កាលពីថ្ងៃសុក្រ មេដឹកនាំពួក Hezbollah លោក Hassan Nasrallah បាននិយាយនៅក្នុងសុន្ទរកថាមួយដោយបង្ហាញថាក្រុមជ្រុលនិយមរបស់លោកជាអ្នកការពារខ្លាំងក្លាដល់ក្រុមជនសកម្មប្រយុទ្ធ Hamas ដែលកំពុងប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សាដោយមិនទាញប្រទេសលោកផ្ទាល់គឺប្រទេសលីបង់ឱ្យចូលក្នុងសង្គ្រាមពេញទំហឹងជាមួយអ៊ីស្រាអែល។
លោក Hassan ក៏បានបដិសេធដែរអំពីការទទួលខុសត្រូវណាមួយដល់ការសម្លាប់រង្គាលកាលពីថ្ងៃទី៧ ខែតុលា នៃមនុស្ស១៤០០នាក់ក្នុងប្រទេសអ៊ីស្រាអែលដោយបានពណ៌នាការណ៍នេះថាជាសកម្មភាព«១០០ភាគរយរបស់ប៉ាឡេស្ទីន»។ លោកក៏បាននិយាយដែរថាលោកឱ្យសហរដ្ឋអាមេរិកទទួលខុសត្រូវដោយផ្ទាល់អំពីសង្គ្រាមដែលបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់បាត់បង់ជីវិត។
លោក Nasrallah មិនបានប្រកាសអំពីបំណងចូលរួមក្នុងសង្គ្រាមនេះ ដូចមនុស្សខ្លះបារម្ភ ដោយនិយាយបង្ហាញហេតុផលថា តាមរយៈការបាញ់រ៉ុក្កែតនិងកាំភ្លើងធំតតាំងជាមួយអ៊ីស្រាអែលអស់រយៈពេលជាច្រើនសប្តាហ៍ ពួក Hezbollah បានចូលរួមក្នុងសង្គ្រាមនេះរួចទៅហើយ។ លោកបានថ្លែងថាអាចមានកំណើនភាពតានតឹងនៅតាមព្រំដែនលីបង់ ប៉ុន្តែពួកអ្នកវិភាគបានកត់សម្គាល់ថា លោកមិនបានពណ៌នាអំពីវិធានការជាក់លាក់ដែលក្រុម Hezbollah នឹងធ្វើទេ។
ទាំងពួក Hezbollah និងក្រុម Hamas ដែលគាំទ្រដោយអ៊ីរ៉ង់បានប្តេជ្ញាថានឹងបំផ្លាញអ៊ីស្រាអែល។
សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានចាត់ទុកក្រុមទាំងពីរនេះថាជាអង្គការភេរវកម្ម។
ក្រុមអ្នកវិភាគបាននិយាយប្រាប់វីអូអេថា លោក Nasrallah ហាក់ដូចជាបានសម្រួលសុន្ទរកថារបស់លោកដោយបានពិចារណាថាប្រទេសលីបង់មិនអាចទ្រាំទ្រនឹងការបំផ្លិចបំផ្លាញដូចដែលកើតមាននៅហ្កាហ្សាបានទេ ពីព្រោះប្រទេសនេះកំពុងជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ច។
ពាក់ព័ន្ធនឹងជួរមុខលីបង់នៅជាប់ព្រំដែនខាងជើងនៃប្រទេសអ៊ីស្រាអែល លោក Nasrallah បាននិយាយថា៖ «យើងមានជម្រើសជាច្រើន ហើយយើងសិក្សាលើជម្រើសទាំងអស់។ យើងត្រូវតែត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ជម្រើសទាំងអស់ដែលអាចកើតមានក្នុងពេលខាងមុខ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ