្រ្តី និង​មិន​អាច​គ្រប់គ្រង​វដ្ត​រដូវ​ប្រកប​ដោយ​សុវត្ថិភាព និង​សមរម្យ​បាន។

សារនោះបាន​ឲ្យ​ដឹងថា៖ «គម្រោង កុមារ​តាម​ម្តាយ​ក្នុង​ពន្ធនាគាររបស់​អង្គការ​លីកាដូ កំពុង​ធ្វើ​ការងារ​លើក​កម្ពស់​សិទិ្ធស្រ្តី និង​កុមារី​នៅ​ក្នុង​ពន្ធនាគារ និង​ខិតខំ​ព្យាយាម​ផ្តល់​ឲ្យ​អ្នក​ទាំង​នោះនូវ​សំឡី​អនាម័យ​ដោយ​ឥត​គិតថ្លៃ និង​លទ្ធភាព​ក្នុង​ការប្រើប្រាស់​សំឡី​អនាម័យឲ្យបាន​ជាប់​លាប់។ ហេតុ​ដូចនេះ​ហើយ យើងខ្ញុំ​ត្រូវ​ការ​ការគាំទ្រ​បន្ថែម​ពីអ្នក ដើម្បី​ឱ្យ​ការប្រឹង​ប្រែង​ខាង​លើ​ទទួល​បាន​ជោគជ័យ»។

​អង្គការ​លីកាដូ​បាន​បញ្ជាក់​នៅ​ក្នុងសារ​អំពាវនាវនោះឲ្យ​សប្បុរសជន​បរិច្ចាគ​កញ្ចប់​សំឡី​អនាម័យ​ថ្មី គ្រប់​ទំហំ ឬ​ម៉ាក នៅ​ការិយាល័យ​អង្គការ​លីកាដូ​ផ្ទាល់​ ដែល​មាន​អាសយដ្ឋាន ផ្ទះលេខ១៦ ផ្លូវលេខ៩៩ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ឬ​បរិច្ចាគ​ជា​ទឹកប្រាក់​តាមរយៈ​ប្រព័ន្ធ​ធនាគារ ឬ QR code ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​លីកាដូ ដើម្បី​ទិញ​សំឡី​អនាម័យ និង​ចែកចាយ​ដល់​ស្ត្រី និង​កុមារី​ក្នុង​ពន្ធនាគារ​ដោយ​តម្លាភាព។​

​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​ លីកាដូ​ លោក ​អំ សំអាត​ ប្រាប់​វីអូអេ​ថា ការ​រៃអង្គាស​ដើម្បី​ផ្គត់ផ្គង់​សំឡី​អនាម័យ​ដល់​ស្រ្តី​នៅ​ក្នុង​ពន្ធនាគារ​ គឺ​ជា​ការ​ចូល​រួម​ចំណែក​ជួយ​បំពេញ​ភាព​ខ្វះខាត​ក្នុង​ពន្ធនាគារ​ ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក​ថ្លែងថា៖ «សំឡី​អនាម័យ​វា​សំខាន់​សម្រាប់​ស្រ្តី​ដែល​ជា​កុមារី​ អ៊ីចឹង​លក្ខខណ្ឌ​ក្នុង​ពន្ធនាគារ​ជា​លក្ខខណ្ឌ​ចាំបាច់​បំផុត​ដែរ​សម្រាប់​ពួកគាត់ ​ទាក់ទង​នឹង​បញ្ហា​ទាំង​អស់​នេះ​ដើម្បី​សុខភាព​និង​អនាម័យ​។ យើង​ដឹង​ហើយ​ថា​ ពួកគាត់​ក្នុង​ពន្ធនាគារ​មិន​ដូច​ស្រ្តី ​និង​កុមារ​ដែល​នៅ​ខាង​ក្រៅ​ទេ ដែល​យើង​ចង់​បាន​ទៅ​រក​សំឡី​អនាម័យ​ទីណា​ក៏​បាន ឬ​ក៏​មជ្ឈដ្ឋាន​សុខភាព​ស្រ្តី​ពេល​ណា​ក៏​បាន​ អ៊ីចឹង​ក្នុង​ពន្ធនាគារ​មិន​ជាការ​ងាយស្រួល​ទេ វា​ជា​ផល​លំបាក​សម្រាប់​គាត់»។

លោក​ អំ សំអាត បាន​ថ្លែង​បន្ថែម​ថា បញ្ហា​នៃ​ការ​ខ្វះខាត​ក្នុង​ពន្ធនាគារ ​គ្រប់​ភាគី​ពាក់ព័ន្ធ​គួរ​តែ​ចូលរួម​ដើម្បី​ជួយឲ្យ​មាន​ភាព​ប្រសើរ​ឡើង។

អ្នកនាំ​ពាក្យអគ្គ​នាយកដ្ឋានពន្ធនាគារ​ លោក ឃៀង សុណាឌីន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​ពន្ធនាគារ​តែងតែ​ផ្តល់​របប​ផ្គត់ផ្គង់​ដល់​ស្រ្តី​ដែល​ជា​ជន​ជាប់​ឃុំជា​ប្រចាំ​ឆ្នាំ​។

លោក​ថ្លែងថា៖ «របប​សុខភាព​អនាម័យ​សម្រាប់​ស្រ្តី​នៅ​ក្នុង​ពន្ធនាគារ​ដែល​ជា​ជន​ជាប់​ឃុំ​ ខ្ញុំ​ចង់​បញ្ជាក់​ថា​ យើង​មាន​របប​ជា​ប្រចាំ​ឆ្នាំ​ ហើយ​ក្នុង​នោះ​ក៏​មាន​ការ​ស្នើសុំឲ្យមាន​ការ​គិត​គូរ​ផ្តល់​សំឡី​អនាម័យ​ជន​ជាប់​ឃុំ​ជា​ស្រ្តីដែរ ជា​របបដែល​រដ្ឋ​ផ្តល់ឲ្យ​ជា​ប្រចាំ​ឆ្នាំ»។​

លោក ឃៀង សុណាឌីន ក៏បាន​ស្នើឲ្យ​អង្គការ​លីកាដូ​បង្ហាញ​នូវទិន្នន័យឲ្យបាន​ច្បាស់​លាស់អំពីការ​ខ្វះខាត​សំឡី​អនាម័យនៅក្នុង​ពន្ធនាគារ​នីមួយៗ​។

បើតាម​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ លោក អំ សំអាត ​អង្គការ​លីកាដូ​បានសហការ​ជាមួយអគ្គនាយកដ្ឋាន​ពន្ធនាគារ​ដោយ​អនុវត្តការងារ​ជាមួយ​ពន្ធនាគារ​ចំនួន ​១៩​ ក្នុងចំណោមពន្ធនាគារ​ទូទាំង​ប្រទេស។ លោក​ថា ពន្ធនាគារ​ទាំង ១៩ ​នោះ​ ​មាន​ស្រ្តី​ចំនួន ២.៧៤០ នាក់ ក្នុងនោះ​កុមារីមាន​ចំនួន ១១៧ នាក់៕