សភា​លីបង់​ជ្រើសរើស​មេបញ្ជាការ​កងទ័ព​ ធ្វើ​ជា​ប្រធានាធិបតី​ ដោយបញ្ចប់​ការ​ជាប់គាំង​រយៈ​ពេល​២ឆ្នាំ

មេបញ្ជាការ​កងទ័ព​ ​លោក Joseph Aoun បាន​មកដល់​ទីក្រុង Baabda កាលពីថ្ងៃទី​៩ មករា ឆ្នាំ២០២៥។

សភា​លីបង់​បាន​បោះឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ជ្រើសរើស​មេបញ្ជាការ​កងទ័ព​ ​លោក Joseph Aoun ឱ្យ​ធ្វើ​ជា​ប្រមុខរដ្ឋ​ ដែល​នេះ​ជា​ការ​បំពេញ​តួនាទី​ប្រធានាធិបតី​ដែល​នៅ​ទំនេរ​អស់​រយៈ​ពេល​ជាង​២ឆ្នាំ។

ការ​បោះឆ្នោត​ធ្វើ​ឡើង​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ដ៏​ផុយស្រួយ​ដែល​ផ្អាក​ជម្លោះ​រយៈ​ពេល​១៤ខែ​រវាង​អ៊ីស្រាអែល​និង​ក្រុម​សកម្មប្រយុទ្ធ​លីបង់​គឺ​ពួក Hezbollah ហើយ​នៅពេល​មួយ​ដែល​ក្រុមមេដឹកនាំ​លីបង់​កំពុង​ស្វែង​រក​ជំនួយ​អន្តរជាតិ​ដើម្បី​ការ​កសាង​ប្រទេស​ឡើងវិញ។

លោក Aoun ដែល​មិន​ជាប់សាច់ញាតិ​ជាមួយ​អតីត​ប្រធានាធិបតីលោក Michel Aoun ត្រូវបាន​គេ​មើលឃើញ​ថាជា​បេក្ខជន​ដែល​អាមេរិក​និង​អារ៉ាប៊ីសាអូឌីត​ពេញចិត្ត​ជាង ដែល​លីបង់​នឹង​ត្រូវ​ការ​ជំនួយ​ពី​ប្រទេស​ទាំងពីរនេះ​ ពេល​លីបង់​ចង់​កសាង​ប្រទេស​ឡើងវិញ។​

សម័យ​ប្រជុំនេះ​គឺជា​ការ​ប៉ុនប៉ង​លើកទី១៣​របស់​សភា​ដើម្បី​ជ្រើសរើស​អ្នកស្នង​តំណែង​លោក Michel Aoun ដែល​ចប់​អាណត្តិ​កាលពី​ខែ​តុលា​ ឆ្នាំ​២០២២៕