ប្រធានាធិបតី​លីបង់​​ចង់ជួបជាមួយ​ក្រុម​បាតុករ

លោក​ប្រធានាធិបតី​លីបង់ Michel Aoun ថ្លែង​ទៅកាន់​ប្រជាជាតិ​លីបង់​នៅ​សេតវិមាន​ Baabda កាលពី​ថ្ងៃទិ​២៤ ខែតុលា ឆ្នាំ២០១៩។

កាលពី​ថ្ងៃព្រហស្បតិ៍​លោក​ប្រធានាធិបតី​លីបង់ Michel Aoun បានសម្តែង​បំណង​ចង់​ជួប​ជាមួយ​ពួក​បាតុករ​ដើម្បី​ពិភាក្សា​អំពី​ដំណោះស្រាយវិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​និងពន្ធដារ​ត្រូវស្នើថ្មីៗ​ដែល​នាំ​ឱ្យមានបាតុកម្ម​នៅ​ទូទាំងប្រទេស។

សេចក្តី​ប្រកាសនេះ​របស់​លោក​ Aoun មានឡើង​នៅក្នុង​សុន្ទរកថា​មួយ​ដែលលោកបានថ្លែងតាមទូរទស្សន៍​ផ្សាយ​ពេញប្រទេស​ដែលនៅ​ក្នុងនោះលោក​បានសន្យា​ថា​នឹង​ធ្វើការឆ្ពោះទៅកាន់​កំណែទម្រង់​ខ្លាំងក្លា​ដោយមានរួម​បញ្ចូល«សេចក្តី​ត្រូវការពិនិត្យ​សើរើ​រដ្ឋាភិបាល​បច្ចុប្បន្ន»ផងដែរ។

អត្ថាធិប្បាយ​ទាំងនេះរបស់លោក Aoun ជា​អត្ថាធិប្បាយ​ដំបូងៗ​របស់លោក​ចាប់តាំង​ពី​មានបាតុកម្ម​កាលពី​ថ្ងៃទី១៧ខែ​តុលា​ហើយ​ចាប់តាំង​ពី​ពេលនោះ​មក​បានក្លាយ​ទៅជា​ការបះបោរនៅ​ទូទាំង​ប្រទេស​ប្រឆាំងនឹងពួកមេដឹកនាំ​រដ្ឋា​ភិបាល​ដែលក្រុម​បាតុករ​ចោទប្រកាន់ថា​ពុក​រលួយនិង​ចាត់ចែង​កិច្ច​ការ​មិន​ល្អ។

ប្រធានាធិបតី​លីបង់​រូបនេះ​បានថ្លែងថា​លោកនឹង​គាំទ្រ​ច្បាប់ថ្មីៗដើម្បី​បំបាត់​អំពើ​ពុក​រលួយដោយ​មានរួមបញ្ចូល​ច្បាប់លប់ចោល​ការសម្ងាត់​រវាងធនាគារនិងការមិន​អនុញ្ញាតឱ្យមាន​អភ័យឯកសិទ្ធិ​សម្រាប់ប្រធានាធិបតី ពួក​រដ្ឋមន្ត្រី​ក្នុង​គណៈ​រដ្ឋមន្ត្រី​និងពួក​សមាជិក​សភា។

លោក​នាយករដ្ឋមន្ត្រី​ Saad Hariri បានលាត​ត្រដាង​កញ្ចប់​កំណែ​ទម្រង់សេដ្ឋកិច្ច​មួយកាល​ពី​ថ្ងៃចន្ទ​ដែលបាន​ត្រូវ​រចនា​ឡើង​ដើម្បីធ្វើឱ្យ​សេដ្ឋកិច្ច​មាន​ដំណើរ​ការល្អឡើងវិញ ដោយ​មានរួម​បញ្ចូល​ទាំង​ការកាត់​បន្ថយ​ប្រាក់​បៀវត្សរ៍​រដ្ឋមន្ត្រី​ផង​ដែរ។

ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ក៏ក្រុមបាតុករ​បានបរិហាររិះគន់សំណើ​ទាំង​នេះថា​ជា​ការសន្យាទទេរត្រូវរចនា​ឡើង​ដើម្បី​បំបាត់​បាតុកម្មដែលនៅតែ​ធ្វើឱ្យ​គាំងដំណើរ​នៅ​ក្នុងក្រុង Beirut និង​ក្រុងធំៗឯទៀតៗនៃ​ប្រទេសលីបង់៕