ថ្លែងពីស្រុកកំណើតរបស់លោកក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដើម្បីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គមួយទៀតជាជំនួយរបស់ប្រទេសចិន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានព្រលយពាក្យពេជន៍ថា លោកសូវចង់ស្និទ្ធនឹងប្រទេសចិន ដែលផ្ដល់ជំនួយតាមតម្រូវការរបស់រដ្ឋាភិបាលរបស់លោកនិងប្រទេសកម្ពុជាជាជាងជំនួយពីបស្ចិមប្រទេសដែលលោកថា មានបរិមាណតិចតួចតែមានការទេសនាប្រៀនប្រដៅមិនចេះចប់ មិនចេះហើយ។
ការថ្លែងបែបនេះកាលពីសប្ដាហ៍មុនរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជាមិនមែនធ្វើឡើងនៅក្រៅបរិបទរួមនៃខ្សែបន្ទាត់នយោបាយនៃរបបគ្រប់គ្រងរបស់លោកនោះទេ។
ឯកសារដែលមានកម្រាស់៤៦ទំព័រ ក្រោមចំណងជើងថា«កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាងនិងការពារមាតុភូមិ ឆ្នាំ២០១៨-២០២៣» បង្ហាញផងដែរនូវគោលគំនិតគោលនយោបាយការបរទេសរបស់គណបក្សសម្រាប់៥ឆ្នាំទៅមុខ ក្រោយការបោះឆ្នោតរដ្ឋសភាខែកក្កដាខាងមុខ ដែលជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាទំនងជារឿងដែលជៀសមិនផុត ក្រោយពីគូប្រជែងគឺគណបក្សសង្គ្រោះជាតិត្រូវបានរំលាយកាលពីបីខែកន្លងទៅ។
ឯកសារដដែល ដែល VOA ទទួលបានក្នុងសប្ដាហ៍នេះ បានចែងថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានឹងបន្តដាក់ទីតាំងគោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជា ក្នុងពិភពលោកដែលដឹកនាំដោយពហុប៉ូល ដែល«បណ្ដាប្រទេសមហាអំណាចបន្តប្រកួតប្រជែងគ្នាដើម្បីឧត្ដមភាព និងឥទ្ធិពលលើរណសិរ្សនានា ទាំងនយោបាយ សេដ្ឋកិច្ច យោធា បច្ចេកវិទ្យា វិទ្យាសាស្ត្រ វប្បធម៌។ល។»។
គណបក្សប្រជាជនកម្ពុជាបានប្រកាសថា ខ្លួននឹងបន្តការធ្វើកំណែទម្រង់ទិដ្ឋភាពទំនាក់ទំនងការបរទេសពី«នយោបាយការទូតប្រពៃណី» មកជា«នយោបាយការទូតដែលផ្ដល់សារៈសំខាន់ដល់សកម្មភាពសេដ្ឋកិច្ច» ហើយក៏បានបង្ហាញផងដែរអំពីសារៈសំខាន់នៃទំនាក់ទំនងជាមួយប្រទេសចិន។
ឯកសារ ដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្ស មានខ្លឹមសារដើមដូច្នេះថា៖
«បន្តប្រកាន់ខ្ជាប់ "នយោបាយចិនតែមួយ" និងចាត់ទុកការងើបឡើង រីកចម្រើនខ្លាំងក្លារបស់ប្រទេសចិន ជាការរួមចំណែកដល់ការរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ច ក៏ដូចជាការពង្រឹងនូវគ្រឹះសន្តិភាព និងស្ថិរភាពសម្រាប់តំបន់ និងពិភពលោកទាំងមូល»។
ឯកសារដដែលបានបន្តទៀតថា៖
«បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការប៉ុនប៉ងអនុវត្តបដិវត្តន៍ពណ៌របស់មជ្ឈដ្ឋានខាងក្រៅ សំដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ប្រឆាំងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងធ្វើការវាយបកល្បិចកលដ៏ខ្មៅងងឹតរបស់ពួកទាំងនោះ»។
កាលពីខែវិច្ឆិកា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានឈ្នះក្ដីនៅតុលាការកំពូលក្នុងបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិដែលជាក្រុមជំទាស់ធំជាងគេនៅក្នុងប្រទេស ហើយប្រធានគណបក្សគឺលោកកឹម សុខាត្រូវបានដាក់បញ្ចូលក្នុងពន្ធនាគារ ហើយប្រឈមមុខនឹងបទចោទក្នុងសំណុំរឿងរួមគំនិតនឹងបរទេសប៉ុនប៉ងផ្ដួលរំលំរបបដឹកនាំ។
បរទេសដែលត្រូវបានចោទនោះគ្មាននរណាក្រៅតែពីសហរដ្ឋអាមេរិក ដែលជាបន្តបន្ទាប់បានបដិសេធការចោទប្រកាន់ ខណៈដែលទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងភ្នំពេញ និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនបានរអិលធ្លាក់ចុះដល់ចំណុចទាបបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនយោបាយក្រោយសង្គ្រាមរបស់កម្ពុជា។
ផ្ទុយទៅវិញ រដ្ឋាភិបាលទីក្រុងប៉េកាំងបានបន្តតាំងទីយ៉ាងរឹងមាំក្នុងនាមជាសម្ព័ន្ធមិត្តរបស់របបដឹកនាំកម្ពុជា ជាមួយនឹងការថែថួនការពារកម្ពុជាចំពោះការបង្ក្រាបនយោបាយយ៉ាងជ្រាលជ្រៅ។ ប្រទេសចិន ដែលជាម្ចាស់ជំនួយ និងជាប្រភពវិនិយោគពីបរទេសធំបំផុតសម្រាប់ប្រទេសកម្ពុជា ទើបនឹងបានចុះកិច្ចព្រមព្រៀងជាមួយនឹងកម្ពុជាលើគំរោងចំនួន១៩កាលពីខែមករា ដែលមានការប៉ាន់ប្រមាណជាទឹកប្រាក់ប្រមាណរាប់ពាន់លានដុល្លារអាមេរិក។
ខណៈដែលកងទ័ពប្រទេសទាំងពីរគ្រោងនឹងរៀបចំធ្វើលំហាត់ហ្វឹកហ្វឺនយោធារួមគ្នានៅខែមីនាខាងមុខ ប្រទេសចិនក៏នឹងគ្រោងផ្ដល់ឱ្យមកដល់កម្ពុជានូវរថពាសដែកចំនួន១០០គ្រឿងជាជំនួយយោធាផងដែរ។
ការពង្រឹងទំនាក់ទំនងយោធាដ៏ល្អរវាងកម្ពុជា និងចិនដូច្នេះបានធ្វើឡើងភ្លាមៗក្រោយពីប្រទេសមួយនេះប្រកាសបញ្ជប់ការធ្វើសមយុទ្ធយោធារួមគ្នាជាមួយ មហាអំណាចអាមេរិកកាលពីឆ្នាំទៅមិញ។
VOA មិនអាចទាក់ទងអ្នកនាំពាក្យម្នាក់នៃស្ថានទូតចិន ដើម្បីសុំការឆ្លើយតបបានទេ នៅសប្តាហ៍នេះ។
លោកសួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយថា ការប្រើពាក្យពេជន៍ទាក់ទងនឹង«ល្បិចកលដ៏ខ្មៅងងឹត»នោះ មិនបានសំដៅលើប្រទេសណាមួយនោះទេ។ លោកថា ការទទួលស្គាល់អំពីភាពរីកត្រដែតឡើងរបស់ចិនជានិន្នាការសាកល មិនមែនមានតែកម្ពុជានោះដែរ។
«អត់មានសំដៅលើពីណាទេ។ ប្រទេសកម្ពុជាជាប្រទេសអធិបតេយ្យ ប្រទេសឯករាជ្យ អីចឹងប្រទេសណាក៏ដោយ បើគេគោរពយើង យើងគោរពគេវិញ។ ប្រទេសណាគេចង់ធ្វើបាបយើង យើងប៉ះគេវិញទៅ»។
លោក Miguel Chanco អ្នកវិភាគកិច្ចការតំបន់អាស៊ាន របស់អង្គភាពស៊ើបអង្កេតនៃទស្សនាវដ្ដី Economist (EIU) បាននិយាយថា ការបញ្ជាក់នៅក្នុងសៀវភៅគោលនយោបាយរបស់គណបក្សកាន់អំណាចនៅកម្ពុជាគ្រាន់តែជាការបញ្ជាក់សារជាថ្មីម្ដងទៀតអំពីដំណើរងាកទៅរកប្រទេសចិនតែប៉ុណ្ណោះ។
អ្នកជំនាញកិច្ចការតំបន់រូបនេះឯកភាពនឹងលោកសួស យ៉ារ៉ា ដែលថា កម្ពុជាមិនមែនជាប្រទេសតែឯកឯងនោះទេនៅក្នុងតំបន់ដែលបន្តកាច់ចង្កូតនយោបាយការបរទេសតម្រង់ទៅរកប្រទេសចិននោះ។
លោក Chanco បានប្រាប់ VOA តាមសារអេឡិចត្រូនិក ក្នុងន័យដើមទាំងស្រុងថា៖
«ប្រទេសថៃក្រោយរដ្ឋប្រហារឆ្នាំ២០១៤ ប្រទេសម៉ាឡេស៊ីក្រោយរឿងអាស្រូវពុករលួយ1MDBពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រី ប្រទេសមីយ៉ាន់ម៉ាក្នុងបរិបទនៃវិបត្តិរ៉ូហ៊ីងយ៉ា សុទ្ធតែបានចាកឆ្ងាយពីក្រុមបស្ចិមលោក ហើយឱបក្រសោបស្វះស្វែងរកការគាំទ្រពីប្រទេសចិន ដែលគេគិតថា មកសហការជាដោយមានជំនួយឥតចំណង នៅពេលដែលនិយាយដល់ប្រធានរឿងកិច្ចការផ្ទៃក្នុង»។
យ៉ាងណាក្ដី ឯកសារកម្មវិធីគោលនយោបាយដដែលបានបញ្ជាក់ផងដែរអំពីការចូលរួមសហការនឹងបណ្ដាប្រទេសក្នុងតំបន់ក្នុងការកសាងសហគមន៍អាស៊ាន និងលើកទឹកចិត្តឱ្យបន្តធ្វើការជាមួយប្រទេសជិតខាងដើម្បីពង្រឹងការកំណត់ និងបោះបង្គោលព្រំដែន និងបង្គាប់ឱ្យប្រកាន់យកជំហរអព្យាក្រឹត្យលើបញ្ហាអន្តរជាតិនានា៕