ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេសិត​​​​​អ៊ីស្រាអែល​​ប្រចាំ​​​​​​​ប្រទេស​រុស្ស៊ី​​ថា ​អ្នក​ដំណើរ​មក​ពី​ក្រុង​​ Tel Aviv ​បានលាក់ខ្លួន​​ពី​កុបកម្ម​​នៅអាកាសយានដ្ឋាន​​កាលពី​​ចុង​សប្តាហ៍​​​​មុននៅ​ក្នុង​​អគារ​​អ្នក​​ដំណើរ


​អ្នក​ដំណើរ​មក​ពី​ក្រុង​​ Tel Aviv ​បានលាក់ខ្លួន​​ពី​កុបកម្ម​​នៅអាកាសយានដ្ឋាន​​ក្នុង​ទីក្រុង Makhachkala ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣។
​អ្នក​ដំណើរ​មក​ពី​ក្រុង​​ Tel Aviv ​បានលាក់ខ្លួន​​ពី​កុបកម្ម​​នៅអាកាសយានដ្ឋាន​​ក្នុង​ទីក្រុង Makhachkala ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣។

កាល​ពី​ថ្ងៃ​ពុធទី១ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំទីក្រុង​មូស្គូ​បានផ្តល់​សេចក្តី​លម្អិត​ថ្មីៗអំពី​កុបកម្មកាលពីចុងសប្តាហ៍​នៅឯអាកាសយានដ្ឋាន​មួយក្នុង​ផ្នែក​ខាង​ត្បូង​នៃប្រទេសរុស្ស៊ី​នៅ​ពេលយន្តហោះ​មួយ​គ្រឿងមក​ពី​ក្រុង Tel Aviv ​បានចុះចត​នៅទី​នោះ ដោយនិយាយថាពួក​អ្នក​ដំណើរ​ត្រូវ​តែ​លាក់ខ្លួន​ក្នុង​អគារអ្នក​ដំណើរឬ Terminal នៅមុនពេលត្រូវ​បានដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រទៅកន្លែង​មានសុវត្ថិភាព។

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលលោក​ Alexander Ben Zvi ​បាន​បន្ទោស​ចលាចល​កាល​ពី​យប់ថ្ងៃអាទិត្យ​ ទី២៩ ខែតុលា​ លើ​ពួកជ្រុលនិយមដោយសារ​មាន«ការ​បញ្ចូល​លទ្ធិ»នៅក្នុងសាធារណរដ្ឋ​ Dagestan ដែល​ពលរដ្ឋនៅ​ទីនោះ​សុទ្ធសឹង​តែ​ជា​អ្នកកាន់​សាសនាឥស្លាម។ ប៉ុន្តែលោកបាននិយាយថា សរុបទៅ​ គ្មានការប្រឆាំងនឹង​ក្រុម​ជនអំបូរ​ជ្វីហ្វ«ក្នុងកម្រិតមានការរៀបចំ»​នៅក្នុងប្រទេសរុស្ស៊ីទេ។ ទោះជា​យ៉ាង​នេះ​ក្តី លោកក៏​បានបន្ថែមថាអាជ្ញាធរ​គួរ​គិតគូរ​អំពីឧប្បត្តិហេតុនេះឱ្យ​បានម៉ត់ចត់​ដើម្បីកុំឱ្យសកម្មភាពបែបនេះ​រាលដាល​បាន។

លោក Ben Zvi បាន​និយាយប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន The Associated Press នៅ​ក្នុងបទសម្ភាសន៍​មួយ​តាម​ប្រព័ន្ធអ៊ីនធើណិត​ពី​ទីក្រុង​មូស្គូថា «ជាការពិត តែង​តែមាន​ការ​ប្រឆាំង​នឹង​ក្រុម​ជនអំបូរ​ជ្វីហ្វនៅ​កម្រិត​ប្រចាំថ្ងៃ។ អ្វី​ដែល​សំខាន់​គឺ​ថា​វាមិនរាលដាល​ទៅ​ជា​អ្វី​ដែល​យើង​បានឃើញនៅទីក្រុង Makhachkala ទេ។ ប្រសិនបើ​អ្វី​ទាំងអស់នេះអាច​គ្រប់គ្រង​បាន ខ្ញុំ​យល់ថានឹង​មិនមានបញ្ហា​ទេ»។​

ហ្វូងមនុស្សបាន​ឆ្មក់ចូលលុកលុយ​ក្នុង​អាកាសយានដ្ឋាន​រដ្ឋធានី Makhachkala នៃសាធារណរដ្ឋ​ Dagestan​ ដែល​ជាផ្នែកមួយ​នៃ​ប្រទេស​រុស្ស៊ី​នៅ​ពេល​យន្តហោះមួយ​គ្រឿងមក​ពី​អ៊ីស្រាអែល​បានចុះចត​នៅទីនោះ។ បុរស​រាប់រយនាក់​ ដែល​ខ្លះមាន​កាន់បដា​ប្រកប​ដោយ​ពាក្យ​ស្លោកប្រឆាំង​នឹងក្រុម​ជនអំបូរ​ជ្វីហ្វ​បានប្រញាប់ប្រញាល់​ទៅ​កន្លែងយន្តហោះ​ចុះចតដើម្បី​រក​អ្នក​ដំណើរ​អ៊ីស្រាអែល។ អាជ្ញាធរបានចំណាយ​ពេល​បីបួនម៉ោង​ដើម្បីបំបែក​ហ្វូង​មនុស្សនោះ ដែល​បាន​គប់ដុំថ្មដាក់​ប៉ូលីស។

មានមនុស្ស​យ៉ាង​ហោចណាស់២០នាក់ ទាំង​ប៉ូលីស​និង​ជនស៊ីវីលបានរង​របួស​ ហើយមនុស្សជាង​៨០នាក់​ត្រូវបានឃាត់ខ្លួន។ គណៈកម្មាធិការស៊ើបអង្កេត​នៃប្រទេស​រុស្ស៊ី​បាន​បើកធ្វើ​ការ​ស៊ើបអង្កេតអំពីការចោទប្រកាន់ស្តី​ពីការរៀបចំ​ឱ្យមាន​ចលាចល។

អាជ្ញាធរ​នៅសាធារណរដ្ឋ​ Dagestan បាននិយាយថា មនុស្ស១៧នាក់​ត្រូវ​បាន​កាត់ទោស​ពីបទ​ប្រព្រឹត្ត​អំពើ​ហិង្សា​តិចតួច​និងពី​បទចូល​រួមក្នុង​ព្រឹត្តិការណ៍​មហាជន​ដែល​គ្មាន​ការអនុញ្ញាត​ ហើយ​ទោសទាំង​អស់នេះ​មិនមែនជា​ការ​ចោទប្រកាន់​បទព្រហ្មទណ្ឌទេ។ ក្នុង​ចំណោម​អ្នកទាំង១៧នាក់ មនុស្ស១៥នាក់​ត្រូវ​ឃុំខ្លួន​រយៈពេល​ខ្លី ហើយ​មនុស្សពីរនាក់​ទៀត​ត្រូវបានបញ្ជា​ឱ្យ​ធ្វើ​ការងារសម្រាប់កែប្រែ​ខ្លួន។

គេ​មិនទាន់​ដឹង​ថា​តើ​មនុស្សរាប់សិបនាក់​ទៀត​ត្រូវ​ឃាត់ខ្លួន​កាលពី​យប់ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន​ អាចប្រឈមនឹងការ​ចោទ​ប្រកាន់​ណា​មួយឬ​ថា​តើ​ពួកគេ​នឹង​ត្រូវ​ស៊ើបអង្កេតពីបទ​ព្រហ្មទណ្ឌ​ឬទេ។

លោក​ Ben Zvi បាននិយាយថា មនុស្សជាង៣០នាក់ក្នុងយន្តហោះ​នោះជា​ពលរដ្ឋអ៊ីស្រាអែល ​ហើយ​គ្មាននរណា​ម្នាក់​ត្រូវរបួសទេ។

លោកបានថ្លែងថានៅ​ពេលពួក​អ្នក​ដំណើរ​ទាំង​នេះចេញ​ពីយន្តហោះ ហើយឆ្លង​កាត់ផ្នែក​ត្រួត​មើលលិខិតឆ្លង​ដែន«ពួកគេ​បាន​ជួប​ភាព​ប្រទះ​ចលាចល»។

លោក​បានបន្ថែម​ថា​៖ «នៅទី​បញ្ចប់ ភាគ​ច្រើន​បំផុតនៃ​អ្នកដំណើរ​ទាំង​នេះបាន​លាក់ខ្លួន​និងស្ថិតនៅ​ក្នុង​បន្ទប់សម្រាប់បុគ្គល​សំខាន់​ក្នុងមួយរយៈពេល»រហូតដល់ពួក​គេ​អាច​ត្រូវ​ដឹក​ជញ្ជូន​តាមឧទ្ធម្ភាគចក្រទៅ​កាន់​អគារ​បិទជិត​មួយ។

លោក Zvi បាននិយាយ​ថា ក្រោយ​ពី​បានចំណាយពេលមួយយប់នៅ​ទី​នោះ​ ពួក​អ្នក​ដំណើរ​ទាំង​នេះត្រូវបានដឹក​តាម​ឧទ្ធម្ភាគចក្រទៅ​កាន់​ក្រុង​ Mineralnye Vody នៅ​ក្នុង​តំបន់ Stavropol ដែល​នៅជិតខាង​ ហើយ​ពីទី​នោះ​ពួក​គេ​បានបន្តដំណើរ​ទៅ​ទៀត។

លោក​ប្រធានាធិបតី Vladimir Putin ​បានបន្ទោស​«ពួកភ្នាក់ងារ​សេវាពិសេសរបស់ពួក​ប្រទេសលោកខាងលិច​»នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ថាបាន​បង្ក​ឱ្យមាន​ភាព​ចលាចល​នេះ ដោយ​លោក​និយាយ​ដោយ​មិនបានផ្តល់ភស្តុតាងថា ពួក​គេបានបង្ក​ការប្រព្រឹត្ត​ដូចកម្រោល​ចូល​នៅសាធារណរដ្ឋ Dagestan ដើម្បី​ធ្វើឱ្យ​រុស្ស៊ី​ចុះអន់​ខ្សោយ។

អ្នក​នាំ​ពាក្យក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិកលោក John Kirby ​បាន​ហៅការចោទប្រកាន់របស់លោក Putin ថា​ជា «វោហារ​សាស្ត្រ​ដដែល​តាំង​ពី​នាយ​របស់​រុស្ស៊ី»​ដោយលោកបានបន្ថែមថា«ពួក​បស្ចិម​ប្រទេស​គ្មាន​ទាក់ទិនអ្វីនឹងហេតុការណ៍​នេះ​ទេ»។ លោក Kirby បាន​រិះគន់លោក Putin ថា​មិនបាន​ថ្កោលទោស​អំពើ​ហិង្សា​នេះ​ ដែលលោក​ពណ៌នា​ថាជា«​ការ​បង្ហាញ​សម្អប់»។

លោក Ben Zvi បាននិយាយថា​លោក​មិនមាន​ព័ត៌មាន​ថា​ចលាចលនេះ​ត្រូវ​បានរៀបចំពី​ប្រទេស​ក្រៅ​ទេ។

នៅក្នុងបទសម្ភាសន៍​ជា​មួយ​ទីភ្នាក់ងារសារព័ត៌មាន​ AP លោក Ben Zvi បានថ្លែងថា​ទំនាក់ទំនងរបស់ប្រទេសលោក​ជា​មួយនឹងប្រទេសរុស្ស៊ីមាន​ភាពធម្មតា​នៅ​ពេលមានសង្គ្រាម​រវាង​អ៊ីស្រាអែល​និងពួក​ហាម៉ាស់ ទោះ​ជា​មាន​ការខ្វែង​គំនិតគ្នា​អំពី​គោលនយោបាយខ្លះ​របស់វិមានក្រឹមឡាំងនៅ​មជ្ឈឹម​បូព៌ា​ក៏​ដោយ។

លោកបាន​និយាយ​ថា៖ «ទំនាក់ទំនង​នេះមានឡើង មានចុះ។​ ​យើង​មិនមែនតែងតែ​ពេញ​ចិត្ត​ជា​មួយគោលជំហរ​រុស្ស៊ី​ទេ ហើយរុស្ស៊ី​ក៏មិនតែងតែសប្បាយ​ចិត្ត​ជាមួយ​គោលជំហរ​យើងដែរ។ ​យើងបាន​ប្រាប់គ្នា​ទៅ​វិញ​ទៅមក»។ លោក​បាន​ថ្លែង​ដោយលើក​យក​ទស្សនកិច្ចកាល​ពី​ពេល​ថ្មីៗនេះរបស់​គណៈប្រតិភូ​ហាម៉ាស់​មួយ​ទៅកាន់​ទី​ក្រុងមូស្គូ​ជា​ឧទាហរណ៍នៃ​អ្វី​ដែល​អ៊ីស្រាអែល«មិនចូលចិត្ត​» នោះទេ៕

ប្រែសម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG