ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក​អាច​ប្រែប្រួល​ក្រោយ​ពី​ម៉ិកស៊ិក​មាន​ប្រធានាធិបតី​ថ្មី

ប្រធានាធិបតី​ទើប​នឹង​ជាប់​ឆ្នោត​ថ្មី​របស់​ប្រទេស​ម៉ិកស៊ិក លោក Lopez Obrador​ ទទួល​ស្វាគមន៍​ពី​អ្នកគាំទ្រ​ម្នាក់ ​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​កក្កដា ​ឆ្នាំ ២០១៨។​

ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​មនុស្ស​មួយ​ចំនួន​ព្រួយ​បារម្ភ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​ថា លោក​ចង់​ធ្វើ​ការ​ដោយ​ជិតស្និទ្ធ​ជាមួយ​នឹង​លោក Andres Manuel Lopez Obrador ដែល​ជា​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី​របស់​ប្រទេស​ម៉ិកស៊ិក។

លោក Trump បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «យើង​បាន​និយាយ​អំពី​សន្តិសុខ​ព្រំដែន។ យើង​បាន​និយាយ​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​អាមេរិក​ខាង​ជើង NAFTA។ យើង​បាន​និយាយ​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេង​មួយ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក។ យើង​មាន​កិច្ច​ពិភាក្សា​គ្នា​ដ៏​ល្អ​មួយ។ ខ្ញុំ​គិត​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ក្លាយជា​ទំនាក់ទំនង​ដ៏​ល្អ​មួយ។ យើង​នឹង​រង់ចាំ​មើល​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង‍»។

លោក Trump ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក Lopez Obrador ប្រហែល​ជា​មាន​ឆន្ទៈ​ធ្វើ​ការ​ជាមួយ​នឹង​លោក​ដើម្បី​ពង្រឹង​ព្រំដែន​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក។

លោក Trump បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា លោក Lopez Obrador នឹង​ព្យាយាម​ជួយ​សហរដ្ឋ​អាមេរិក​រឿង​ព្រំដែន។ សហរដ្ឋ​អាមេរិក​មាន​ច្បាប់​ព្រំដែន និង​ច្បាប់​អន្តោប្រវេសន៍​អន់​បំផុត​ដែល​មិន​គួរ​ឲ្យ​ជឿ គឺ​អន់​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក»។

អ្នក​វិភាគ​មួយ​ចំនួន​បាន​និយាយ​ថា ការ​លើក​ឡើង​របស់​លោក​ប្រធានាធិបតី Trump អាច​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ភ្ជាប់​ទំនាក់ទំនង​ឡើង​វិញ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​ករណី​នោះ​អាច​កើត​ឡើង​តាម​របៀប​ណា​នោះ។

នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​របស់​លោក លោក Lopez Obrador បាន​រិះគន់​លើ​ការ​ទាមទារ​របស់​លោក Trump ដែល​ចង់​ឲ្យ​មាន​ការ​សាងសង់​ជញ្ជាំង​នៅ​តាម​បណ្ដោយ​ព្រំដែន​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក។ លោក Obrador ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ម៉ិកស៊ិក​នឹង​មិន​ចំណាយ​លើ​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​នោះ​ទេ។

លោក Ruben Olmos អ្នក​ជំនាញ​ខាង​ផ្នែក​ទំនាក់ទំនង​រវាង​ប្រទេស​ម៉ិកស៊ិក និង​សហរដ្ឋ​អាមេរិក និយាយ​ថា៖ «ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក​បាន​ធ្លាក់​ចុះ​ទាប​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ នៅ​ពេល​ដែល​ថ្លែង​សុន្ទរកថា​ទទួល​យក​ជ័យជំនះ​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត លោក Lopez Obrador បាន​និយាយ​ថា លោក​ចង់​ឲ្យ​ប្រទេស​ម៉ិកស៊ិក​មាន​ទំនាក់ទំនង​ដ៏​គួរ​ឲ្យ​គោរព​ជា​ទី​ពេញ​ចិត្ត​មួយ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​លោក​តែងតែ​ផ្ដល់​អាទិភាព​លើ​ប្រទេស​ម៉ិកស៊ិក​របស់​លោក‍​ជា​មុន»។

លោក Ruben Olmos សង្ឃឹម​ថា រដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​ម៉ិកស៊ិក​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​ប្រទេស​ម៉ិកស៊ិក​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​មាន​ភាព​ប្រសើរ​ឡើង ដោយសារតែ​នា​ពេល​បច្ចុប្បន្ន​នេះ ការ​ចរចា​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​អាមេរិក​ខាង​ជើង​ដែល​ហៅ​កាត់​ថា NAFTA កំពុង​តែ​ធ្វើ​ឡើង។

លោក Ruben Olmos បាន​បន្ថែម​ទៀត​ថា៖ «លោក Lopez Obrador បាន​និយាយ​ថា លោក​នឹង​តែងតាំង​ទីប្រឹក្សា​ពិសេស​មួយ​ចំនួន​ដែល​នឹង​ចាប់ផ្ដើម​ចូលរួម​នៅ​ក្នុង​ការ​ចរចា​អំពី​កិច្ច​ព្រមព្រៀង NAFTA បច្ចុប្បន្ន​នេះ‍»។

លោក Lopez Obrador និយាយ​ថា លោក​មាន​ឆន្ទៈ​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​នឹង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដើម្បី​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​សំខាន់ៗ​ដ​ទៃ​ទៀត ដែល​ក្នុង​នោះ​មាន​ទាំង​បញ្ហា​អន្តោប្រវេសន៍ និង​បញ្ហា​សន្តិសុខ​ព្រំដែន​ផង​ដែរ។ ប៉ុន្តែ អ្នក​ជំនាញ​ផ្សេង​ទៀត​ខ្លាច​ថា ទំនាក់ទំនង​រវាង​មេដឹកនាំ​ទាំង​ពីរ​អាច​មាន​បញ្ហា​ជាង​មុន‍។

លោក Michael Shifter អ្នក​ជំនាញ​ខាង​ផ្នែក​អាមេរិក​ឡាទីន បាន​និយាយ​ថា៖ «ទំនាក់ទំនង​រវាង​មេដឹកនាំ​ទាំង​ពីរ​ប្រហែល​ជា​អាច​កាន់តែ​យ៉ាប់យ៉ឺន​ឡើង​យ៉ាង​ហោច​ណាស់​នៅ​ត្រឹម​កម្រិត​វោហារសាស្ត្រ។ ប៉ុន្តែ ខ្ញុំ​គិត​ថា មាន​បញ្ហា​ប្រឈម​ជា​ច្រើន​សម្រាប់​ប្រទេស​ទាំង​ពីរ ដែល​អាច​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​មេដឹកនាំ​ទាំង​ពីរ​ខុស​ពី​ការ​គ្រោង​ទុក​ទាំង​ស្រុង។ ខ្ញុំ​គិត​ថា នៅ​ទី​បញ្ចប់ វា​នឹង​អាច​ទៅ​រួច ប៉ុន្តែ​វា​មាន​ការ​ប្រឈម។ យើង​ប្រាកដ​ជា​អាច​ឃើញ​មាន​បញ្ហា​ខ្លះ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ម៉ិកស៊ិក»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា