សហមេធាវីការពារក្តីអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបន្តការពារកូនក្តីថា ជាអ្នកនយោបាយដែលដើរតាមគោលការណ៍នៃការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក្នុងពេលដែលតុលាការសាលាឧទ្ធរណ៍កំពុងបន្តសវនាការជំនុំជម្រះបណ្តឹងសាទុក្ខរបស់មេដឹកនាំនយោបាយជំទាស់រូបនេះ។
ក្រោយសវនាការនាព្រឹកថ្ងៃព្រហស្បតិ៍នេះ សហមេធាវីការពារក្តីលោក កឹម សុខា មួយរូប គឺលោក ផែង ហេង ប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រៅសាលាឧទ្ធរណ៍ភ្នំពេញថា កូនក្តីគឺជាអ្នកនយោបាយអហិង្សានិយម ពោលគឺមិនមែនជាបុគ្គលដែលមានគំនិតគិតប្រើអំពើហិង្សាដើម្បីដណ្តើមអំណាចនោះទេ។
លោកថ្លែងថា៖ «ការចោទឯកឧត្តមកឹម សុខានេះ គឺមិនមានភាពប្រាកដប្រជាទេ ព្រោះទាំងសម្តី ទាំងការអនុវត្តជាក់ស្តែងរបស់គាត់គឺ តាំងពីមុនបង្កើតសង្គ្រោះជាតិ តាំងពីអាណត្តិទី១មក គឺគាត់តែងតែធ្វើកិច្ចការដោយផ្អែកទៅលើមូលដ្ឋានសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលខ្ញុំនៅចាំ សូម្បីតែនៅសភា ក៏គាត់ជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ហើយមកព្រឹទ្ធសភាដែលគាត់ចូលមកហ៊្វុនស៊ិនប៉ិច ក៏គាត់ជាប្រធានគណៈកម្មការសិទ្ធិមនុស្សក្នុងកូតាហ៊្វុនស៊ិនប៉ិចនៅព្រឹទ្ធសភាដែរ រហូតដល់គាត់បង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្ស»។
បើតាមលោក ផែង ហេង សាលាដំបូងរាជធានីភ្នំពេញបានមើលរំលងពីសមិទ្ធផលការងារ និងពាក្យសម្តី និងរបៀបរបបនៃការធ្វើនយោបាយដោយអហិង្សារបស់លោកកឹម សុខា។ លោកបន្ថែមថា អយ្យការក៏មិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុក និងគាំទ្រដល់ការចោទប្រកាន់លើកូនក្តីរបស់លោកដែរ។
លោកថ្លែងថា៖ «ផ្ទុយទៅវិញ ឯកឧត្តម កឹម សុខា ទាំងសម្តី ទាំងសកម្មភាព ទាំងរូបភាព និង លទ្ធផលការងាររបស់គាត់ គឺបញ្ជាក់ថា គាត់ជាអ្នកអហិង្សា។ គាត់ជាអ្នកនាំប្រជាពលរដ្ឋទៅបោះឆ្នោត ផ្លាស់ប្តូរជាវិជ្ជមាននេះ ក៏គាត់បានពន្យល់នៅក្នុងសុន្ទរកថា គាត់ជាច្រើន ដូច្នេះហើយការដែលប្តឹងមកសាលាឧទ្ធរណ៍នេះគឺយើងនឹងលើកអំពីចំណុចខ្វះខាតក្នុងសាលក្រម ដែលមិនបានគិតគូរដល់ពីភស្តុតាងដោះបន្ទុករបស់ឯកឧត្តម កឹម សុខា»។
ការអត្ថាធិប្បាយរបស់លោក ផែង ហេង អំពីប្រវត្តិនយោបាយរបស់លោក កឹម សុខា កើតឡើង ខណៈក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍បន្តស្តាប់ភស្តុតាងពាក់ព័ន្ធផ្សេងៗក្នុងសំណុំរឿងរបស់លោក កឹម សុខា នៅក្នុងសវនាការលើកទី១១ ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
សហមេធាវីការពារក្តីឱ្យលោក កឹម សុខា មួយរូបទៀត គឺលោក អាង ឧត្តម ប្រាប់អ្នកយកព័ត៌មានថា ក្រុមមេធាវីនឹងជំរុញឱ្យតុលាការសាលាឧទ្ធរណ៍ពិនិត្យលើភស្តុតាងដែលដោះបន្ទុកលោក កឹម សុខា ដោយសារនៅសាលាដំបូងរាជធានីភ្នំពេញ ចៅក្រមពឹងផ្អែកខ្លាំងតែលើរបាយការណ៍របស់នគរបាល។
លោកថ្លែងថា៖ «ចៅក្រមសាលាដំបូងគាត់លើកយកតែចំណុច យកតែភស្តុតាងណាដែលគាត់យល់ថាជាភស្តុតាងមានប្រយោជន៍សម្រាប់ដាក់បន្ទុក ឯភស្តុតាងដែលយើងបានដាក់ជាច្រើន ដូចជាភស្តុតាងផ្ទុយ ភស្តុតាងដោះបន្ទុក តុលាការអត់មានលើកយកមកអះអាងទេ។ អត់មានលើកយកមកអះអាងទេ គឺភាគច្រើនពឹងផ្អែកទៅលើរបាយការណ៍នគរបាល ភាគច្រើនបំផុត។ ដល់គាត់ទាល់ចំណុច ដឹងម៉េច គាត់លើកដូចលោក ផែង ហេង លើកអំបាញ់មិញថា ទាល់ចំណុច ឯកឧត្តមកឹម សុខា ទៅជា... ទង្វើក្បត់ពាក្យសម្តីទៅវិញ ហើយសុទ្ធតែយកលេសអ៊ីចេះ យកលេសអ៊ីចុះរហូត គឺថា គ្មានមូលដ្ឋានច្បាប់។ យើងនឹងតតាំងគ្នាលម្អិតនៅក្នុងសេចក្តីសន្និដ្ឋានរបស់យើងនៅក្នុងពេលចុងបញ្ចប់»។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង បញ្ជាក់ប្រាប់វីអូអេឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ដំណាក់កាលសវនាការលើកទី១១ នេះ «ក្រុមប្រឹក្សាពិនិត្យភស្តុតាងទាំងអស់ទាំងភស្តុតាងដាក់បន្ទុក និងដោះបន្ទុកដើម្បីក្រុមប្រឹក្សាសភាព្រហ្មទណ្ឌយកមកពិចារណា»។
មុននឹងឈានដល់ដំណាក់កាលពិនិត្យភស្តុតាងផ្សេងៗឡើងវិញក្នុងសំណុំរឿងលោក កឹម សុខា នេះសហមេធាវីការពារក្តីលោកកឹម សុខា បានបញ្ជាក់ថា សវនាការបណ្តឹងសាទុក្ខរបស់លោក កឹម សុខា នឹងធ្វើឡើងត្រឹមតែ៩លើកប៉ុណ្ណោះ ប៉ុន្តែសវនាការបានអូសពេលមកដល់លើកទី១១ នៅថ្ងៃទី២០ ខែមិថុនានេះ ហើយសាលាឧទ្ធរណ៍នឹងបើកសវនាការបន្តទៀតនៅថ្ងៃទី៤ ខែកក្កដា ខាងមុខ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលតាមដានសវនាការរបស់លោក កឹម សុខា ថ្លែងថា សវនាការជំនុំជម្រះនៅសាលាឧទ្ធរណ៍អាចនឹងមានរយៈពេលយូរ ព្រោះកាលនៅសាលាដំបូងរាជធានីភ្នំពេញ តុលាការបានបើកសវនាការរហូតដល់ជាង៦០ដង។
លោកថ្លែងថា៖ «បើតាមការកត់សម្គាល់ អានេះវាទៅតាមសាច់រឿងនៃប្រធានក្រុមប្រឹក្សាដែលគាត់ដាក់ថាដោយសារតែរឿងនេះ វាមានច្រើន ហើយកន្លងមក បើយើងគិតនៅក្នុងសាលាដំបូង វារហូតដល់ទៅ៦០ជាងសវនាការ ហើយពេលមកឧទ្ធរណ៍ ទោះបីបង្រួញយ៉ាងណាក៏មិនអាចតិចដែរ តាមការកត់សម្គាល់»។
ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា សំណុំរឿងលោក កឹម សុខា មានជាប់ហេតុផលនយោបាយ ដូច្នេះលោកថា មានតែការស្រុះស្រួលខាងនយោបាយប៉ុណ្ណោះដែលអាចបើកផ្លូវឱ្យអ្នកនយោបាយជំទាស់ចាស់វស្សារូបនេះអាចវិលចូលឆាកនយោបាយសាជាថ្មី។
លោក កឹម សុខា ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬគប់គិត ត្រូវរ៉ូវគ្នាជាមួយបរទេស ដែលស្មើនឹងអំពើក្បត់ជាតិកាលពីឆ្នាំ២០២៣ ហើយតាមការផ្តន្ទាទោសនោះ លោកត្រូវបានដាក់ឱ្យស្ថិតក្រោមការឃុំខ្លួននៅក្នុងផ្ទះរយៈពេល២៧ឆ្នាំ។ អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារូបនេះក៏ត្រូវបានតុលាការដកហូតសិទ្ធិធ្វើនយោបាយទាំងអស់ ហើយលោកក៏មិនត្រូវបានអនុញ្ញាតឱ្យជួបជនបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។ អង្គការសិទ្ធិមនុស្ស និងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនរិះគន់ការផ្តន្ទាទោសនេះ និងស្នើឱ្យកម្ពុជាសា្តរលទ្ធិប្រជាធិបតេយ្យឡើងវិញ៕