នាយករដ្ឋមន្ត្រីលីបង់ លោក Saad Hariri បានមានប្រសាសន៍ថា លោកនឹងធ្វើដំណើរពីប្រទេសអារ៉ាប៊ីសាអូឌីតទៅកាន់ប្រទេសលីបង់វិញក្នុងរយៈពេល២ថ្ងៃទៀត។ នៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីត លោកបានប្រកាសអំពីការលាលែងពីតំណែងដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៤ ខែវិច្ឆិកា កន្លងទៅនេះ។
ដោយសរសេរនៅលើបណ្តាញសង្គម Twitter ជាលើកដំបូងក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ លោក Hariri បានធានាដល់អ្នកគាំទ្ររបស់លោកថា លោកសុខសប្បាយធម្មតាទេ ហើយថា លោកនឹងត្រឡប់ទៅវិញតែម្នាក់ឯង មិនមានក្រុមគ្រួសារទៅជាមួយទេ។ លោកនិយាយថា ក្រុមគ្រួសាររបស់លោកនឹងស្នាក់នៅក្នុង«ផ្ទះរបស់ពួកគេ» នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
ក្រុមមន្ត្រីរដ្ឋាភិបាលនៅក្នុងក្រុងបេរុត បាននិយាយថា ពួកគេជឿថា លោក Hariri កំពុងត្រូវបានឃុំខ្លួននៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីត ក្នុងអំឡុងពេលដែលមានវិបត្តិកាន់តែធ្ងន់ធ្ងរដែលជំរុញឲ្យប្រទេសលីបង់ ប្រឈមនឹងជម្លោះរវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់។
ប្រធានាធិបតីលីបង់ លោក Michel Aoun បានបដិសេធមិនព្រមទទួលការលាលែងពីតំណែងរបស់លោក Hariri នោះទេ រហូតទាល់តែលោក Hariri ត្រឡប់មកកាន់ប្រទេសលីបង់វិញ។ ការលាលែងពីតំណែងនេះស្ថិតក្នុងស្ថានភាពមួយដែលមានអាថ៌កំបាំង។
ប្រទេសអារ៉ាប៊ីសាអូឌីតបានគាំទ្រលោក Hariri និងសម្ព័ន្ធមិត្តរបស់លោក ក្នុងអំឡុងពេលដែលមានជម្លោះនយោបាយនៅក្នុងប្រទេសលីបង់ ជាមួយនឹងក្រុមឧទ្ទាម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់។
នៅក្នុងសុន្ទរកថាលាលែងពីតំណែងដែលត្រូវបានផ្សាយលើកញ្ចក់ទូរទស្សន៍ពីប្រទេសអារ៉ាប៊ីសាអូឌីតមក លោក Hariri បានថ្កោលទោសប្រទេសអ៊ីរ៉ង់ និងក្រុមឧទ្ទាម Hezbollah ចំពោះការបង្កឲ្យមានភាពមិនចុះសម្រុងគ្នារវាងប្រទេសអារ៉ាប់ ហើយលោកក៏បាននិយាយថា លោកមានការភ័យខ្លាចថា មានគេចង់ធ្វើឃាតលោកផងដែរ។ ឪពុករបស់លោក គឺលោកអតីតនាយករដ្ឋមន្ត្រី Rafic Hariri ត្រូវបានសម្លាប់កាលពីឆ្នាំ២០០៥នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមួយ៕