ឯកសារបែកធ្លាយមួយរបស់ក្រសួងសុខាភិបាលថៃ បណ្តាលឲ្យមានការអំពាវនាវដល់បុគ្គលិកពេទ្យដែលត្រូវបានចាក់វ៉ាក់សាំងការពារកូវីដ១៩ Sinovac របស់ចិនរួចហើយ ត្រូវចាក់បន្ថែមវ៉ាក់សាំងកូវីដ១៩ប្រភេទផ្សេងដែលផលិតឡើងតាមប្រព័ន្ធបចេ្ចកវិទ្យា mRNA បន្ទាប់ពីឯកសារនោះបានបញ្ជាក់ថា ចំណាត់ការនេះ អាចធ្វើឲ្យប៉ះពាល់ដល់សេចក្តីទុកចិត្តរបស់សាធារណជនស្តីពីវ៉ាក់សាំងចិនដែលផលិតដោយក្រុមហ៊ុន Sinovac Biotech នោះ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ឯកសារផ្ទៃក្នុងដែលបានលើកឡើងពីជម្រើសជាច្រើនផងដែរនោះ ត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុក និងត្រូវបានបង្ហោះចែករំលែកយ៉ាងព្រោងព្រាតលើបណ្តាញសង្គម។ ឯកសារនោះ ត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul អះអាងថា ជាឯកសារពិតត្រឹមត្រូវ។
ឯកសារបែកធ្លាយនេះ មានភ្ជាប់ជាមួយនឹងការសរសេរបញ្ជាក់ពីមន្ត្រីម្នាក់ដែលមិនប្រាប់ឈ្មោះដែលផ្តល់អនុសាសន៍ដល់អាជ្ញាធរ មិនត្រូវចាក់វ៉ាក់សាំង Pfizer-BioNTech បន្ថែមទៅឲ្យក្រុមមន្ត្រីសុខាភិបាលជួរមុខនោះឡើយ ព្រោះការធ្វើដូចនោះ នឹងជាការទទួលស្គាល់មួយថា វ៉ាក់សាំងចិន Sinovac មិនមានប្រសិទ្ធភាពនោះទេ។
ប្រទេសថៃ បានចាក់វ៉ាក់សាំង Sinovac របស់ចិនដល់បុគ្គលិកសុខាភិបាលរបស់ខ្លួន ដែលការសិក្សាកន្លងមកបានបង្ហាញថា ការចាក់វ៉ាក់សាំងនេះចំនួន២ដូសមានប្រសិទ្ធភាព៩៥% ក្នុងការកាត់បន្ថយការស្លាប់ និងរោគសញ្ញាកូវីដ១៩ ធ្ងន់ធ្ងរ។ ការសិក្សានោះក៏បានបង្ហាញផងដែរថា វ៉ាក់សាំង Sinovac មានប្រសិទ្ធភាពក្នុងចន្លោះពី៧១% ដល់៩១% ក្នុងការបញ្ឈប់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មី Alpha ផងដែរ។
ក្រុមហ៊ុន Sinovac នៅក្នុងប្រទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំបញ្ជាក់ជុំវិញពីប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់ខ្លួននោះទេ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក Anutin និយាយថា ការបញ្ជាក់លើការឲ្យចាក់វ៉ាក់សាំង Pfizer របស់ក្រុមហ៊ុនអាមេរិកនោះ «គ្រាន់តែជាទស្សនៈផ្ទាល់ខ្លួនមួយតែប៉ុណ្ណោះ» ព្រោះប្រទេសថៃ មានក្រុមអ្នកជំនាញមួយដែលដាក់ចេញនូវគោលនយោបាយវ៉ាក់សាំងនេះ។ លោកបន្តថា ការចាក់វ៉ាក់សាំង Sinovac របស់ចិនចំនួន២ដូស គឺមានប្រសិទ្ធភាព និង«ផ្តល់លទ្ធផលហួសពីបទដ្ឋានធម្មតា»៕