អ្នកវិភាគបារម្ភពីការជាប់ពាក់ព័ន្ធរបស់លីបង់ជាមួយក្រុមហេសបូឡានិងក្រុមហាម៉ាស់នាពេលអនាគត

រូបឯកសារ៖ ទិដ្ឋភាព​ថតពី​​ភូមិ Tayr Harfa ក្នុង​ប្រទេស​លីបង់​ជាប់​ព្រំដែន​ប្រទេស​អ៊ីស្រាអែល​ បង្ហាញ​ផ្សែង​ខ្មៅ​ដែល​កើត​ចេញ​ពី​ការ​បាញ់​រ៉ុក្កែត​ដោយ​ក្រុម​ Hezbollah កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

កាលពី​ថ្ងៃ​ទី ១៥ ខែ​ធ្នូ​កន្លង​ទៅ​នេះ រដ្ឋសភា​លីបង់​បាន​បោះឆ្នោត​យល់ព្រម​ឱ្យ​លោក Joseph Aoun បន្ត​អាណត្តិ​ជា​មេបញ្ជាការ​កងទ័ព​លីបង់​សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ទៀត។

អ្នកវិភាគ​និយាយ​ថា វិធានការ​នេះ​បាន​បញ្ចៀស​វិបត្តិ​នៅ​ក្នុង​តួនាទី​ដឹកនាំ​ដ៏​សំខាន់​នេះ នៅ​ពេល​ដែល​ប្រទេស​នេះ​នៅ​មិន​ទាន់​មាន​ប្រធានាធិបតី​នៅឡើយ​និង​មាន​តែ​ក្រុម​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ចាំផ្ទះ​ប៉ុណ្ណោះ ដោយសារ​តែ​ក្រុម​នយោបាយ​នានា​មិន​អាច​ឯកភាព​គ្នា​ថា​តើ​បេក្ខជន​រូប​ណា​ដែល​អាច​ធ្វើ​ជា​ប្រធានាធិបតី​បាន​តាំងពី​ពេល​ដែល​អាណត្តិ​របស់​លោក​អតីត​ប្រធានាធិបតី Michel Aoun បាន​បញ្ចប់​ទៅ​កាលពី​ឆ្នាំ​មុន​មក។

អរិភាព​បាន​កើតឡើង​នៅ​តាម​ព្រំដែន​របស់​ប្រទេស​លីបង់​ជាមួយ​នឹង​អ៊ីស្រាអែល។ អរិភាព​នេះ​បង្ក​ឡើង​ដោយ​ក្រុម​ជីវពល​ហេសបូឡា (Hezbollah) ដែល​កាន់​សាសនា​អ៊ិស្លាម​និកាយ​ស៊ីអ៊ីត​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់។ ក្រុម​នេះ​បំពាក់​ដោយ​អាវុធ​យ៉ាង​ច្រើន​និង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ក្រុម​ដែល​មាន​អំណាច​ផ្នែក​យោធា​ខ្លាំង​ជាង​កងទ័ព​លីបង់​ទៅ​ទៀត។ ក្រុម​នេះ​ទទួល​បាន​ការ​ហ្វឹកហ្វឺន​យ៉ាង​ល្អ និង​មាន​មីស៊ីលប្រហែល ១៥០.០០០ គ្រាប់។

កាលពី​ថ្ងៃ​ទី ២៧ ខែ​ធ្នូ​កន្លង​ទៅ​នេះ ការ​បាញ់​គ្រាប់​រ៉ុក្កែត​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ដ៏​ខ្លាំងក្លា​រវាង​ក្រុម​ហេសបូឡា​និង​អ៊ីស្រាអែល​បាន​កើតឡើង​បន្ទាប់ពី​សមាជិក​ក្រុម​ហេសបូឡា​ម្នាក់​និង​មនុស្ស ២ នាក់​ទៀត​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ដែល​គេ​សង្ស័យ​ថា​ធ្វើ​ឡើង​ដោយ​អ៊ីស្រាអែល។

លោក Benny Gantz ដែល​ជា​សមាជិក​ខុទ្ទកាល័យ​សង្គ្រាម​របស់​អ៊ីស្រាអែល បាន​ព្រមាន​លីបង់​ខ្លាំងៗ ដោយ​លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «ប្រសិនបើ​ពិភពលោក​និង​រដ្ឋាភិបាល​លីបង់​មិន​ចាត់​វិធានការ​ទប់ស្កាត់​ការ​បាញ់​ប្រហារ​លើ​ពលរដ្ឋ​អ៊ីស្រាអែល​នៅ​ភាគ​ខាង​ជើង​និង​រុញ​ក្រុម​ហេសបូឡា​ចេញ​ពី​ព្រំដែន​នោះទេ នោះ​យោធា​អ៊ីស្រាអែល​នឹង​ធ្វើ​រឿង​នេះ​ដោយ​ខ្លួន​ឯង»។

អ្នកស្រី Dania Koleilat Khatib ដែល​ជា​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​និង​ការ​កសាង​សន្តិភាព (Research Center for Cooperation and Peace Building) នៅ​ទីក្រុង​បេរូត​នៃ​ប្រទេស​លីបង់ បាន​ប្រាប់ VOA ថា អ្នកស្រី​មើល​ឃើញ​ថា អ៊ីស្រាអែល​កំពុង​ធ្វើ​ការ​ប្ដេជ្ញាចិត្ត​ថា​តើ​នឹង​មាន​ស្ថានការណ៍​វិវត្តន៍​កាន់តែ​អាក្រក់​ឬ​យ៉ាងណា​ជាមួយ​នឹង​ប្រទេស​លីបង់។

អ្នកស្រី​បាន​បន្ថែម​ថា លោក​មេបញ្ជាការ Aoun កំពុង​កាន់​តួនាទី​ដ៏​លំបាក​មួយ។

អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «តើ​កងទ័ព​លីបង់​អាច​រារាំង​សង្គ្រាម​បាន​ឬ​ទេ? លោក Aoun មិន​អាច​រារាំង​បាន​ទេ។ ប៉ុន្តែ​សហគមន៍​អន្តរជាតិ​ទុក​ចិត្ត​លោក ហើយ​គេ​ជឿ​ថា​លោក​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ប្រសើរ​ជាង​ពេល​គ្មាន​មេបញ្ជាការ។ កន្លង​មក កងទ័ព​លីបង់​មាន​លទ្ធភាព​រារាំង​ក្រុម​ប៉ាឡេស្ទីន​នៅ​តាម​ព្រំដែន​ដែល​ព្យាយាម​វាយប្រហារ​លើ​អ៊ីស្រាអែល។ លោក Aoun បាន​បញ្ឈប់​ពួកគេ ហើយ​ពួក​យោធា​កំពុង​ព្យាយាម​រក្សា​នូវ​តំបន់​ទ្រនាប់»។

អ្នកស្រី Maha Yahya ប្រធាន​មជ្ឈមណ្ឌល Carnegie Middle East Center នៅ​ទីក្រុង​បេរូត បាន​ថ្លែង​ក្នុង​សិក្ខាសាលា​តាម​អនឡាញ​មួយ​ដោយ​លើកឡើង​ពី​ក្ដី​បារម្ភ​អំពី​លទ្ធភាព​ដែល​សមាជិក​ក្រុម​ហាម៉ាស់ (Hamas) អាច​ចូល​មក​ក្នុង​ប្រទេស​លីបង់​នៅ​ក្រោយ​សង្គ្រាម និង​អំពី​សកម្មភាព​យោធា​ប៉ាឡេស្ទីន​នៅ​ក្នុង​ប្រទេស​នេះ។

អ្នកស្រី​និយាយ​ដូច្នេះ​ថា៖ «ករណី​នេះ​នឹង​មាន​ឥទ្ធិពល​ខ្លាំងក្លា​ទៅ​លើ​ទិដ្ឋភាព​នយោបាយ​របស់​លីបង់។ កាលពី​ពេល​ថ្មីៗ​នេះ យើង​ឃើញ​មាន​ការ​អំពាវនាវ​ជាច្រើន​ដើម្បី​ជ្រើសរើស​យុវជន​ប៉ាឡេស្ទីន​នៅ​ក្នុង​ទឹកដី​លីបង់។ ករណី​នេះ​បង្ក​ឱ្យ​មាន​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​សាធារណជន​លីបង់»។

អ្នកស្រី Yahya បាន​បន្ត​ថា លីបង់​នៅ​ដិតដាម​ដោយ​អនុស្សាវរីយ​ឈឺចាប់​ថ្មីៗ​នៅឡើយ​អំពី​សកម្មភាព​យោធា​របស់​ប៉ាឡេស្ទីន​នៅ​មុន​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​លីបង់​រវាង​ឆ្នាំ ១៩៧៥ និង​ឆ្នាំ ១៩៩០ និង​ការ​ឈ្លានពាន​របស់​អ៊ីស្រាអែល​លើ​ប្រទេស​នេះ​កាលពី​ឆ្នាំ ១៩៨២។

អ្នកស្រី​បាន​បន្ថែម​ថា ទាំងនេះ «នឹង​ជំរុញ​បន្ថែម​ទៀត​ដល់​ភាព​តានតឹង​ដែល​កើនឡើង​ស្រាប់​នៅ​មូលដ្ឋាន»៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង