លោកស្រី Marine Le Pen បេក្ខជនប្រធានាធិបតីនាំមុខរបស់ប្រទេសបារាំង អាចប្រឈមការជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ហើយនិងការផាកពិន័យជាប្រាក់៧ម៉ឺន៩ពាន់ដុល្លារលើការចុះផ្សាយលើបណ្តាញសង្គម៣ដែលលោកស្រី Le Pen បានធ្វើនៅឆ្នាំ២០១៥ដែលបង្ហាញរូបភាពនៃការសម្លាប់ដ៏ព្រៃផ្សៃរបស់ពួកក្រុមរដ្ឋឥស្លាម។
កាលពីថ្ងៃព្រហស្បតិ៍ សភាសហភាពអឺរ៉ុប បានបោះឆ្នោតដកអភ័យឯកសិទ្ធសភារបស់លោកស្រីដែលជាសមាជិកសភាស្តាំនិយម ដោយសារការចេញផ្សាយរូបភាពហិង្សានេះ។
លោកស្រី Le Pen បានហៅចំណាត់ការនេះថា ជាហេតុផលខាងនយោបាយហើយបាននិយាយទៀតថា ការណ៍នេះមានគោលបំណងធ្វើឲ្យប៉ះពាល់ដល់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោកស្រី។
លោកស្រីបានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងកាលពីថ្ងៃព្រហស្បតិ៍ថា «ខ្ញុំបានបង្ហោះរូបថតព្រៃផ្សៃរបស់ក្រុមរដ្ឋឥស្លាម២ ឬ៣សន្លឹកហើយបាននិយាយថា នេះជាពួកក្រុមរដ្ឋឥស្លាម។ ខ្ញុំប្រកាសប្រឆាំងនឹងភាពព្រៃផ្សៃនេះ។ ហេតុអ្វីស៊ើបអង្កេតខ្ ញុំហើយមិនស៊ើបអង្កេតអ្នកដទៃ? ខ្ញុំជាសមាជិកសភា ហើយខ្ញុំប្រកាសប្រឆាំងក្រុមរដ្ឋឥស្លាមនៅក្នុងតួនាទីរបស់ខ្ញុំជាសមាជិកសភា»។
នៅឆ្នាំ២០១៥ លោកស្រី Le Penបានចុះផ្សាយរូបថតនៅប្រព័ន្ធ Twitter ពីពួកជីហាដបានកាត់ក្បាលលោក James Foley អ្នកកាសែតអាមេរិកាំងបន្ទាប់ពីអ្នកកាសែតរូបនោះបានប្រៀបធៀបគណបក្សរណៈសិរ្សជាតិដែលជាគណបក្សនយោបាយរបស់លោកស្រី Le Pen ទៅនឹងអង្គការភេរវកម្មក្រុមរដ្ឋឥស្លាម៕