នាយករដ្ឋមន្ត្រីលីបង់លោក Najib Mikati កាលពីថ្ងៃសុក្របានរិះគន់ «ការពង្រីក» ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ថាជាសញ្ញាបង្ហាញថាអ៊ីស្រាអែលប្រឆាំងកិច្ចប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយសម្រាប់សង្គ្រាមរយៈពេលជាងមួយខែមកនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Mikati បាននិយាយថា៖«ការពង្រីកជាថ្មីរបស់យោធាអ៊ីស្រាអែលនូវទំហំនៃការឈ្លានពានរបស់ខ្លួនលើតំបន់នានារបស់ប្រទេសលីបង់ ការគំរាមកំហែងម្ដងហើយម្ដងទៀតរបស់អ៊ីស្រាអែលឱ្យប្រជាជនលីបង់ជម្លៀសចេញពីទីក្រុងនិងភូមិនានា និងការវាយឆ្មក់បង្ហិនបង្ហោចជាថ្មីលើតំបន់ជាយក្រុងនានានៅភាគខាងត្បូងទីក្រុងបេរូតគឺជាសញ្ញាបង្ហាញថាយោធាអ៊ីស្រាអែលប្រឆាំងនឹងកិច្ចប្រឹងប្រែងទាំងអស់ដែលកំពុងធ្វើឡើងដើម្បីឱ្យមានបទឈប់បាញ់»។
ការលើកឡើងរបស់លោក Mikati នេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានជួបពិភាក្សាជាមួយមន្ត្រីសហរដ្ឋអាមេរិកអំពីកិច្ចព្រមព្រៀងដែលអាចទៅរួចដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសលីបង់។
លោក Mikati បានបន្ថែមថា ឥរិយាបថការទូតរបស់អ៊ីស្រាអែលបានបង្ហាញថាអ៊ីស្រាអែលបានច្រានចោលនូវបទឈប់បាញ់។
តាំងពីការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់បានរីករាលដាលនៅថ្ងៃទី ២៣ ខែកញ្ញាមក សង្គ្រាមនេះបានសម្លាប់មនុស្សយ៉ាងតិច ១.៨២៩ នាក់នៅក្នុងប្រទេសនោះ។ នេះបើយោងតាមតួលេខរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើតួលេខរបស់ក្រសួងសុខាភិបាលលីបង់៕